ជាតិ
បុណ្យអុំទូក
អាជ្ញាធររាជធានីភ្នំពេញ ត្រៀមបន្ទប់ទឹកជាង៥០០ និងទីតាំងសង្គ្រោះ១០កន្លែង នាបុណ្យអុំទូក
23, Nov 2023 , 6:59 pm        
រូបភាព
ដើម្បីធានាសណ្ដាប់ធ្នាប់ និងអនាម័យ ជាពិសេសសោភណ្ឌភាព ដល់ប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត នៅមុខព្រះបរមរាជវាំង នាឱកាសបុណ្យអុំទូក៣ថ្ងៃនោះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ បន្ទប់ទឹកជាង៥០០ និងទីតាំងសង្គ្រោះ១០កន្លែងសម្រាប់ពលរដ្ឋ។



លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទប់ទឹកចល័តទាំងនោះ មាននៅគ្រប់ទីតាំងព្រះរាជពិធី សម្រាប់ពលរដ្ឋ ជាពិសេសកីឡាករប្រណាំងទូក។

សម្រាប់ទីតាំងសង្គ្រោះបន្ទាន់វិញ ក៏មានក្រុមគ្រូពេទ្យប្រចាំការ និងរថយន្តសង្គ្រោះ បញ្ឈរជើង២៤ម៉ោង ក្នុងរយៈពេល៣ថ្ងៃផងដែរ។ ក្រៅពីមានក្រុមគ្រូពេទ្យប្រចាំការហើយ រដ្ឋបាលរាជធានីក៏រៀបចំឱ្យក្រុមគ្រូពេទ្យទាំងនោះ ដើរចល័តនៅក្នុងទីតាំងប្រារព្ធពិធីផងដែរ ដើម្បីផ្ដល់ភាពងាយស្រួល និងបង្ខិតសេវាសុខភាព ដល់ពលរដ្ឋ ដែលមកលេងកម្សាន្ត នៅមុខព្រះបរមរាជវាំង ទីតាំងជ្រោយចង្វារ និងត្រើយម្ខាងទន្លេចតុមុខជាដើម
 
ទន្ទឹមនេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឱ្យពលរដ្ឋមកលេងកម្សាន្ត នៅព្រះរាជពិធីបុណ្យអុំទូកនេះ​ ប្រុងប្រយ័ត្នលើសម្ភារៈផ្ទាល់ខ្លួន ដូចជាកាបូបលុយ ទូរសព្ទ និងគ្រឿងអលង្ការជាដើម ព្រោះវាអាចមានជនឆ្លៀតឱកាសលួចបន្លំ យកសម្ភារមានតម្លៃទាំងនោះ។
 
ទូក ង ចំនួន ៣៣៨ មកពីតាមបណ្តារាជធានី-ខេត្តនឹងចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកានេះ នៅមុខព្រះបរមរាជវាំង។ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មិនមានទូកពីអន្ដរជាតិ ចូលរួមនោះឡើយ។ នេះបើតាមគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ។
 
កម្ពុជា ខកខានប្រារព្ធព្រះរាជពិធីបុណ្យអំទូក ​ចាប់ពីឆ្នាំ២០២០មកក្រោមហេតុផលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ កាលពីឆ្នាំ២០១៩ ទូកចូលរួមប្រណាំង ប្រមាណ​៣៨០​ទូក​។ ការធ្លាក់ចុះចំនួនទូក ចូលរួមក្នុងឆ្នាំ២០២៣នេះ គឺដោយសារបញ្ហាភាពចាស់ទ្រុឌទ្រោម នៃទូកតាមបណ្ដាខេត្តមួយចំនួន។ នេះបើតាម លោក ឈិន កេតនា  អគ្គលេខាធិការ គណៈ​កម្មាធិការរៀបចំ បុណ្យជាតិ-អន្តរជាតិ៕

Tag:
 បុណ្យអុំទូក
  សណ្ដាប់ធ្នាប់
  អនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com