សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាម៉េរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ដឹក​ប្រេង​រុស្ស៊ីចំនួន ៣
20, Nov 2023 , 2:05 pm        
រូបភាព
នាវាដឹកប្រេង ligovsky prospect ។ រូបភាព ៖ DW
នាវាដឹកប្រេង ligovsky prospect ។ រូបភាព ៖ DW
ក្រសួងរតនាគារអាម៉េរិកនៅថ្ងៃទី១៦ ខែវិច្ឆិកា បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូន និងកប៉ាល់ដឹកប្រេងរបស់រុស្ស៊ី ដែលជួញដូរប្រេងលើសតម្លៃកំណត់របស់ក្រុមប្រទេសអភិវឌ្ឍន៍ទាំង៧ (G7)។

 
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងរតនាគារសហរអាមេរិក ទណ្ឌកម្មត្រូវអនុវត្តទៅលើក្រុមហ៊ុនចំនួន៣ ដែលមានមូលដ្ឋាននៅអេមីរ៉ាតអារ៉ាប់រួមដូចជា Kazan Shipping Incorporated, Progress Shipping Company Limited និង Gallion Navigation Incorporated និងនាវាដឹកប្រេងចំនួន៣ ទៀតដែល​មាន​ឈ្មោះ Kazan, Ligovsky Prospect និង NS Century។
 
មន្ត្រីអាម៉េរិកបានចោទប្រកាន់កប៉ាល់ទាំងនេះ ថាបានចូលរួមក្នុងប្រតិបត្តិការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីជាមួយនឹងតម្លៃលក់លើសពី ៦០ដុល្លារក្នុងមួយបារ៉ែល។ កប៉ាល់​ទាំង​នោះ​ត្រូវដឹង​ថា​ប្រើប្រាស់​សេវាកម្ម​របស់​ជនជាតិ​អាម៉េរិក​ពេល​ដឹក​ជញ្ជូន​ប្រេង​ឆៅ​ពី​រុស្ស៊ី។
 
កាលពីឆ្នាំមុន ក្រុម G7 និងអូស្ត្រាលីបានព្រមព្រៀងគ្នាកាត់បន្ថយតម្លៃលក់ប្រេងរុស្ស៊ីនៅត្រឹម៦០ ដុល្លារក្នុងមួយបារ៉ែល ដើម្បីកំហិតតប្រាក់ចំណូលរបស់រុស្ស៊ីពីការនាំចេញប្រេងឆៅ បន្ទាប់ពីប្រទេសនេះបានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន។
 
ការហាមឃាត់នេះ តម្រូវឱ្យក្រុមហ៊ុនលោកខាងលិចបញ្ឍប់ការផ្តល់ធានារ៉ាប់រង ប្រាក់កម្ចី និងសេវាកម្មដឹកជញ្ជូនប្រេងរបស់រុស្ស៊ីដែលនាំចេញតាមច្រកសមុទ្រ ប្រសិនបើតម្លៃលក់លើសពី ៦០ដុល្លារក្នុងមួយបារ៉ែល។  ទោះការហាមឃាត់នេះនឹងនៅតែជួយឱ្យប្រេងឆៅរបស់រុស្ស៊ីឈានដល់ទីផ្សារ វាក៏បានកំណត់ប្រាក់ចំណូលរបស់ប្រទេសនេះពីការនាំចេញប្រេង។
 
ដ្បិតតែការកំណត់តម្លៃប្រេងនេះបានដំណើរការជិតមួយឆ្នាំហើយក៏ដោយ ប៉ុន្តែតម្លៃប្រេងសកលនៅខ្ពស់នៅឆ្នាំនេះ ហើយចំនួនក្រុមហ៊ុនដឹកជញ្ជូនប្រេងរុស្ស៊ីបានកើនឡើងផងនោះមានន័យថា ប្រេងរុស្ស៊ីភាគច្រើនត្រូវបានជួញដូរលើសពីតម្លៃកំណត់។
 
ក្រោម​ទណ្ឌកម្មនេះ ទ្រព្យសម្បត្តិនៅ​អាម៉េរិក​របស់​ក្រុមហ៊ុន​ខាងលើ​នឹង​ត្រូវ​ជាប់គាំង។ ជនជាតិអាម៉េរិកក៏នឹងត្រូវបានហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការជាមួយអាជីវកម្មទាំងនេះទៀតដែរ។
 
គួរបញ្ជាក់ថា តម្លៃប្រេង Brent នៅឆ្នាំនេះ កើនជិតដល់ ១០០ដុល្លារ ដោយសារតែអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) រឹតបន្តឹងការផ្គត់ផ្គង់។ នេះបានធ្វើឲ្យមានផលប៉ះពាល់ដល់ការកំណត់តម្លៃប្រេង។ យ៉ាងណាមិញ ប្រភពជិតស្និទ្ធនឹង Reuters បាននិយាយថា ប្រទេសនានាអាចរឹតបន្តឹងបទប្បញ្ញត្តិដើម្បីធ្វើឱ្យពិដានតម្លៃកាន់តែមានប្រសិទ្ធភាព។
 
យោងតាមរបាយការណ៍កាលពីដើមសប្តាហ៍មុន ដោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់រុស្ស៊ីបានថយចុះចំនួន ៧០ពាន់បារ៉ែលក្នុងមួយថ្ងៃនៅខែតុលាមកត្រឹម៧,៥លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ។
 
របាយការណ៍នេះបានប៉ាន់ប្រមាណថា ប្រាក់ចំណូលនាំចេញរបស់រុស្ស៊ីបានធ្លាក់ចុះ ២៥លានដុល្លារ ដោយចំណូលសរុបមានត្រឹម១៨,៣៤ពាន់លានដុល្លារ។ ប៉ុន្តែតម្លៃប្រេងឆៅ និងផលិតផលប្រេងរបស់រុស្ស៊ីភាគច្រើននៅតែលក់ចេញក្នុងតម្លៃខ្ពស់ជាងការកំណើត ៦០ដុល្លារក្នុងមួយធុប៉ារ៉ែល៕ 

Tag:
 ប្រេង
  រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com