កីឡាជាតិ
ជាតិ
ពង្រឹងគុនខ្មែរនៅអូស្ត្រាលីឱ្យរឹងមាំ រួចជ្រៀតចូលអូឡាំពិក ឆ្នាំ២០៣២
23, Nov 2023 , 7:59 am        
រូបភាព
សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ ចាប់ផ្តើមពង្រឹងសហព័ន្ធគុនខ្មែរនៅអូស្ត្រាលីឱ្យរឹងមាំ ក្នុងគោលបំណងជ្រៀតខ្លួនចូលកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០៣២ ដែលរៀបចំនៅទីក្រុងប្រ៊ីសបេន ប្រទេសអូស្ត្រាលី។ នេះជាការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាការអូឡាំពិកកម្ពុជា (NOCC)។



ជាគោលដៅរបស់ NOCC និងសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ លោក វ៉ាត់ ចំរើន មានមហិច្ឆតា ក្នុងការដាក់គុនខ្មែរទៅក្នុងកីឡាអូឡាំពិក និងផ្សព្វផ្សាយទៅកាន់ពិភពលោក។ បច្ចុប្បន្ន សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ មានសមាជិកជាង ៦០ប្រទេស ។ អគ្គលេខាធិការរូបនេះ រំពឹងថា កីឡាប្រដាល់គុនខ្មែរ អាចនឹងមានវត្តមាននៅកីឡាអូឡាំពិក ក្នុងឆ្នាំ២០៣២។ 
 
ក្រោយសន្និសីទសារព័ត៌មានការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ដល់ទៅ២៨ ខែវិច្ឆិកា នៅខេត្តសៀមរាប រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​រូបនេះ ប្រាប់អ្នកសារព័ត៌មានថា សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ នឹងពង្រឹងគុនខ្មែរនៅអូស្ត្រាលីឱ្យកាន់តែរឹងមាំ ដើម្បីជ្រៀតខ្លួនចូលកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០៣២ ដែលរៀបចំនៅទីក្រុងប្រ៊ីសបេន ប្រទេសអូស្ត្រាលី។ ក្រៅពីពង្រឹងនៅអូស្ត្រា ទាំងសហព័ន្ធ និង NOCC ត្រូវមានយុទ្ធសាស្ត្របន្តបន្ទាប់ផងដែរ។
 
 

«ប្រទេសជាសមាជិកគុនខ្មែរ ជំរុញយើងឲ្យឈានចូលកម្រិតអាស៊ី Asian Games ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អូឡាំពិកអាស៊ី (OCA) ដែលមាន៤៥ប្រទេស ព្រោះយើង ត្រូវបានគេទទួលស្គាល់ ជាកម្រិតក្បាច់គុន ក្នុងការប្រកួតពហុកីឡា និងបានបង្ហាញខ្លួនរួចហើយនៅស៊ីហ្គេម។ ហើយយុទ្ធសាស្ដ្រចុងក្រោយ គឺរុញគុនខ្មែរឲ្យដល់អូឡាំពិកតែម្តង នៅឆ្នាំ២០៣២។»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន មុនបន្ថែមថា មុនឈានដល់ដំណាក់កាលនេះ ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាច់គុនរបស់ខ្លួន ត្រូវតែបង្ហាញការគាំទ្រ អភិរក្ស អភិវឌ្ឍន៍ ទាំងអស់គ្នាជាមុនសិន ទើបអ្វីៗសម្រេចបានផ្លែផ្កា។
  

ការ​ប្រកួត​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ពិភពលោក​លើកទី៤ ឆ្នាំ២០២៣ ដែល​នឹង​រៀបចំ​ឡើង​នៅមុខប្រាសាទអង្គរ​ ពីថ្ងៃទី២៦ ដល់២៨ ខែវិច្ឆិកា ជា​ផ្នែក​មួយ​ក្នុង​ការ​​ផ្សព្វផ្សាយ​ប្រដាល់​ដូនតាខ្មែរនេះ ​ទៅ​កាន់​ពិភពលោក។​ ​ព្រឹត្តិការណ៍​នេះ​ ត្រូវរៀបចំឱ្យបាន​ទៀងទាត់​​ដើម្បី​ឱ្យស្រប​តាមគោលការណ៍​ឈាន​ទៅឱ្យ​​OCA ​ទទួល​ស្គាល់​ មុនដល់កម្រិតអូឡាំពិក។​
 
នៅក្រោយការប្រកួតពិភពលោកនេះ លោក វ៉ាត់ ចំរើន ជឿជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ នឹងទទួលបានសមាជិកបន្ថែមទៀត លើសមាជិកបច្ចុប្បន្ន ដែលមានជាង ៦០ប្រទេសសមាជិក៕
 
 
 

Tag:
 គុនខ្មែរ
  គុនខ្មែរជ្រើសរើសជើងឯកពិភពលោក
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com