ភ្នំពេញ៖ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣ បានរកឃើញម្ចាស់ជយលាភីទាំង១០រូបហើយ។ ជយលាភីប្រលោមលោកខ្លីលេខ១ បានទៅលើរឿង “ព្រលឹងគុហនគរ”។ ចំណែកជយលាភីលេខ១ ផ្នែកកំណាព្យរឿងវិញ បានទៅលើរឿង “វណ្ណៈស្នេហ៍ប្រែពណ៌”។
លោក ចំរើន សុភ័ក្រ្ត មកពីខេត្តកំពត ម្ចាស់កំណាព្យរឿង“វណ្ណៈស្នេហ៍ប្រែពណ៌” ដែលទទួលបានពានមាស
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ពិធីប្រកាសនិងប្រគល់ពានរង្វាន់ ព្រះនាងឥន្ទ្រទេវី បានធ្វើឡើងនៅសាលអង្គរ ក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ផ្នែកប្រលោមលោកខ្លី ជយលាភីលេខ១ ពានមាស បានទៅលើរឿង “ព្រលឹងគុហនគរ” និពន្ធដោយលោក ផាត ភឿក មកពីខេត្តកំពង់ចាម។ ជយលាភីលេខ២ ពានប្រាក់ បានទៅលើរឿង “រចនា” និពន្ធដោយអ្នកស្រី ធា សុភី មកពីរាជធានីភ្នំពេញ។ ជយលាភីលេខ៣ ពានសំរឹទ្ធ បានទៅលើរឿង “រាជិនីល្បុក្កតោ” និពន្ធដោយលោក វង្ស សុភាជ មកពីខេត្តព្រៃវែង។ ជយលាភីលេខ៤ បានទៅលើរឿង “ភ្លើងឆេះរោងរបាំ” និពន្ធដោយលោក ចាន់ ថាភារុន មកពីខេត្តកំពង់ចាម។ និងជយលាភីលេខ៥ បានទៅលើរឿង “មេ” និពន្ធដោយកញ្ញា ជា សុលីនី មកពីរាជធានីភ្នំពេញ។
លោក ផាត ភឿក ម្ចាស់រឿង “ព្រលឹងគុហនគរ” ជយលាភីលេខ១ ផ្នែកប្រលោមលោកខ្លី មកពីខេត្តកំពង់ចាម
ចំណែកផ្នែកកំណាព្យរឿងវិញ ជយលាភីលេខ១ ពានមាស បានទៅលើកំណាព្យរឿង “វណ្ណៈស្នេហ៍ប្រែពណ៌” និពន្ធដោយលោក ចំរើន សុភ័ក្រ្ត មកពីខេត្តកំពត។ ជយលាភីលេខ២ ពានប្រាក់ បានទៅលើកំណាព្យរឿង “រំដួលវតី” និពន្ធដោយលោក សុវណ្ណ សិរីវុឌ្ឍ មកពីរាជធានីភ្នំពេញ។ ជយលាភីលេខ៣ ពានសំរឹទ្ធ បានទៅលើកំណាព្យរឿង “សម្បាច់នារី” និពន្ធដោយលោក ទៀង ធន មកពីខេត្តព្រៃវែង។ ជយលាភីលេខ៤ បានទៅលើកំណាព្យរឿង “វិមានម៉ារ៉ានី” និពន្ធដោយលោក ស៊ឹម គឹមសាត មកពីខេត្តត្បូងឃ្មុំ។ និងជយលាភីលេខ៥ បានទៅលើកំណាព្យរឿង “មាសទឹកដប់” និពន្ធដោយកញ្ញា កាន ស្រីនីត មកពីខេត្តព្រៃវែង។
ជយលាភីផ្នែកកំណាព្យរឿង
ក្រៅពីជយលាភីទាំង១០រូបខាងលើ ក៏មានការផ្ដល់បណ្ណកិត្តិយស ដល់បេក្ខជន បេក្ខនារីចំនួន៥រូបបន្ថែមទៀត ផ្នែកប្រលោមលោកខ្លី និង៥រូបផ្នែកកំណាព្យរឿង។
តាមការវាយតម្លៃជារួម របស់គណៈកម្មការដាក់ពិន្ទុ ស្នាដៃរបស់បេក្ខជន បេក្ខនារី ដែលបានដាក់ចូលរួមប្រកួត ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ក្នុងឆ្នាំ២០២៣នេះ មានភាពល្អប្រសើរច្រើនជាងឆ្នាំមុនៗ។ ពិសេសជយលាភីលេខ១ឆ្នាំនេះ រឿងមានគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយ ធ្វើឱ្យគណៈកម្មការងាយស្រួយវាយតម្លៃ និងដាក់ពិន្ទុ។
ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២៣ មានអ្នកដាក់ស្នាដៃសរុបចំនួន ១១៤ស្នាដៃ ក្នុងនោះផ្នែកប្រលោមលោកខ្លី មានចំនួន៨៦ស្នាដៃ និងកំណាព្យរឿងមាន ២៨ស្នាដៃ។ ក្នុងចំណោមស្នាដៃទាំងអស់ ស្ត្រីចូលរួមចំនួន៤៨ស្នាដៃ។ អ្នកនិពន្ធរៀមច្បង ចូលរួមប្រកួតប្រជែងមាន៤០ភាគរយ និងអ្នកនិពន្ធជំនាន់ថ្មី មានចំនួន៦០ភាគរយ ដែលមកពីរាជធានីខេត្តចំនួន១៩ និងមកពីបរទេសចំនួន២ស្នាដៃ។
ម្ចាស់ជយលាភីផ្សេងៗ ថតរូបអនុស្សាវរីយ៍
សូមបញ្ជាក់ថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំទី២៣ នៃការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោក និងកំណាព្យរឿង ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាឆ្នាំទី៩ នៃការប្រគល់ពានរង្វាន់អក្សរសិល្ប៍ឥន្ទ្រទេវី។
ពានព្រះនាងឥន្ទ្រទេវី ជាពាន១ មានវ័យចំណាស់ជាងគេ គឺចាប់បដិសន្ធិឡើង តាំងពីឆ្នាំ១៩៦០ (ក្នុងសម័យសង្គមរាស្ត្រនិយម ដែលបានរៀបចំប្រឡងស្នាដៃនិពន្ធ ចំនួន៣លើក កាលពេលនោះ រៀបចំដោយសមាគមអ្នកនិពន្ធខ្មែរ។ និងសម័យព្រះរាជាណាចក្រកម្ពុជា ប្រឡងបាន៦លើក គិតត្រឹមឆ្នាំ២០២៣នេះ។
ក្រៅពីពានរង្វាន់ព្រះនាងឥន្ទ្រទេវី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំប្រឡងស្នាដៃ តែងនិពន្ធពានរង្វាន់ចំនួន១៧ផ្សេងទៀត ដូចជា ពានព្រះបាទសុរាម្រឹត ឆ្នាំ២០០០។ ពានព្រះនាងឥន្ទ្រទេវី ឆ្នាំ២០០២។ ពានសម្ដេច ហ៊ុន សែន ឆ្នាំ២០០៣។ ពានព្រះរាជសម្ភារ ឆ្នាំ២០០៤-២០០៥។
ពិធីប្រកាសនិងប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី
ពានព្រះបាទអង្គដួង ឆ្នាំ២០០៦។ ពានឧកញ៉ាសុត្តន្តប្រីជាឥន្ទ ឆ្នាំ២០០៧។ ពានសម្ដេចព្រះសង្ឃរាជ ជួន ណាត ឆ្នាំ២០០៨។ ពានឧកញ៉ាវិបុលរាជ នូ កន ឆ្នាំ២០០៩។ ពានព្រះមុនីកោសល សូរ ហាយ ឆ្នាំ២០១០។ ពានព្រះបទុមត្ថេរ សោម ឆ្នាំ២០១១។
ពាននាយិកា សិទ្ធ ឆ្នាំ២០១២។ ពានសាស្ត្រាចារ្យ រឹម គិន ឆ្នាំ២០១៣។ ពានលោក ហេង យ៉ាន់ ឆ្នាំ២០១៤។ ពានលោក ហែល ស៊ុំផា ឆ្នាំ២០១៥។ ពានលោក បាន តេង ឆ្នាំ២០១៦។ ពានលោក ហង្ស ធន់ហាក់ ឆ្នាំ២០១៧។ ពានលោក លី ធាមតេង ឆ្នាំ២០១៨។ និងចាប់តាំងពីឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន គឺពានរង្វាន់ព្រះនាងឥន្ទ្រទេវីទាំងអស់៕