អន្តរជាតិ
អាមេរិក​និង​ចិន​ឯកភាព​គ្នា​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ការ​បង្ក្រាប​លើ​ថ្នាំ​ញៀន​ហ្វេនតានីល
21, Nov 2023 , 8:29 am        
រូបភាព
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping មុនជួបពិភាក្សាគ្នាក្នុងអំឡុង​កិច្ចប្រជុំ​កំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក (APEC) នៅក្រុង Woodside រដ្ឋ California កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping មុនជួបពិភាក្សាគ្នាក្នុងអំឡុង​កិច្ចប្រជុំ​កំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក (APEC) នៅក្រុង Woodside រដ្ឋ California កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ដោយ: VOA
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ឯកភាព​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​ចិន​នឹង​បង្ក្រាប​លើ​ក្រុមហ៊ុន​នានា​នៅ​ក្នុង​ប្រទេស​ចិន​ដែល​ផលិត​សារធាតុ​គីមី​សម្រាប់​ថ្នាំ​ញៀន​ហ្វេនតានីល (Fentanyl) ដែល​នេះ​ជា​ការ​ព្រមព្រៀង​មួយ​ដែល​លោក Biden ថា​នឹង «ជួយ​សង្គ្រោះ​ជីវិត​មនុស្ស»។



ជា​ការ​តបស្នង​ទៅ​វិញ រដ្ឋបាល​របស់​លោក Biden បាន​យល់ព្រម​ដក​ចេញ​នូវ​ទណ្ឌកម្ម​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ដាក់​លើ​មជ្ឈមណ្ឌល​កំណត់​ភ័ស្តុតាង​រូបវ័ន្ត​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​និង​មន្ទីរពិសោធន៍​ជាតិ​ថ្នាំ​ញៀន​របស់​ប្រទេស​ចិន។
 
កាលពី​ខែ​ឧសភា​ឆ្នាំ ២០២០ ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ទីរ​ពិសោធន៍​ជាតិ​ថ្នាំ​ញៀន​របស់​ចិន​សម្រាប់​ការ​ពាក់ព័ន្ធ​របស់​ក្រសួង​នេះ​នៅ​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​ជាតិ​សាសន៍​អ៊ុយហ្គ័រ (Uyghur) និង​ជាតិ​សាសន៍​ភាគ​តិច​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ Xinjiang នៃ​ប្រទេស​ចិន។
 
ប្រទេស​ចិន ដែល​ជា​ប្រភព​នៃ​សារធាតុ​ដើម​របស់​ថ្នាំ​ញៀន​ហ្វេនតានីល​ដែល​ប្រើ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​អះអាង​ថា ការ​គ្រប់គ្រង​ការ​នាំចេញ​របស់​សហរដ្ឋ​អាមេរិក «បាន​ប៉ះពាល់​ធ្ងន់ធ្ងរ» ដល់​ការ​ត្រួត​ពិនិត្យ​និង​ការ​ធ្វើ​តេស្ត​លើ​សារធាតុ​ដែល​ពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន​ហ្វេនតានីល និង​បង្អាក់​ដល់ «ឆន្ទៈ​ល្អ» របស់​ខ្លួន «នៅ​ក្នុង​ការ​ជួយ​សហរដ្ឋ​អាមេរិក​គ្រប់គ្រង​ថ្នាំ​ញៀន»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com