ជាតិ
បុណ្យអុំទូក
បុណ្យអុំទូក៖ ក្រសួងទេសចរណ៍ ណែនាំឱ្យតុបតែងបង្ហាញពីវប្បធម៌ តែកុំប្រាសចាកទំនៀមទម្លាប់ខ្មែរ
23, Nov 2023 , 2:39 pm        
រូបភាព
អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវតុបតាំងគ្រឿងលម្អនានា ដោយបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិ តែកុំប្រាសចាកពីទំនៀមទម្លាប់ខ្មែរ នាឱកាសពិធីព្រះរាជពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៦ ដល់២៨ វិច្ឆិកា ។



ក្រសួងទេសចរណ៍ ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ពង្រឹងគុណភាពសេវាទេសចរណ៍ នាឱកាសបុណ្យជាតិនេះ។ សេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ វិច្ឆិកា បានប្រាប់ឱ្យប្រតិបត្តិករទេសចរណ៍ សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងភាពស្អាត។ ជាពិសេសចំណតសម្រាប់ភ្ញៀវមកទទួលសេវាកម្មទេសចរណ៍នោះ ត្រូវរៀបចំឱ្យបានត្រឹមត្រូវ។
 
ចំពោះផ្នែកខាងក្រៅអាជីវកម្មវិញ ត្រូវតុបតែងលម្អភ្លើង និងទង់ជាតិកម្ពុជា ។ ចំណែកផ្នែកខាងក្នុងអាជីវកម្ម ត្រូវតាំងព្រះឆាយាលក្ខណ៍ ព្រះមហាក្សត្រទាំង៣អង្គ។ នេះបើតាមក្រសួងទេសចរណ៍ ដែលបានសង្កត់ធ្ងន់ដូច្នេះ៖«តុបតែងលម្អផ្នែកខាងក្នុង និងខាងក្រៅអាជីវកម្ម ដោយត្រូវបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់រាជធានីខេត្ត ដោយមិនប្រាសចាកពីទំនៀមទម្លាប់ប្រពៃណីខ្មែរ»។
 
មិនតែប៉ុណ្ណោះ ម្ចាស់អាជីកម្មទាំងអស់ ត្រូវដាក់បង្ហាញពីផលិតផល ឬសេវាកម្មខ្លួនជាសាធារណៈគ្រប់ទម្រង់ និងត្រូវបញ្ជាក់ពីតម្លៃ និងលក្ខខណ្ឌសេវាឱ្យបានច្បាស់លាស់។ ជាពិសេសត្រូវរក្សាតម្លៃ និងសេវាកម្មឱ្យបានសមរម្យ និងរក្សាគុណភាព បរិមាណផលិតផល ឱ្យកាន់តែល្អថែមទៀត។ នេះបើតាមក្រសួងទេសចរណ៍។
 
ជាមួយគ្នានេះ ក្រសួង ក៏បានណែនាំឱ្យម្ចាស់អាជីវកម្មក្រើនរំលឹក និងបណ្ដុះបណ្ដាលបុគ្គលិក អំពីបដិសណ្ឋារកិច្ច និងជំនាញដែលចាំបាច់ និងរៀបចំឯកសណ្ឋានតាមផ្នែកនីមួយៗឱ្យបានត្រឹមត្រូវ។ បើតាមក្រសួងទេសចរណ៍ ឯកសណ្ឋានបុគ្គលិកទាំងនោះ គួរតែរំលេចពីវប្បធម៌ខ្មែរ ឬលក្ខណៈពិសេសរបស់រាជធានីខេត្ត និងតំបន់៕

Tag:
 បុណ្យអុំទូក
  បុណ្យជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com