អន្តរជាតិ
អនុប្រធានាធិបតីតៃវ៉ាន់ ថា ប្រជាជនត្រូវតែជ្រើសរើសរវាងប្រជាធិបតេយ្យ និងចិនក្នុងការបោះឆ្នោតខាងមុខ
21, Nov 2023 , 2:46 pm        
រូបភាព
លោក William Lai ប្រធានបក្សប្រជាធិបតេយ្យជឿនលឿន (DPP) និងជាអនុប្រធានាធិបតីតៃវ៉ាន់។ រូបភាព AFP
លោក William Lai ប្រធានបក្សប្រជាធិបតេយ្យជឿនលឿន (DPP) និងជាអនុប្រធានាធិបតីតៃវ៉ាន់។ រូបភាព AFP
លោក William Lai ប្រធានបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) និងជាអនុប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្ន នៅថ្ងៃទី២១ ខែវិច្ឆិកា បានលើកឡើងថា ក្នុងការបោះឆ្នោតប្រធានាធិបតីខាងមុខ ប្រជាជន ត្រូវតែជ្រើសរើសរវាងប្រជាធិបតេយ្យ និងការក្រសោបយកចិន។ លោក Lai ជាបេក្ខជនប្រជែងយកតំណែងប្រធានាធិបតីផងដែរ។

 
ការបោះឆ្នោតប្រធានាធិបតី និងសភាតៃវ៉ាន់ នឹងធ្វើឡើងនៅក្នុងខែមករាខាងមុខ ស្របពេលប្រធានបទចិន បានក្លាយជាការឃោសនាដ៏សំខាន់នៅក្នុងដែនកោះមួយនេះ។ 
 
ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីចុះឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីរួច លោក William Lai ប្រធានបក្សប្រជាធិបតេយ្យជឿនលឿន (DPP) និងជាអនុប្រធានាធិបតីតៃវ៉ាន់ បានលើកឡើងថា សន្តិសុខកោះតៃវ៉ាន់ ជាបញ្ហាអន្តរជាតិ ហើយពិភពលោក កំពុងតាមដានការបោះឆ្នោតនេះ។ 
 
«ប្រជាជនតៃវ៉ាន់ ត្រូវតែជ្រើសយករវាងតៃវ៉ាន់ប្រកបដោយទំនុកចិត្ត ដែលអនុញ្ញាតឱ្យបន្តដំណើរលើវិថីប្រជាធិបតេយ្យ ឬពឹងផ្អែកចិន ដោយគោរពតាមវិថីចាស់គោលការណ៍ចិនតែមួយ និងក្រសោបយកចិន»។ លោក Lai បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២១ ខែវិច្ឆិកា។ 
 
ចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជាដែនដីមួយរបស់ខ្លួន ហើយទាមទារឱ្យដែនដីទាំងពីរបង្រួបបង្រួមជាមួយគ្នាប្រកបដោយសន្តិភាព។ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំង ក៏បានមិនបោះបង់ការប្រើប្រាស់កម្លាំងយោធាដែរ ប្រសិនបើក្រុងតៃប៉ិហ៊ានប្រកាសឯករាជ្យ។ ចិន ក៏តែងចាត់ទុកបក្សប្រជាធិបតេយ្យជឿនលឿន ជាកម្លាំងគាំទ្រឯករាជ្យកោះតៃវ៉ាន់។ 
 
នៅតៃវ៉ាន់ បក្សគូមីនតាង (KMT) ជាបក្សប្រឆាំងដ៏សំខាន់មួយ និងតែងបង្ហាញពីទំនោរគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង ដោយខុសផ្ទុយពីបក្សបក្សប្រជាធិបតេយ្យជឿនលឿន ដែលតែងរិះគន់ចិនពីសកម្មភាពយោធា និងការដាក់សម្ពាធមកលើដែនកោះរបស់ខ្លួន។ 
 
នៅថ្ងៃទី២០ ខែវិច្ឆិកា លោក Lai បានប្រកាស​លោកស្រី Hsiao Bi-khim ជាដៃគូរបស់ខ្លួនក្នុងការបោះឆ្នោតប្រធានាធិបតី។ លោកស្រី Hsiao Bi-khim នឹងចូលរួមប្រជែងតំណែងអនុប្រធានាធិបតី។ លោក Lai ក៏បានបញ្ជាក់ផងដែរថា ចិនមានបំណងជ្រៀតជ្រែកក្នុងការបោះឆ្នោតតៃវ៉ាន់។ 
 
សូមបញ្ជាក់ថា លោកស្រី Hsiao Bi-khim ដែលជាអតីតតំណាងតៃវ៉ាន់ប្រចាំនៅអាម៉េរិក ធ្លាប់រងទណ្ឌកម្មរបស់ចិន កាលពីខែមេសា ឆ្នាំ២០២៣។ ចិន បានហាមឃាត់ក្រុមហ៊ុន និងអ្នកវិនិយោគ ដែលបានពាក់ព័ន្ធនឹងលោកស្រី Hsiao មិនឱ្យរកស៊ីនៅចិន៕ 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com