ជាតិ
អាស៊ាន
រដ្ឋមន្ត្រីរ៉ែអាស៊ាន រួមគ្នាជំរុញតំបន់អាស៊ាន ឱ្យក្លាយជាគោលដៅវិនិយោគរ៉ែ ប្រកបដោយចីរភាព
24, Nov 2023 , 12:09 pm        
រូបភាព
លោក អុឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរ៉ែអាស៊ាន លើកទី៩ (រូបកណ្ដាល)។
លោក អុឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរ៉ែអាស៊ាន លើកទី៩ (រូបកណ្ដាល)។
ភ្នំពេញ៖ រដ្ឋមន្ត្រីរ៉ែអាស៊ាន រួមគ្នាជំរុញតំបន់អាស៊ាន ឱ្យក្លាយជាគោលដៅវិនិយោគរ៉ែ ប្រកបដោយចីរភាព សម្រាប់កិច្ចសហប្រតិបត្តិការរ៉ែអាស៊ាននាពេលអនាគត រួមទាំងការអភិវឌ្ឍចក្ខុវិស័យរ៉ែអាស៊ាន រយៈពេលវែង។

 
កិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែអាស៊ានលើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៣វិច្ឆិកា បានសម្រេចអនុម័តសេចក្ដីប្រកាសស្ដីពី «ការជំរុញអាស៊ានឱ្យក្លាយជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព»។ នេះបើតាម លោក អ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរ៉ែអាស៊ាន លើកទី៩ ប្រាប់ក្រុមអ្នកសារព័តមានក្រោយចប់កិច្ចប្រជុំ។ 
 
ការសម្រេចអនុម័តសេចក្ដីប្រកាសស្ដីពី «ការជំរុញអាស៊ានឱ្យក្លាយជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព» ជាសក្ខីកម្មបញ្ជាក់ពីការតាំងចិត្តរួមគ្នា ក្នុងការធានាពីការផ្គត់ផ្គង់លោហៈធាតុ និងរ៉ែដទៃទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃរបត់សកលឆ្ពោះទៅកាន់បច្ចេកវិទ្យាកាបូនទាប និងតម្រូវការសម្រាប់ការវិវត្តន៍ថាមពល រួមទាំងឌីជីថល។ លើសពីនេះ ការសម្រេចរួមគ្នា នឹងជំរុញការបង្កើនប្រភពទាញយកផលិតផលរ៉ែ ដើម្បីលើកស្ទួយការប្រកួតប្រជែងក្នុងតំបន់ និងផ្សារភ្ជាប់ខ្លួនទៅទីផ្សារសកល។ 
 
«ដើម្បីសម្រេចគោលដៅជំរុញ តំបន់អាស៊ានឱ្យក្លាយជាគោលដៅវិនិយោគរ៉ែ ប្រកបដោយចីរភាព ការដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយត្រូវបានគាំទ្រនោះ គឺយុទ្ធសាស្ត្រសិក្សាស្រាវជ្រាវវ៉ៃក្នុងតំបន់ (AMEXS-1) »។ លោក អ៊ឹង អៀង លើកឡើងបែបនេះ ហើយបញ្ជាក់ថា យុទ្ធសាស្ត្រនេះបានរៀបចំតាក់តែងនៅឆ្នាំ២០២៣ ។
 
បើតាមលោក អ៊ឹង អៀង គម្រោងនេះ ជាការខិតខំប្រឹងប្រែងរួម ដើម្បីធ្វើឱ្យប្រសើរឡើងនូវភូគព្ភសាស្ត្រនៅអាស៊ាន ដែលរួមបញ្ចូលទាំងផែនការច្បាស់លាស់ក្នុងការ ប្រមូលនិងវិភាគទិន្នន័យ ដើម្បីបង្កើតជាមូលដ្ឋាន ក្នុងការទាក់ទាញយករ៉ែក្នុងតំបន់។
 
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានចាត់ទុកការកំណត់យកគោលនយោបាយតំបន់ ដើម្បីទ្រទ្រង់ការអភិវឌ្ឍនៃការជ្រើសយកខ្សែសង្វាក់តម្លៃរ៉ែសំខាន់ៗ នឹងធានាថាតំបន់អាស៊ាន ក្ដាប់បានឱកាសកសាងឧស្សាហកម្មដោនស្ទីម និងផលិតកម្មបៃតង។ លោកទុកថា ការតាំងចិត្ដរួម យុទ្ធសាស្ត្ររួម និង ការទទួលស្គាល់នៃឧត្តមភាពនេះ នឹងត្រួសត្រាយផ្លូវសម្រាប់អនាគត ដែលមានទំនួលខុសត្រូវ ខ្ពស់ចំពោះបរិស្ថាន។ លើសពីនេះ លោក អៀង បន្តបន្ថែមថា គោលការណ៍អភិវឌ្ឍន៍រ៉ែប្រកបដោយចីរភាពក្នុងតំបន់នេះ នឹងក្លាយជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរ៉ែអាស៊ាន នាពេលអនាគត ព្រមទាំងការអភិវឌ្ឍចក្ខុវិស័យរ៉ែអាស៊ាន រយៈពេលវែង ក្រោយឆ្នាំ២០២៥៕ 

Tag:
 អាស៊ាន
  រ៉ែ
© រក្សាសិទ្ធិដោយ thmeythmey.com