សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃផ្ទះនៅចិន​បានធ្លាក់ចុះ ៤ខែជាប់ៗគ្នា
20, Nov 2023 , 8:29 am        
រូបភាព
អតិថិជនមើលការតាំងលំនៅឋានក្នុងពិព័រណ៍អចលនទ្រព្យខេត្តជាំងស៊ូ (ចិន)។ រូបភាព៖ AFP
អតិថិជនមើលការតាំងលំនៅឋានក្នុងពិព័រណ៍អចលនទ្រព្យខេត្តជាំងស៊ូ (ចិន)។ រូបភាព៖ AFP
តម្លៃផ្ទះថ្មីនៅចិនបានធ្លាក់ចុះក្នុងរយៈពេល ៤ខែជាប់ៗគ្នា ជាពិសេសនៅតាមទីក្រុងធំៗដូចជា ប៉េកាំង ស៊ិនជិន គ័ងចូវ ដោយសារ ការដាក់គោលនយោបាយបន្ទាត់ក្រហមទៅលើវិស័យនេះពីសំណាក់រដ្ឋាភិបាល រួមផ្សំតម្រូវការក្នុងស្រុកចុះខ្សោយ។

 
នៅចិន តម្លៃផ្ទះថ្មីក្នុងខែតុលាបានបន្តធ្លាក់ចុះ០,៣ភាគរយធៀបនឹងខែមុន បន្ទាប់ពីបានធ្លាក់ចុះ ០,២ភាគរយនៅក្នុងខែកញ្ញា។ នេះបើតាមការគណនារបស់ Reuters ដោយផ្អែកលើ ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS)។
 
ក្នុងចំណោមទីក្រុងទាំង៧០ ទីក្រុង៥៦បានរាយការណ៍ពីតម្លៃផ្ទះធ្លាក់ចុះកាលពីខែមុន ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលាឆ្នាំ ២០២០។ តម្លៃផ្ទះនៅក្នុងទីក្រុងធំៗចំនួនបីគឺ ប៉េកាំង ស៊ិនជិន និងក័ងចូវសុទ្ធតែធ្លាក់ចុះកាលពីខែមុន។
 
សម្រាប់លំនៅដ្ឋានដែលមានស្រាប់ ទិន្នន័យរបស់ NBS បង្ហាញថា ទីក្រុងចំនួន៦៧មានការធ្លាក់ថ្លៃក្នុងខែតុលា ដែលកើនពី៦៥ទីក្រុងក្នុងខែកញ្ញា។ Ma Hong អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Zhixin Investment Research បានលើកឡើងថា ហេតុផលសំខាន់នៃការធ្លាក់ថ្លៃផ្ទះ ដោយសារតម្រូវការទន់ខ្សោយ។
 
«​អតិថិជន​មិន​ដឹង​ថា​តើ​ផ្ទះ​ដែល​ពួកគេ​ទិញ​នឹង​ត្រូវ​ប្រគល់​ឱ្យ​ទាន់​ពេល​ដូច​ការ​សន្យា​របស់​អ្នក​អភិវឌ្ឍន៍​ឬ​អត់​នោះ​ទេ​»​។ លោក Hong បានប្រាប់ Reuters បែបនេះ ដោយបន្តថា អាផាតមិនប្រហែល ២០លានផ្ទះត្រូវបានលក់ ប៉ុន្តែមិនទាន់សាងសង់ ឬត្រូវពន្យារពេល។ ចំនួននេះគឺស្មើនឹង ២០ដងនៃចំនួនអាផាតមិនមិនទាន់រួចរាល់របស់ក្រុមហ៊ុនអចលទ្រព្យ Country Garden នៅចុងឆ្នាំ ២០២២។
 
វិស័យអចលនទ្រព្យចិនបានធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរចាប់តាំងពីការដាក់គោលនយោបាយ «បន្ទាត់ក្រហមបី» របស់ទីក្រុងប៉េកាំងដែលបានចាប់ផ្តើមដើម្បីកាត់បន្ថយហានិភ័យជាប្រព័ន្ធ ដោយការកំណត់សមត្ថភាពរបស់ក្រុមហ៊ុនអចលនទ្រព្យក្នុងការខ្ចីប្រាក់ថ្មី បានធ្វើឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនត្រូវច្របាច់សាច់ប្រាក់ លុបចោលគម្រោង និងបង្កកគម្រោងជាច្រើន។ 
 
មួយរយៈចុងក្រោយនេះ ទីក្រុងប៉េកាំងបានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ រួមទាំងការបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះ និងកាត់បន្ថយការចំណាយលើការខ្ចីប្រាក់ ប៉ុន្តែអតិថិជននៅតែមានការប្រុងប្រយ័ត្ន។ 
 
លោក Ma Hong បាននិយាយថា ប្រជាជននៅតែមិនប្រាកដប្រជាអំពីកំណើនប្រាក់ចំណូល និងការត្រឡប់មកវិញនៃការវិនិយោគហិរញ្ញវត្ថុក្នុងស្រុកទាប។ ពួកគេស្ទាក់ស្ទើរក្នុងការទិញរបស់របរធំៗដូចជាផ្ទះ។
 
ថ្មីៗនេះ​ ធនាគារកណ្តាលចិនគ្រោងនឹងផ្តល់យ៉ាងហោចណាស់ ១៣៧ពាន់លានដុល្លារក្នុងអត្រាការប្រាក់ទាបសម្រាប់កម្មវិធីអភិវឌ្ឍក្នុងទីក្រុង និងសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ៕ 
 

Tag:
 ចិន
  អចលទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com