សង្គមអន្តរជាតិ
អន្តរជាតិ
WHO ៖ «ភាពឯកា» ជះឥទ្ធិពលអាក្រក់ដល់សុខភាពដូចជក់បារី១៥ដើមក្នុងមួយថ្ងៃ 
រូបភាព ៖ AFP
×![]()
បច្ចុប្បន្នមនុស្សចាស់ម្នាក់ក្នុងចំណោម៤នាក់បានទទួលរងភាពឯកោក្នុងសង្គម ខណៈមនុស្សវ័យជំទង់ពី ៥ភាគរយទៅ១៥ភាគរយកំពុងជួបប្រទះភាពឯកានៅទូទាំងពិភពលោក។ បើតាមអង្គការសុខភាពពិភពលោក (WHO) ភាពឯកាអាចប៉ះពាល់ដល់សុខភាពមនុស្សដូចជក់បារី១៥ដើមក្នុងមួយថ្ងៃ។
កាលពីសប្ដាហ៍មុន អង្គការសុខភាពពិភពលោកបានប្រកាស ភាពឯកកោជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសុខភាពសកលនាពេលបច្ចុប្បន្ន។ កម្រិតនៃភាពឯកាបានកើនឡើងខ្លាំង បន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩ បានបញ្ឈប់សកម្មភាពសេដ្ឋកិច្ច និងសង្គម។
ជុំវិញបញ្ហានេះ WHO ក៏បង្កើតគណៈកម្មាការអន្តរជាតិមួយស្តីពីភាពឯកា ដែលដឹកនាំដោយវេជ្ជបណ្ឌិតអាម៉េរិក Vivek Murthy និងបេសកជនសហភាពយុវជនអាហ្វ្រិក Chido Mpemba។
វេជ្ជបណ្ឌិត Murthy បាននិយាយថាកម្រិតនៃភាពឯកាជ្រុលហួស កំពុងក្លាយជាកង្វល់សុខភាពសាធារណៈសកល ដែលប៉ះពាល់ដល់គ្រប់ផ្នែកនៃសុខភាព សុខុមាលភាព និងការអភិវឌ្ឍន៍។ ភាពឯកោនេះ បានកើតនៅក្នុងសង្គមដោយមិនកំណត់អាយុមនុស្សទេ។ លោកបានបន្តថា ហានិភ័យចំពោះសុខភាព គឺមានស្ថានភាពអាក្រក់ដូចជាការជក់បារីរហូតដល់ ១៥ដើមក្នុងមួយថ្ងៃ ហើយវាបានក្លាយបញ្ហាធំជាងជំងឺធាត់ជ្រុល និងលូតលាស់មិនគ្រប់គ្រាន់នៃរាងកាយ។
ខណៈពេលដែលភាពឯកា ត្រូវបានមើលឃើញថាជាបញ្ហាសម្រាប់ប្រទេសអភិវឌ្ឍ លោក Murthy បានលើកឡើងថា មនុស្សចាស់ម្នាក់ក្នុងចំណោម ៤នាក់បានជួបប្រទះភាពឯកោក្នុងសង្គម ដែលស្រដៀងគ្នានៅគ្រប់តំបន់ទូទាំងពិភពលោក។
នៅក្នុងសេចក្តីប្រកាសរបស់ WHO ចំពោះមនុស្សវ័យចំណាស់ ភាពឯកកោបានបង្កើនហានិភ័យ ៥០ភាគរយឈានទៅវិវត្តជាជំងឺវង្វេង និង៣០ភាគរយអាចធ្វើឲ្យមានជំងឺសរសៃឈាមបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
ទន្ទឹមនេះ មនុស្សវ័យក្មេងចន្លោះពី ៥ភាគរយទៅ១៥ភាគរយនៅទូទាំងពិភពលោកកំពុងជួបប្រទះនូវបញ្ហាឯកា។ នៅទ្វីបអាហ្រ្វិកក្មេងជំទង់ ១២,៧ភាគរយជួបប្រទះភាពឯកកោ បើធៀបនឹង ៥,៣ភាគរយនៅអឺរ៉ុប។
លើសពីនេះ យុវជនដែលជួបប្រទះភាពឯកោនៅសាលា ទំនងជាឈប់រៀននៅសាកលវិទ្យាល័យ។ វាក៏អាចនាំទៅរកលទ្ធផលអវិជ្ជមានដែលធ្វើឲ្យសេដ្ឋកិច្ចអន់ថយ។ ការមានអារម្មណ៍ថា មិនមានទំនាក់ទំនងក្នុងសង្គម និងគ្មានការលើកទឹកចិត្តធ្វើការងារអាចនាំឱ្យការអនុវត្តការងារកាន់តែខ្សោយ៕
Tag:
ពិភពលោក
សុខភាព
ភាពឯកា
© រក្សាសិទ្ធិដោយ thmeythmey.com