ជាតិ
សង្គមជាតិ
ប.ស.ស. ជាប់ពានរង្វាន់អង្គភាពឆ្នើមពីសមាគម​សន្តិសុខ​សង្គម​អាស៊ាន ASSA
23, Nov 2023 , 10:39 am        
រូបភាព
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គមកម្ពុជា(ប.ស.ស.)ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រងស្តីពីការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA)។

 
លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា បានចូលរួមសិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី «ការទទួលយកភាពចំរុះដើម្បីកសាងអនាគតរួមគ្នា» និងកិច្ចប្រជុំប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន(ASSA) លើកទី៤០ នៅ​ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០និង២១វិច្ឆិកានេះ។ កិច្ចប្រជុំ ASSA គឺមានតំណាងស្ថាប័នសន្តិសុខសង្គមនៃASSA ចំនួន២០ស្ថាប័ន មកពីបណ្តាប្រទេសទាំង១០។
 
ប.ស.ស. បានបានចេញផ្សាយថា ក្នុងកិច្ចប្រជុំប្រឹក្សាភិបាលនៃ ASSA លើកទី៤០នេះក្រុមសមាជិកទាំងអស់បានពិនិត្យនិងពិភាក្សាអំពីវឌ្ឍនភាពនៃផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់ ASSA និងផែនសកម្មភាពការងារបន្តសម្រាប់ឆ្នាំ២០២៣-២០២៤ របស់សមាគម។
 
«ក្នុងឱកាសជាមួយគ្នានេះបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាបានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ធានារ៉ាប់រង ស្តីពីការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ដែលពានរង្វាន់អង្គភាពឆ្នើមនេះ
ទទួលបានពីប្រធានផ្លាស់វេននៃ ASSA ឆ្នាំ២០២២-២០២៣»។ នេះបើតាម ប.ស.ស។ 
 
គិតរហូតមកដល់ពេលនេះ ប.ស.ស.កម្ពុជាធ្លាប់ទទួលបានពានរង្វាន់អង្គភាពឆ្នើមស្តីពីការអនុវត្តរបបសន្តិសុខសង្គមចំនួន ៧រួចមកហើយពី ASSA ហើយពាន់រង្វាន់អង្គភាពឆ្នើមដែលទទួលបាននាពេលនេះគឺជាពានរង្វាន់ទី៨ ដែលប្រធាន ASSA បានផ្តល់ជូន។ 
 
សូមជម្រាបថា បេឡាជាតិសន្តិសុខសង្គមកម្ពុជាធ្លាប់ធ្វើជាប្រធានផ្លាស់វេននៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៣៧។ប្រធានផ្លាស់វេននៃ ASSA លើកទី៣៨ គឺធ្វើនៅឥណ្ឌូនេស៊ី ,លើសទី៣៩ គឺនៅឡាវ (LSSO) ហើយលើកទី៤០នេះរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី៕ 

Tag:
 ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com