កីឡាអន្តរជាតិ
អន្តរជាតិ
WADA ពិន័យ OCA ៥០ម៉ឺនដុល្លារ ដែលឱ្យមានទង់ជាតិកូរ៉េខាងជើង នៅកីឡាអាស៊ី
20, Nov 2023 , 8:59 am        
រូបភាព
ទង់ជាតិកូរ៉េខាងជើង ត្រូវបានបង្ហាញអំឡុងពិធីបើកកីឡាអាស៊ី នៅចិន
ទង់ជាតិកូរ៉េខាងជើង ត្រូវបានបង្ហាញអំឡុងពិធីបើកកីឡាអាស៊ី នៅចិន
ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) ពិន័យក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ចំនួន ៥០ម៉ឺនដុល្លារ ជុំវិញការអនុញ្ញាតឱ្យកូរ៉េខាងជើងបង្ហាញទង់ជាតិរបស់ពួកគេក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ក្រុងហាងចូវ ប្រទេសចិន។ OCA អនុញ្ញាតឱ្យកូរ៉េខាងជើងបង្ហាញទង់ជាតិ ស្របពេលប្រទេសឯកោមួយនេះ កំពុងជាប់បម្រាមករណីមិនគោរពច្បាប់ WADA។



WADA បានហាមមិនឱ្យកូរ៉េខាងជើងបង្ហាញទង់ជាតិផ្លូវការក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗទាំងអស់ ក្រៅពីព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ក្នុងឆ្នាំ ២០២១ ដោយសារប្រទេសនេះ មិនបានអនុវត្តត្រឹមត្រូវ ក្នុងកម្មវិធីធ្វើតេស្តរកសារធាតុហាមឃាត់លើអត្តពលិក។
 
បើទោះស្ថិតក្នុងបម្រាមក្តី ប៉ុន្តែទង់ជាតិកូរ៉េខាងជើងត្រូវបានបង្ហាញពេញមួយព្រឹត្តិការណ៍ កីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នៅចិន ទាំងក្នុងពិធីបើក ក្នុងភូមិកីឡា ក្នុងទីតាំងការប្រកួត និងពិធីបំពាក់មេដាយ។
 
«ច្បាស់ណាស់ ក្នុងអំឡុងកីឡាអាស៊ី ស្ថាប័ន OCA មិនបានចាត់វិធានការអនុវត្តតាមលក្ខខណ្ឌរបស់ WADA ដើម្បីឱ្យកូរ៉េខាងជើងគោរពតាមបម្រាម ដោយទង់ជាតិកូរ៉េខាងជើងត្រូវបានបង្ហាញម្តងហើយម្តងទៀតពេញក្នុងព្រឹត្តិការណ៍ទាំងមូល ...»។ នេះជាការអះអាងរបស់ WADA បើទោះស្ថាប័នប្រឆាំងសារធាតុហាមឃាត់ពិភពលោកមួយនេះ រំលឹកម្តងហើយម្តងទៀត ប៉ុន្តែ OCA បដិសេធមិនធ្វើតាម។
 
កូរ៉េខាងជើងបានចូលរួមប្រកួត កីឡាអាស៊ី​ Asian Games លើកទី១៩ ក្នុងក្រុងហាងចូវ ក្រោយបាត់មុខពីព្រឹត្តិការណ៍កីឡាធំៗតាំងពីឆ្នាំ២០១៨។ វត្តមានរបស់កូរ៉េខាងជើងនេះ ទំនងប្រហែលជាដោយសារ OCA យល់ព្រមល្មើសបម្រាម WADA ជុំវិញការប្រើទង់ជាតិនេះ។ 
 
ដោយឡែក នៅកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ ក្រុងហាងចូវ ប្រទេសចិន កូរ៉េខាងជើងបានប្រកាសដកខ្លួនចេញពីការប្រកួត បន្ទាប់ពីគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី (APC) បានបដិសេធមិនឱ្យកូរ៉េខាងជើងប្រើទង់ជាតិខ្លួនក្នុងព្រឹត្តិការណ៍នេះ៕
 

Tag:
 WADA
  OCA
© រក្សាសិទ្ធិដោយ thmeythmey.com