អន្តរជាតិ
លោកMarcos Jr. ចោទ ចិនទាមទារដែនទឹកក្នុងសមុទ្រចិនខាងត្បូង កាន់តែខិតទៅឆ្នេររបស់ហ្វីលីពីន
20, Nov 2023 , 5:31 pm        
រូបភាព
លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន។ រូបភាព AFP
លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន។ រូបភាព AFP
ការទាមទារដែនទឹករបស់ចិនក្នុងសមុទ្រចិនខាងត្បូង កាន់តែខិតទៅៗឆ្នេររបស់ហ្វីលីពីនហើយ។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានបញ្ជាក់បែបនេះ នៅថ្ងៃទី២០ ខែវិច្ឆិកា (ម៉ោងនៅហ្វីលីពីន)។ បើតាមលោកប្រធានាធិបតី មូលដ្ឋានយោធា ដែលចិនគ្រប់គ្រងក្នុងសមុទ្រចិនខាងត្បូង គឺមានចម្ងាយ១១១,១២គីឡូម៉ែត្រប៉ុណ្ណោះ ពីឆ្នេររបស់ហ្វីលីពីន។

 
បន្ទាប់ពីជំនួបជាមួយនាយឧត្តមនាវី John Aquilino ប្រមុខបញ្ជាការដ្ឋានយោធាអាម៉េរិកប្រចាំនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន បានលើកឡើងពីសកម្មភាពរបស់ចិន ក្នុងសមុទ្រចិនខាងត្បូង ដែលកាន់តែកៀកមកឆ្នេររបស់ហ្វីលីពីន។ ការបង្ហាញព័ត៌មានបែបនេះ ធ្វើឡើងក្រោយលោក John Aquilino បានប្រាប់មេដឹកនាំហ្វីលីពីនពីការកសាងមូលដ្ឋានយោធារបស់ចិនក្នុងតំបន់សមុទ្រនោះ។ 
 
«តំបន់ថ្មប៉ប្រះទឹក ដែលកងទ័ពចិនចាប់អារម្មណ៍ និងប្រើប្រាស់តំបន់ទាំងនោះជាមូលដ្ឋានយោធា កាន់តែខិតទៅៗឆ្នេររបស់ហ្វីលីពីន»។​ លោកប្រធានាធិបតី បានថ្លែងបែបនេះនៅក្នុងវិទ្យាស្ថានសិក្សាសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក Daniel K. Inouye ក្នុងថ្ងៃទី២០ ខែវិច្ឆិកា។ មេដឹកនាំរូបនេះ បានបន្តថា មូលដ្ឋានយោធាចិនមួយ ដែលស្ថិតនៅជិតបំផុត គឺមានចម្ងាយត្រឹមតែប្រមាណ ១១១,១២គីឡូម៉ែត្រប៉ុណ្ណោះ ពីឆ្នេររបស់ហ្វីលីពីន។ 
 
ទន្ទឹមនេះ លោក Marcos Jr. បានយល់ឃើញថា ស្ថានភាពក្នុងសមុទ្រចិនខាងត្បូង នៅពេលបច្ចុប្បន្ន គឺមានភាពអាក្រក់ខ្លាំង ជាពីមុនទៅទៀត។ ត្រង់ចំណុចនេះ លោកប្រធានាធិបតី បានបន្ថែមថា ហ្វីលីពីន ចង់អភិវឌ្ឍភាពជាដៃគូជាមួយប្រទេសជិតខាង និងប្រទេសមានគំនិតដូចគ្នាទាំងអស់ ក៏ដូចជារដ្ឋ ដែលគោរពច្បាប់អន្តរជាតិ។ 
 
ក្នុងជំនួបជាមួយសមភាគីចិន លោក ស៊ី ជិនភីង នៅក្នុងថ្ងៃទី១៧ ខែវិច្ឆិកា មេដឹកនាំហ្វីលីពីន បានបញ្ជាក់ថា ភាគីទាំងពីរ បានស្វែងរកវិធីសាស្រ្តក្នុងការកាត់បន្ថយភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង។ លោក Marcos Jr. ក៏បានបង្ហាញពីក្តីបារម្ភលើឧបទ្ទវហេតុរវាងកម្លាំងល្បាតចិន និងកម្លាំងហ្វីលីពីន នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។ 
 
កន្លងមក ចិន បានទាមទារដែនទឹកក្នុងសមុទ្រចិនខាងត្បូងស្ទើរតែ ៩០ភាគរយ ដែលបង្កឱ្យមានជម្លោះជាមួយបណ្តាប្រទេសអាស៊ានដូចជា វៀតណាម,​ ហ្វីលីពីន, ព្រុយណា និងម៉ាឡេស៊ីជាដើម។ 
 
ពីវិទ្យាស្ថានដដែល លោកប្រធានាធិបតី ក៏បានបញ្ជាក់ផងដែរថា អាម៉េរិក ជាដៃគូសិទ្ធិសញ្ញាការពារគ្នាទៅវិញទៅមកតែមួយគត់ ស្របពេលហ្វីលីពីន កំពុងមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ លើសពីនេះ លោក Marcos Jr. បានប្តេជ្ញាការពារទឹកដីរបស់ខ្លួន មិនឱ្យបាត់សូម្បីតែមួយអ៊ីញឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Inquirer៕ 

Tag:
 ចិន
 ​ សមុទ្រចិនខាងត្បូង
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com