អន្តរជាតិ
ឡាវ បង្កើនប្រភពផលិតថាមពល ដើម្បីបំពេញមហិច្ឆតាជាប្រភពផ្គត់ផ្គង់អគ្គិសនីនៅអាស៊ីអាគ្នេយ៍
21, Nov 2023 , 10:03 am        
រូបភាព
រោងចក្រថាមពលអគ្គិសនី Hongsa នៅឡាវ ។ រូបភាព ៖ LinkedIn/Hongsa Power Company Limited
រោងចក្រថាមពលអគ្គិសនី Hongsa នៅឡាវ ។ រូបភាព ៖ LinkedIn/Hongsa Power Company Limited
បច្ចុប្បន្ន ឡាវមានប្រភពផលិតថាមពលអគ្គិសនីចំនួន៩៤ទីតាំងដែលមានសមត្ថភាពផ្ដល់ថាមពលសរុបជាង ១១,៦ជីហ្កាវ៉ាត់។ ពេលនេះ ឡាវក៏ចាប់ផ្ដើមគម្រោងថាមពលខ្យល់មូសុងដែលកំពុងចាប់ផ្តើមសាងសង់នៅភាគខាងត្បូង ដែលនឹងក្លាយជារោងចក្រថាមពលខ្យល់ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ។

 
ឡាវកំពុងខិតខំប្រឹងប្រែងបង្កើនការនាំចេញថាមពលអគ្គិសនីទៅកាន់ប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជំរុញការអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញ ដោយក្តីសង្ឃឹមនឹងក្លាយជាប្រភពបម្រុងការផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់នាពេលអនាគត។
 
ជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលឡាវបានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍប្រភពថាមពល និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ។ ទិន្នន័យពីក្រសួងថាមពល និងរ៉ែឡាវបង្ហាញថា បច្ចុប្បន្នប្រទេសនេះមានទីតាំងផលិតថាមពលអគ្គិសនីចំនួន៩៤ ដែលមានសមត្ថភាពជាង ១១,៦ជីហ្កាវ៉ាត់ (GW) ក្នុងនោះ ៨១រោងចក្រជាវារីអគ្គិសនី និងនៅសេសសល់ជារោងចក្រដើរដោយថាមពលធ្យូងថ្ម ថាមពលពន្លឺព្រះអាទិត្យ ថាមពលកម្តៅជីវម៉ាស។ 
 
នៅឆ្នាំ២០២២ ការនាំចេញអគ្គិសនីឡាវទទួលបានប្រាក់ចំណូលជាង ២,៣ពាន់លានដុល្លារ ខណៈប្រទេសនេះចំណាយត្រឹមតែជាង ៤០លានដុល្លារប៉ុណ្ណោះសម្រាប់ការនាំចូលអគ្គិសនី។
 
បើតាមក្រសួងថាមពល និងរ៉ែឡាវ បច្ចុប្បន្នប្រទេសនេះកំពុងនាំចេញអគ្គិសនីទៅកាន់ប្រទេសចំនួន៦ រួមមានថៃ ចិន មីយ៉ាន់ម៉ា វៀតណាម កម្ពុជា និងសិង្ហបុរី។ 
 
នាពេលខាងមុខ ឡាវនឹងបន្តការចរចាដើម្បីបង្កើនការនាំចេញថាមពលអគ្គិសនី ព្រមទាំងជ្រើសរើសការអភិវឌ្ឍប្រភពថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់ គុណភាពល្អ ការវិនិយោគទាប ដើម្បីស្របតាមនិន្នាការបច្ចុប្បន្ន។ ក្នុងនោះ វារីអគ្គិសនីមានចំណែកដល់ទៅ៧០ភាគរយនៃការផលិតអគ្គិសនីសរុប ហើយប្រទេសនេះមានគម្រោងថាមពលខ្យល់នៅលើគោកប្រហែល១០ ដែលមានសមត្ថភាពដំឡើងសរុប ៣,៦ជីហ្គាវ៉ាត់ (GW) តែនៅក្នុងដំណាក់កាលធ្វើផែនការនៅឡើយ។
 
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឡាវបានដំឡើងតួប៊ីនទី១ នៃគម្រោងថាមពលខ្យល់មូសុងដែលមានកម្លាំង៦០០មេហ្កាវ៉ាត់នៅស្រុក Dakcheung ខេត្ត Xekong ជាប់នឹងវៀតណាម។
 
គម្រោងថាមពលខ្យល់មូសុងនេះ នឹងក្លាយជារោងចក្រថាមពលខ្យល់ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន ជាមួយនឹងតួប៊ីនខ្យល់ចំនួន១៣៣ដើម ដែលមានតម្លៃវិនិយោគប្រហែល ៩០០លានដុល្លារ។
 
គម្រោងនេះមិនត្រឹមតែជាផ្នែកនៃផែនការអភិវឌ្ឍថាមពលស្អាត ដើម្បីការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី រួមចំណែកធានាសន្តិសុខថាមពល និងបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើដល់ការនាំចេញ និងឆាប់សម្រេចគោលដៅក្លាយជាប្រភពបម្រុងថាមពលសម្រាប់អាស៊ីអាគ្នេយ៍៕ 

Tag:
 ថាមពលអគ្គិសនី
  ឡាវ
  ធ្យូងថ្ម
© រក្សាសិទ្ធិដោយ thmeythmey.com