ជាតិ
វីដេអូ
សង្គមជាតិ
ពិព័រណ៍សប្ដាហ៍ថាមពលស្អាត មានក្រុមហ៊ុនថាមពលសូឡាយានយន្តអគ្គិសនី និងស្ថាប័នគាំទ្រថាមពលស្អាតចំនួន២០ចូលរួម
19, Nov 2023 , 4:09 pm        
រូបភាព
ភ្នំពេញ៖ អង្គការ EnergyLab កម្ពុជា បានរៀបចំការតាំងពិព័រណ៍សប្ដាហ៍ថាមពលស្អាត ដើម្បីផ្សព្វផ្សាយពីវិស័យថាមពលស្អាត និងលើកកម្ពស់ការយល់ដឹងដល់សាធារណជនពីអត្ថប្រយោជន៍របស់ថាមពលសម្រាប់សន្តិសុខថាមពលនៅកម្ពុជា។ ការតាំងពិព័រណ៍សប្ដាហ៍ថាមពលស្អាតនេះ មានក្រុមហ៊ុនថាមពលសូឡាយានយន្តអគ្គិសនី និងស្ថាប័នគាំទ្រថាមពលស្អាតចំនួន២០ចូលរួមផងដែរ។



សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖


ពិព័រណ៍សប្ដាហ៍ថាមពលស្អាត គឺជាសកម្មភាពមួយផ្នែកនៃកម្មវិធីសប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៣ របស់អង្គការ EnergyLab កម្ពុជា ដែលរៀបចំឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា នៅបរិវេណសួនអឺរ៉ុបក្នុងបុរី ប៉េង ហួត បឹងស្នោរ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៦ល្ងាច។ ពិព័រណ៍សប្ដាហ៍ថាមពលស្អាតរយៈពេលពេញមួយថ្ងៃនេះ អនុញ្ញាតឱ្យពលរដ្ឋចូលរួមបានដោយសេរីដើម្បីស្វែងយល់បន្ថែមពីថាមពលស្អាត ​ភាព​ច្នៃប្រតិដ្ឋ ភាពជោគជ័យ និងអត្ថប្រយោជន៍ប្រកបដោយបរិយាប័ន្ននៃថាមពលស្អាត រួមទាំងមានសកម្មភាពកម្សាន្តផ្សេងទៀតផងដែរ។ 
 
សូមបញ្ជាក់ថា កម្មវិធីសប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៣ ចាប់ផ្ដើមតាំងពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ដែលមានសកម្មភាពជាច្រើនដូចជា ការតាំងពិព័រណ៍ កិច្ចពិភាក្សា សិក្ខាសាលា កម្មវិធីបណ្ដុះគំនិតអាជីវកម្មថាមពលស្អាត និងការរត់ដើម្បីថាមពលស្អាតជាដើម។ កម្មវិធីសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ រៀបចំឡើងដោយ អង្គការ EnergyLab កម្ពុជា ក្នុងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយសហស្ថាបនិក រួមមានរដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងទទួលបានមូលនិធិពីអូស្ត្រាលីតាមរយៈកម្មវិធីភាពជាដៃកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPPED) ក្រសួងការបរទេស និងពាណិជ្ជកម្មនូវែសេឡង់ និងគម្រោងកម្មវិធីផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប តាមរយៈកម្មវិធី SWITCH-Asia និងសាធារណរដ្ឋឆែកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក(CzDA)៕









Tag:
 ពិព័រណ៍សប្ដាហ៍ថាមពលស្អាត
 ថាមពលស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com