ជាតិ
តំណាងប្រមាណ៣០០នាក់មកពីគ្រប់វិស័យជួបគ្នាពិភាក្សាពីការអភិវឌ្ឍវិស័យអប់រំដើម្បីចីរភាពនៅកម្ពុជា
24, Nov 2023 , 2:02 pm        
រូបភាព
ដោយ តេង យ៉ាលីរ៉ូហ្ស៊ី
 
ភ្នំពេញ៖ អង្គការ អេដ អេអាកស្យុង និងដៃគូពាក់ព័ន្ធរួមគ្នាពិភាក្សាពីសារៈសំខាន់ និងការអភិវឌ្ឍវិស័យអប់រំ ដើម្បីចីរភាពកម្ពុជា បច្ចុប្បន្ន និងអនាគត។ អ្នកចូលរួមប្រមាណ៣០០នាក់មកពីគ្រប់វិស័យ នឹងទទួលបានការបង្កើនចំណេះដឹង ការកសាងជំនាញ និងសមត្ថភាព ដើម្បីជាពុទ្ធិក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
 
អង្គការ អេដ អេអាកស្យុង បានរៀបចំវេទិកាភាពជាដៃគូដើម្បីចីរភាពកម្ពុជា បច្ចុប្បន្ន និងអនាគត នៅថ្ងៃទី ២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ វេទិកានេះត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹង អភិវឌ្ឍន៍ជំនាញ សមត្ថភាពដៃគូ និងបង្កើនអន្តរកម្មរវាងទំនាក់ទំនងរបស់ភាគីដៃគូអភិវឌ្ឍន៍ និងសហគមន៍។
 
លោក វន សំភាស់ ជានាយកប្រចាំប្រទេសនៃអង្គការ អេដ អេអាកស្យុង បានលើកឡើងថា វេទិការនេះនឹងចែករំលែកពីការអនុវត្ត បញ្ហាប្រឈម និងមេរៀន ដើម្បីកែលំអ និងគាំទ្រការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។ អ្នកចូលរួមជាតំណាងដៃគូរអភិវឌ្ឍន៍ សម្ព័ន្ធជាតិ ក្រុមប្រឹក្សាមូលដ្ឋាន សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអប់រំ និងរដ្ឋបាលខេត្ត និងស្រុក នាយកសាលា គ្រូបង្រៀន សហគមន៍នេសាទ សហគមន៍ព្រៃឈើ កសិកម្ម មន្ទីរទេសចរណ៍ ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជនជាដើម។
 


«បេសកកម្មរបស់់យើងទាំងអស់គ្នាពិតជាមានសារសំខាន់ណាស់ ដើម្បីការអភិវឌ្ឍប្រកមដោយចីរភាព។ ភាពជាដៃគូចូលរួមពីសង្គមស៊ីវិល រដ្ឋាភិបាល និងវិស័យឯកជនផ្សេងៗគ្នា ដើម្បីគាំទ្រដល់លទ្ធផលសកម្មភាពរួម។ ភាពជាដៃគូទទួលស្គាល់ថា បញ្ហាប្រឈមនៃការដាក់បញ្ចូល និងធានាថាគ្មាននរណាម្នាក់ត្រូវបានបន្សល់ទុកនោះទេ ទាមទារវិធិសាស្ត្រពហុវិស័យ និងពហុភាគី។» លោក សំភាស បានបញ្ជាក់បែបនេះនៅក្នុងវេទិកាភាពជាដៃគូ។
 
នាយកប្រចាំប្រទេសនៃអង្គការរូបនេះបានរំលេចថា ក្នុងឆ្នាំដំបូង គម្រោងបានបណ្តុះបណ្ដាល មន្ត្រីចំនួនជាង ១៤០០ នាក់ ជាមួយនឹងការបង្កើនសមត្ថភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការផ្ដលសេវាកម្ម ខណៈពេលដែល ៣០០០ នាក់ មកពីអង្គការសង្គមស៊ីវិល ជិត២០០០នាក់មកពីវិស័យឯកជន និងជិត៩០០០នាក់មកពីមន្រ្តីរដ្ឋាភិបាលក្នុងថ្នាក់ក្រោមជាតិ លើវិស័យអប់រំ ទេសចរណ៍ ការអភិរក្ស កសិកម្ម អភិបាលកិច្ចមូលដ្ឋាន ទឹកស្អាត អនាម័យ និងសហគ្រិនភាព ក្នុងបេសកកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។



លោក Gilles Delecourt ជានាយកប្រតិបត្តិនៃអង្គការ អេដ អេអាកស្យុង បានលើកឡើងថា ការអប់រំ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍរបស់មនុស្សគ្រប់រូប។ ការសិក្សាចាប់ផ្ដើមតាំងពីតូច តាមរយៈការទំនាក់ទំនងជាមួយឪពុកម្ដាយ។ បន្ទាប់មក មនុស្សគ្រប់រូបចាប់ផ្តើមអភិវឌ្ឍន៍ចំណេះ និងជំនាញបន្តិចម្ដងៗ តាមរយៈការសិក្សានៅសាលារៀន និងទំនាក់ទំនងក្នុងសង្គម។
 
ប៉ុន្តែមិនមែនមនុស្សគ្រប់រូបសុទ្ធតែមានឳកាសទទួលបានការអប់រំនោះឡើង។ ដូច្នេះទើបអង្គការ អេដ អេអាកស្យុង បានអនុវត្តន៍គម្រោងសម្រាប់ជួយដល់កុមារដែលមិនមានឳកាសសិក្សា ឲ្យបានចូលសាលារៀនដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងសង្គមជាតិ ក៏ដូចជាសហគមន៍របស់ពួកគេផងដែរ។
 


«អង្គការ អេដ អេអាកស្យុង បានធ្វើដំណើរអស់រយៈ២០ឆ្នាំហើយនៅកម្ពុជា។ ការណ៍នេះជាសក្ខីភាពបង្ហាញពីថាមពលនៃការរួបរួមគ្នា ចែករំលែកចក្ខុវិស័យ និងការប្ដេជ្ញាចិត្តដែលឥតងាករេ ក្នុងការផ្លាស់ប្តូរដែលប្រសើរ។ ថ្ងៃនេះ ពួកយើងមិនត្រឹមតែអបអរការជោគជ័យកន្លងមកនោះទេ តែក៏មើលទៅមុខជាមួយនឹងការតាំងចិត្តថ្មី ដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងជាបន្តបន្ទាប់ទៀត។» នេះជាការបញ្ជាក់របស់នាយកប្រតិបត្តិរូបនេះ។
 
រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១»  ដើម្បីសម្រេចបានគោលដៅប្រែក្លាយខ្លូនទៅជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០២៥ ដែលការអភិវឌ្ឍធនធានមនុស្សស្ថិតនៅក្នុងអាទិភាពទីមួយ សម្រាប់ការអភិវឌ្ឍជាតិ៕
 








© រក្សាសិទ្ធិដោយ thmeythmey.com