កីឡាអន្តរជាតិ
អន្តរជាតិ
លោក Wenger ចាត់ទុកឥណ្ឌា ជាអណ្តូងរ៉ែមាស នៃកីឡាករបាលទាត់ ដែលមិនទាន់រុករក
21, Nov 2023 , 10:59 am        
រូបភាព
មាន «អណ្តូងរ៉ែមាស» នៃទេពកោសល្យកីឡាបាល់ទាត់ក្នុងប្រទេសឥណ្ឌា។ នេះជាកាលើកឡើងរបស់របស់លោក Arsene Wenger ប្រធាន​ផ្នែក​អភិវឌ្ឍន៍​បាល់ទាត់​​​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ដោយមើលឃើញថា ឥណ្ឌាអាចដើរតួយ៉ាងសំខាន់ក្នុងវិស័យកីឡាបាល់ទាត់កម្រិតពិភពលោក។



ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ក្នុងតួនាទីជាប្រធានការអភិវឌ្ឍន៍កីឡាបាល់ទាត់សកល លោក Wenger បានបង្ហាញពីគោលដៅរបស់ខ្លួនដោយធ្វើយ៉ាងណាឱ្យកាន់តែមានភាពប្រសើរឡើងនៃកីឡាបាល់ទាត់នៅជុំវិញពិភពលោក។
 
«គោលដៅចម្បងរបស់ខ្ញុំនៅទីនេះ គឺបង្ហាញអ្នករាល់គ្នាថាមានអណ្តូងរ៉ែមាសកីឡាករបាល់ទាត់នៅទីនេះ ប៉ុន្តែនៅពេលនេះនៅមិនទាន់ត្រូវបានរុករក យកមកប្រើប្រាស់ និងលើកទឹកចិត្តទាំងស្រុងនោះទេ»។ នេះជាការលើកឡើងរបស់អតីតអ្នកចាត់ការទូទៅ Arsenal ក្នុងកិច្ចប្រជុំជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (IFF) នៅថ្ងៃ២០ ខែវិច្ឆិកា។ Wenger បន្ថែមថា កម្មវិធីអភិវឌ្ឍន៍ដ៏រឹងមាំ នឹងធ្វើឱ្យវិស័យបាល់ទាត់ក្នុងប្រទេសមួយរីកចម្រើន។
 
បុរសសញ្ជាតិបារាំងរូបនេះ បានលើកឧទាហរណ៍មួយមកបញ្ជាក់ក្នុងគោលបំណងលើកទឹកចិត្តឥណ្ឌាថា៖ «ខ្ញុំទៅដឹកនាំក្រុមនៅប្រទេសជប៉ុន អំឡុងប្រទេសចាប់ផ្តើមវិស័យបាល់ទាត់របស់ពួកគេនៅឆ្នាំ ១៩៩៥។ នៅឆ្នាំ ១៩៩៨ ពួកគេបង្ហាញខ្លួននៅ World Cup។ ដូច្នេះមានន័យថាអ្វីៗសុទ្ធតែអាចទៅរួច។ អ្នកត្រូវតែចាប់ផ្តើមឱ្យបានឆាប់»។
 
លោក Wenger មានសុទិដ្ឋិនិយមលើវិស័យបាល់ទាត់ឥណ្ឌា ដោយមើលឃើញពីលក្ខណៈសម្បត្តិ គុណសម្បត្តិ ដ៏អស្ចារ្យដែលមានសម្រាប់ក្នុងប្រទេសតំបន់អាស៊ីមួយនេះ។
 
​ឥណ្ឌា​ មិន​ធ្លាប់​បាន​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup ទេ បើទោះប្រទេសនេះត្រូវបានជ្រើសរើសឱ្យចូលរួមកាលពីឆ្នាំ១៩៥០។​ កាលនោះ ឥណ្ឌាមិនចូលរួមការប្រកួតដែលធ្វើឡើងនៅប្រទេសប្រេស៊ីល បើទោះត្រូវបានអញ្ជើញក៏ដោយ៕
 

Tag:
 Arsene Wenger
  FIFA
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com