អន្តរជាតិ
អុីស្រាអែលប្តេជ្ញាមិនបញ្ឈប់វាយប្រហារកាហ្សា លុះត្រារំដោះចំណាប់ខ្មាំង និងកម្ចេចក្រុមហាម៉ាសអស់
21, Nov 2023 , 12:08 pm        
រូបភាព
នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ពិនិត្យមើលរូបថតចំណាប់ខ្មាំង ដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួន ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ រូបភាពX_Benjamin Netanyahu
នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ពិនិត្យមើលរូបថតចំណាប់ខ្មាំង ដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួន ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ រូបភាពX_Benjamin Netanyahu
នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី២១ ខែវិច្ឆិកា បានប្តេជ្ញាជាថ្មីពីការរំដោះចំណាប់ខ្មាំង ដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួន ហើយអុីស្រាអែល នឹងមិនបញ្ឈប់សង្រ្គាមឡើយ លុះត្រាតែចំណាប់ខ្មាំងត្រូវបានរំដោះ និងក្រុមហាម៉ាស ត្រូវបានលុបបំបាត់អស់ចេញពីតំបន់កាហ្សា។

 
បន្ទាប់ពីជំនួបជាមួយគ្រួសារជនរងគ្រោះដែលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង ប្រមុខរដ្ឋាភិបាលអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ចាត់ទុកកិច្ចដោះលែងចំណាប់ខ្មាំងជាបេសកកម្មដ៏សំខាន់សម្រាប់លោក។
 
«យើងនឹងបញ្ឈប់ការវាយប្រហាររហូតដល់យើងអាចនាំចំណាប់ខ្មាំងត្រលប់មកផ្ទះ កម្ចេចក្រុមហាម៉ាស និងធានាថា គ្មានការគំរាមកំហែងពីតំបន់កាហ្សា»។ លោកនាយករដ្ឋមន្រ្តីបានសរសេរបែបនេះ នៅក្នុងសំណេរលើបណ្តាញសង្គម​ X ក្នុងថ្ងៃទី២១ ខែវិច្ឆិកា ដោយចាត់ទុកបេសកកម្មរំដោះចំណាប់ខ្មាំង ជាការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់លោក និងគណៈរដ្ឋមន្រ្តីសង្រ្គាម។ 
 
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលបានបន្ថែមថាអុីស្រាអែល ខិតខំយ៉ាងខ្លាំង ពាក់ព័ន្ធនឹងការទូត ចារកិច្ច និងប្រតិបត្តិទាំងយប់ និងទាំងថ្ងៃ។ 
 
ជុំវិញកិច្ចព្រមព្រៀងរំដោះចំណាប់ខ្មាំងនេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោកJohn Kirby  នៅថ្ងៃទី២០ ខែវិច្ឆិកា បានបញ្ជាក់ថា កិច្ចព្រមព្រៀង ដែលមានការជួយសម្របសម្រួលពីកាតា កាន់តែកៀកក្នុងការសម្រេចបានជាងពេលណាទាំងអស់។ ចំណែកប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ក៏បានជឿថា កិច្ចព្រមព្រៀងរំដោះចំណាប់ខ្មាំង អាចនឹងកើតមានក្នុងពេលឆាប់ៗផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ក្នុងថ្ងៃទី២០ ខែវិច្ឆិកាដដែល ប្រមុខការទូតអឺរ៉ុប លោក Josep Borrell បានពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសមកពីសមាជិកអឺរ៉ុបទាំង ២៧ ក្រោយពីដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា។ បើតាមលោក Borrell ការធានាសន្តិសុខសម្រាប់អុីស្រាអែលដ៏ល្អបំផុត គឺបង្កើតរដ្ឋអុីស្រាអែល។ 
 
ទន្ទឹមនេះ ប្រមុខការទូតអឺរ៉ុប បានជំរុញឱ្យអុីស្រាអែល កុំគ្រប់គ្រងតំបន់កាហ្សាឡើងវិញផងដែរ បន្ទាប់ពីជម្លោះ ត្រូវបានបញ្ចប់។ 
 
កន្លងមក មេដឹកនាំអុីស្រាអែល បានបញ្ជាក់រួចហើយថា ខ្លួននឹងមិនគ្រប់គ្រងតំបន់កាហ្សានោះទេ ប៉ុន្តែអុីស្រាអែល ក៏ត្រូវធានាពីសន្តិសុខនៅក្នុងតំបន់កាហ្សា ដើម្បីបង្ការការវាយប្រហារដូចថ្ងៃទី២៧ ខែតុលា ជាថ្មី។ ត្រង់ចំណុចនេះ លោក ណេតាន់យ៉ាហ៊ូ ចង់បានរដ្ឋាភិបាលស៊ីវិលនៅតំបន់កាហ្សា និងចង់លុបបំបាត់កម្លាំងយោធាចោលជាដើម៕ 
 

Tag:
 អុីស្រាអែល
  ហាម៉ាស
  កាហ្សា
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com