ជាតិ
តំបន់សមុទ្របន្តខ្យល់បក់បោកខ្លាំង ឯឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី រតនគិរី ចុះត្រជាក់
19, Nov 2023 , 5:09 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជានឹងរងសម្ពាធខ្ពស់ពីប្រទេសចិនបន្តគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង រយៈពេល៣ថ្ងៃ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅលើផ្ទៃសមុទ្រ បន្តមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ពី ១,០០ ដល់ ១,៥០ម៉ែត្រ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។



តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩វិច្ឆិកានេះ តំបន់វាលទំនាប  មានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៣-៥ ម៉ែត្រក្នុងមួយវិនាទី ចាប់ពីថ្ងៃទី១៩ ដល់២១ ខែវិច្ឆិកា ។ ក្នុងនោះ តំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមាពី ២២-២៤ អង្សាសេ និងអតិបរមាពី ២៨-៣១ អង្សាសេ។  
 
ទន្ទឹមនឹងនោះ តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ១៩-២២ អង្សាសេ និងអតិបរមាពី ២៧-២៩អង្សាសេ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៧-៩ម៉ែត្រក្នុងមួយវិនាទីផងដែរ។ 
 
ជាមួយគ្នានេះ ខេត្តឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី ធាតុអាកាសបន្តត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមា ១៩-២០អង្សាសេ។ ដោយឡែក តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី ២៤-២៦ អង្សាសេ និងអតិបរមាពី ២៨-៣០អង្សាសេ ធ្វើឱ្យខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៤-៦ម៉ែត្រក្នុងមួយវិនាទី។ 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com