សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
OPEC+ អាចរឹតបន្តឹងការផ្គត់ផ្គង់ទៀត នៅពេលតម្លៃប្រេងបន្តធ្លាក់ចុះ
20, Nov 2023 , 7:39 pm        
រូបភាព
រូបភាព​ ៖ AFP
រូបភាព​ ៖ AFP
តម្លៃប្រេងឆៅបានធ្លាក់ចុះជិត ២០ភាគរយចាប់តាំងពីខែកញ្ញា បណ្តាលឱ្យប្រទេសផលិតប្រេងសំខាន់ៗពិចារណារឹតបន្តឹងការផ្គត់ផ្គង់បន្ថែមទៀត នៅក្នុងកិច្ចប្រជុំចុងសប្តាហ៍នេះ។

 
កាលពីចុងខែកញ្ញា តម្លៃប្រេង Brent បានកើនជិតដល់៩៨ដុល្លារក្នុងមួយបារ៉ែល។ ប៉ុន្តែតម្លៃ​បច្ចុប្បន្ន​គឺ​ប្រហែល​តែ៧៩ដុល្លារ​ប៉ុណ្ណោះ។ ការព្រួយបារម្ភអំពីតម្រូវការទន់ខ្សោយ និងលទ្ធភាពនៃការផ្គត់ផ្គង់ធ្លាក់ចុះនៅឆ្នាំក្រោយ កំពុងដាក់សម្ពាធលើតម្លៃប្រេង ស្របគ្នានឹងជម្លោះនៅមជ្ឈិមបូព៌ា និងការកាត់បន្ថយផលិតកម្មពីអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+)។
 
ក្រោយពីការកាត់បន្ថយទិន្នផលប្រេងជាបន្តបន្ទាប់នៅចុងឆ្នាំ២០២២ អារ៉ាប៊ីសាអូឌីត រុស្ស៊ី និងសមាជិកដទៃទៀតនៃអង្គការ OPEC+ ប្ដេជ្ញាកាត់បន្ថយការផលិតប្រេងចំនួន៥,១៦លានបារ៉ែលក្នុងមួយថ្ងៃ ដែលស្មើនឹង៥ភាគរយនៃតម្រូវការប្រេងពិភពលោក។ ចំនួននេះរួមមាន៣,៦៦លានបារ៉ែលពីបណ្តាប្រទេស OPEC+ និងការកាត់បន្ថយដោយស្ម័គ្រចិត្តពីអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី។
 
ទីភ្នាក់ងារព័ត៌មាន Reutes បានដកស្រង់ប្រភពពីអង្គការ OPEC+ ថា ការកាត់បន្ថយនាពេលបច្ចុប្បន្នប្រហែលជាមិនគ្រប់គ្រាន់ទេ ហើយក្រុមនេះនឹងរកលទ្ធភាពនៃការកាត់បន្ថយបន្ថែមទៀត។
 
« អង្គការ OPEC+ ទំនងមិនចង់ឃើញទីផ្សារប្រេងប្រែប្រួលនៅមុនកិច្ចប្រជុំបន្ទាប់ឡើយ។ ក្រុមរដ្ឋមន្ត្រីនឹងពិភាក្សាអំពីគោលនយោបាយបន្ថែមទៀត ដើម្បីរក្សាស្ថិរភាពនិន្នាការតម្លៃប្រេង» ។ ប្រភព Reuters បានអះអាងបែបនេះ។ 
 
ក្រុមប្រទេស OPEC+ នឹងមានកិច្ចប្រជុំនៅថ្ងៃទី២៦ ខែវិច្ឆិកា ខណៈដែលផែនការកាត់បន្ថយផលិតកម្មប្រេងបច្ចុប្បន្នរបស់ក្រុមនេះ មានសុពលភាពរហូតដល់ឆ្នាំ២០២៤។
 
បច្ចុប្បន្ន សមាជិក OPEC+ ជាច្រើនចាត់ទុកប្រេងជាប្រភពចំណូលសំខាន់របស់ខ្លួន។ ប្រសិនបើផលិតកម្មប្រេងនៅតែបន្តធ្លាក់ចុះ នោះសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីតទំនងនឹងជួបប្រទះនឹងកំណើនអវិជ្ជមាននៅឆ្នាំនេះ។
 
តម្លៃប្រេងឆៅបានបន្តធ្លាក់ចុះកាលពីសប្តាហ៍មុន បើទោះបីជារបាយការណ៍ប្រចាំខែរបស់ OPEC និយាយថា មូលដ្ឋានគ្រឹះនៃទីផ្សារប្រេងនៅតែរឹងមាំ។ ដូច្នេះអង្គការរក្សាការព្យាករតម្រូវការរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ ឱ្យនៅកម្រិតខ្ពស់ដដែល។
 
ផ្ទុយទៅវិញ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាលពីសប្តាហ៍មុនបានបន្ទាបការព្យាករតម្រូវការប្រេងសម្រាប់ឆ្នាំក្រោយ។ IEA បានព្រមានថា ទីផ្សារទំនងជាត្រូវបានផ្គត់ផ្គង់លើសនៅក្នុងត្រីមាសទី១ឆ្នាំ ២០២៤៕ 

Tag:
 ប្រេង​
  រុស្ស៊ី
  OPEC
© រក្សាសិទ្ធិដោយ thmeythmey.com