សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌារំពឹងបន្តហាមឃាត់ការនាំចេញអង្កររហូតដល់ឆ្នាំ២០២៤
21, Nov 2023 , 10:34 am        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
ឥណ្ឌារំពឹងបន្តហាមឃាត់ការនាំចេញអង្ករទៅក្រៅប្រទេសរហូតដល់ឆ្នាំក្រោយ។ ​វិធានការ​ទាំង​នេះ​នឹង​បន្ត​ក្រោយ​ការ​បោះ​ឆ្នោតឆ្នាំ២០២៤ ​ប្រសិន​បើ​តម្លៃ​អង្ករ​ក្នុង​ស្រុក​បន្ត​ឡើង​ថ្លៃ។

 
ឥណ្ឌាដែលជាប្រទេសនាំចេញអង្ករកំពូលរបស់ពិភពលោក គ្រោងនឹងបន្តការរឹតបន្តឹងការនាំចេញអង្ករនៅឆ្នាំ២០២៤ ។ ចំណាត់នេះ ទំនងអាចធ្វើឲ្យតម្លៃអង្ករឡើងទៅកម្រិតខ្ពស់បំផុតចាប់តាំងពីវិបត្តិស្បៀងអាហារឆ្នាំ ២០០៨។
 
តម្លៃទាប និងការស្តុកទុកច្រើនបានជួយឥណ្ឌាឱ្យក្លាយជាប្រទេសនាំចេញធំមួយក្នុងពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ នៅឆ្នាំ២០២៣ អង្ករឥណ្ឌាមានចំណែក៤០ភាគរយនៃការនាំចេញសរុបលើពិភពលោក។ ប្រទេសអាហ្វ្រិកដូចជាបេណាំង និងសេណេហ្កាល់ ជាអ្នកទិញអង្ករធំជាងគេពីឥណ្ឌា។
 
យ៉ាងណាមិញ ឥណ្ឌាសម្រេចបានរឹតបន្តឹងម្តងហើយម្តងទៀតលើការនាំចេញ ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃអង្ករក្នុងស្រុក និងការពារអ្នកប្រើប្រាស់ ស្របពេលតម្លៃអង្ករក្នុងស្រុកឡើងថ្លៃ។
 
ប្រមុខសេដ្ឋវិទូទទួលបន្ទុកឥណ្ឌា និងអាស៊ី នៅក្រុមហ៊ុន Nomura Holdings Inc. លោកស្រី Sonal Varma បានប្រាប់កាសែត The Economic Times ថា ដរាបណាតម្លៃអង្ករក្នុងស្រុកនៅតែប្រឈមមុខកើនឡើង ការរឹតបន្តឹងការនាំចេញអង្ករទំនងជានឹងបន្តរក្សាដដែល។ ក្រោយ​ការ​បោះ​ឆ្នោត​ បើ​តម្លៃ​អង្ករ​ក្នុង​ស្រុក​មិន​មាន​ស្ថិរភាព វិធានការ​ទាំង​នោះ​អាច​ត្រូវ​បាន​ពង្រីក​បន្ថែម​ទៀត។
 
កាលពីចុងខែកក្កដា ឥណ្ឌា​បាន​ដាក់​ពន្ធ​នាំ​ចេញ និងកំណត់​តម្លៃ​អប្បបរមា ហើយ​បាន​ហាមប្រាម​ការ​នាំ​ចេញលើកលែងតែប្រភេទ Basmati ដែលអង្ករពេញនិយមនៅអាស៊ីខាងត្បូង។ ការណ៍នេះបានធ្វើឲ្យតម្លៃអង្ករបានកើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ឆ្នាំ កាលពីខែសីហា ឆ្នាំនេះ។ យោងតាមអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) តម្លៃអង្ករក្នុងខែតុលា ឆ្នាំ២០២៣ នៅតែខ្ពស់ជាងឆ្នាំមុន២៤ភាគរយ។
 
ប្រធានសមាគមអ្នកនាំចេញអង្ករឥណ្ឌា លោក BV Krishna Rao និយាយថា រដ្ឋាភិបាលរបស់លោក​ ម៉ូឌី ចង់ធានាឱ្យមានការផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់ និងកាត់បន្ថយការកើនឡើងតម្លៃ។ លោកថា រដ្ឋាភិបាលទំនងជានឹងរក្សាការរឹតបន្តឹងការនាំចេញរហូតដល់ការបោះឆ្នោតនៅឆ្នាំ ២០២៤ ។
 
ការលេចឡើងនៃបាតុភូតអាកាសធាតុ El Nino ក៏ទំនងបង្កផលប៉ះ ពាល់ដល់ទីផ្សារអង្ករពិភពលោកបន្ថែមទៀត។ សម្រាប់ថៃដែលជា​ប្រទេស​នាំ​ចេញ​ធំ​ជាង​គេ​ទី​២ រដ្ឋាភិបាលបានព្យាករថា ទិន្នផលអង្ករឆ្នាំនេះ​អាច​នឹង​ធ្លាក់​ចុះ៦ភាគរយ ដោយសារ​អាកាសធាតុក្តៅ​ស្ងួត។
 
គួរបញ្ជាក់ថា តម្លៃអង្ករលក់រាយនៅទីក្រុងញូវដេលីបានកើនឡើង ១៨ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលតម្លៃស្រូវសាលីកើនឡើង ១១ភាគរយ៕ 

Tag:
 ឥណ្ឌា
  ​អង្ករ
  ការនាំចេញ
© រក្សាសិទ្ធិដោយ thmeythmey.com