ជាតិ
ពន្យល់ពាក្យ
សោ៖ ចាក់សោ, គម្រក់, ខ្សោយកម្លាំង, បងថ្លៃស្រី, ប្រដាប់មួល រឹត
18, Feb 2024 , 7:30 am        
រូបភាព


«សោ» មានន័យ​ផ្សេងៗគ្នា។ នេះបើតាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ២០២២​របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។
 
«សោ» នាមសព្ទ៖ ប្រដាប់ធ្វើដោយដែកឬស្ពាន់ មានមេមានកូនសម្រាប់ចាក់បិទត្រង់កន្លែងសម្រាប់បើកបិទ (មានទ្វារជាដើម) មិនឱ្យបើកបាន :  មេសោ, កូនសោ, ចាក់សោ។  
 
«សោ» គុណសព្ទ៖ គម្រក់; ល្ងង់; មិនបានការ :  គំនិតសោ។  
 
«សោ» កិរិយាសព្ទ៖ អ្នកស្រុកខ្លះប្រើពាក្យ សោ ថា ខ្សោយកម្លាំង :  ខ្ញុំវាសោណាស់ទៅហើយ ដើរទៅទៀតពុំកើតទេ។  
 
«សោ» នាមសព្ទ៖ ប្រដាប់ប្រើសម្រាប់មួល រឹត ដោះខ្ចៅ ជាដើម :  សោមានច្រើនសណ្ឋាន សោចិញ្ចៀន សោចម្ពាម សោខ្សៀ។  
 
- «សោខ្សៀ» ជាសោសម្រាប់ដោះខ្ចៅមានរាងដូចខ្សៀ។ ក្នុងសោមួយមានទំហំតែមួយទេទាំងគល់ទាំងចុង តែអាចប្រើសម្រាប់លូកចូលទៅដោះខ្ចៅក្នុងស្ថានភាពខុសៗគ្នា។  
 
- «សោចម្ពាម» ជាសោសម្រាប់ដោះខ្ចៅមានរាងដូចចម្ពាម ហើយក្នុងសោមួយច្រើនមានទំហំចម្ពាមពីរលេខខុសៗគ្នា។  
 
- «សោចិញ្ចៀន» ជា​សោសម្រាប់ដោះខ្ចៅមានប្រហោងមួលរាងដូចចិញ្ជៀន។ គេប្រើវាសម្រាប់ដោះខ្ចៅដែលជាប់ខ្លាំង។  
 
«សោ» នាមសព្ទ៖ ពាក្យចិន​សម្រាប់ហៅបងថ្លៃស្រី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com