កីឡាអន្តរជាតិ
អន្តរជាតិ
លោក ស៊ី ជីនភីង ថា គុណភាពក្រុមចិនមិនច្បាស់លាស់ ទោះឈ្នះការប្រកួតជម្រុះ World Cup 
×![]()
លោក ស៊ី ជីងភីង ប្រធានាធិបតីចិន បាននិយាយថាគុណភាពរបស់ក្រុមជម្រើសជាតិចិន មិនទាន់មានភាពច្បាស់លាស់ខ្លាំងនៅឡើយ បើទោះជាការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup 2026 តំបន់អាស៊ី កន្លងមក បានយកឈ្នះលើថៃ ក្តី។
តាមរយៈវីដេអូអំពីកិច្ចសន្ទនាក្រៅផ្លូវការរវាងលោក ស៊ី ជីនភីង និងនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន ដែលបានផ្សាយរបស់គណនីរដ្ឋាភិបាលថៃ នៅលើបណ្តាញសង្គម X អតីត Twitter បង្ហាញអំពីសម្តីដែលលោក ស៊ី ជីនភីង ជជែកអំពីការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិចិន យកឈ្នះលើក្រុមថៃ។
ក្រោយពេលឮដំណឹងអំពីក្រុមចិន យកឈ្នះលើថៃ លទ្ធផល ២-១ លោក ស៊ី បានចាត់ទុកថាក្រុមចិន ប្រកួតឈ្នះលាយឡំជាមួយនឹងសំណាង ខណៈលោកបានអះអាងថា គុណភាពក្រុមចិន បច្ចុប្បន្នគឺមានកម្រិតមិនច្បាស់លាស់។
«ខ្ញុំគិតថាមានសំណាងច្រើនចូលរួម ព្រោះឥឡូវនេះអំពីក្រុមជម្រើសជាតិយើង ខ្ញុំមិនប្រាកដពីកម្រិតរបស់ពួកគេនោះទេ។ កម្រិតពួកគេតែងមានឡើងមានចុះ។»។ លោក ស៊ី ជីនភីន បាននិយាយបែបនេះក្នុងកិច្ចសន្ទនាជាមួយនឹងលោក ថាវីស៊ីន មុនកិច្ចប្រជុំរបស់មេដឹកនាំ APEC នៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ។
ទាក់ទងនឹងវិស័យបាល់ទាត់ លោកប្រធានាធិបតីចិន ធ្លាប់បានពណ៌នាថា លោក ជាអ្នកគាំទ្របាល់ទាត់ដ៏ខ្លាំងមួយរូប ហើយលោកក៏មានក្តីសុបិនចង់ឱ្យប្រទេចិន ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក World Cup នៅថ្ងៃណាមួយ។ មានត្រឹមតែក្តីស្រម៉ៃ ប៉ុន្តែមហិច្ឆតាក្នុងការអភិវឌ្ឈក្រុមបុរសចិន ឱ្យក្លាយជាក្រុមដ៏ខ្លាំងមួយនៅក្នុងបាល់ទាត់ពិភពលោក គឺនៅមិនទាន់បានសម្រេចឡើយ។
កាលពីខែកញ្ញា ម្ចាស់ផ្ទះចិនបានចាញ់ក្រុមស៊ីរី ១-០ ក្នុងការប្រកួតមិត្តភាពនៅក្នុងទឹកដីចិន ។ ចាញ់ការប្រកួតនេះ បានធ្វើឱ្យក្រុមអ្នកគាំទ្រខកចិត្តខ្លាំង ក៏ដូចជារិះគន់ខ្លាំងនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយ។
ដោយឡែកសម្រាប់ក្រុមចិន បច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងពូល C ដ៏ខ្លាំងមួយ សម្រាប់ការប្រកួតជម្រុះតំបន់អាស៊ី ។ ក្នុងពូលជាមួយគ្នានេះមានក្រុមខ្លាំង កូរ៉េខាងត្បូង ដែលឈរនៅកំពូលតារាង ក្រោយយកឈ្នះការប្រកួតលើក្រុមសិង្ហបុរីលទ្ធផល ៥-០ កន្លងមក។ យកឈ្នះលើថៃ ធ្វើឱ្យចិនឡើងឈរលេខ ២ ហើយថៃនៅចំណាត់ថ្នាក់លេខ ៣ បណ្ដោះអាសន្ន៕
Tag:
ស៊ី ជីនភីង
ចិន
World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com