កីឡាជាតិ
ជាតិ
លេចធ្លោនៅ Real ជួយ Bellingham ឈ្នះពានកីឡាករវ័យក្មេងល្អបំផុត Golden Boy
19, Nov 2023 , 10:09 pm        
រូបភាព
ខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham បានទទួលពានរង្វាន់ Golden Boy ប្រចាំឆ្នាំ ២០២៣ បន្ទាប់ពីការចាប់ផ្តើមជីវិតដ៏ត្រចះត្រចង់នៅក្លិបថ្មី Real Madrid ។



ក្នុងវ័យ ២០ ឆ្នាំ Bellingham ប្រជែងឈ្នះ Jamal Musiala ខ្សែបម្រើស្លាប Bayern Munich និង Xavi Simons របស់ RB Leipzig ដើម្បីដណ្តើមក្លាយជាកីឡាករអាយុក្រោម២១ឆ្នាំល្អបំផុតលើលោក។
 
ក្រោយផ្លាស់ចេញពី Borussia Dortmund ទៅចូលរួមជាមួយក្រុមយក្សអេស្ប៉ាញ ក្នុងតម្លៃ ១១២លានដុល្លារ Bellingham កំពុងនាំមុខកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅ LaLiga ដោយរកបាន ១០គ្រាប់ ក្នុងការបង្ហាញខ្លួន ១១ប្រកួត និងរកបានបាន ៣ គ្រាប់ទៀត នៅ UEFA Champions League រដូវកាល ២០២៣-២៤នេះ។
 
«ខ្ញុំចង់អរគុណអ្នកគ្រប់គ្នាដែលជាផ្នែកមួយនៃការធ្វើដំណើររបស់ខ្ញុំរហូតមកដល់ពេលនេះ តាំងពី Birmingham, Dortmund និងឥឡូវនេះ Real Madrid ។ អ្វីៗ នឹងមិនអាចទៅរួចឡើយបើគ្មានក្លិបទាំងបីនេះ»។ Bellingham បង្ហាញការដឹងគុណដល់ក្លិបទាំងបីដែលខ្លួនធ្លាប់ប្រកបអាជីព និងប្រកបអាជីពសព្វថ្ងៃ ក្រោយទទួលបានពាន Golden Boy នៅថ្ងៃទី១៧ ខែវិច្ឆិកា។
 
Bellingham ក៏មិនភ្លេចគ្រួសាររបស់គេ ដែលតែងតែផ្តល់ការគាំទ្រ លើកទឹកចិត្ត និងសេចក្តីស្រឡាញ់ ក្នុងដំណើរតស៊ូរហូតសម្រេចបានលទ្ធផលនៅពេលនេះ។ ខ្សែបម្រើអង់គ្លេសរូបនេះ ប្តេជ្ញាប្រឹងប្រែងបន្ត និងជំរុញភាពខ្លាំងរបស់ខ្លួនដើម្បីប្រជែងពានលំដាប់កំពូលផ្សេងៗទៀត។
 
មុនពេល Bellingham ពានរង្វាន់ Golden Boy នេះ ធ្លាប់ត្រូវបានប្រគល់ឱ្យ Wayne Rooney, Lionel Messi, Raheem Sterling, Kylian Mbappe, Erling Haaland, Pedri និង Gavi៕
 

Tag:
 Jude Bellingham
  Golden Boy
© រក្សាសិទ្ធិដោយ thmeythmey.com