អន្តរជាតិ
កាតា៖ បទឈប់បាញ់រវាងអុីស្រាអែល និងហាម៉ាស ចាប់ផ្ដើមអនុវត្តនៅថ្ងៃទី២៤ ខែវិច្ឆិកា
24, Nov 2023 , 2:45 pm        
រូបភាព
រូបភាពចំណាប់ខ្មាំង ដែលត្រូវបានក្រុមហាម៉ាស ចាប់ខ្លួន។ រូបភាព AFP
រូបភាពចំណាប់ខ្មាំង ដែលត្រូវបានក្រុមហាម៉ាស ចាប់ខ្លួន។ រូបភាព AFP
អុីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ចាប់ផ្តើមអនុវត្តបទឈប់បាញ់រយៈពេល៤ថ្ងៃ ដោយផ្តើមពីថ្ងៃទី២៤ ខែវិច្ឆិកា។ កាតា ដែលជាប្រទេសសម្របសម្រួលជម្លោះ បានបញ្ជាក់បែបនេះ។ ចំណាប់ខ្មាំងចំនួន១៣នាក់ ដែលមានស្រ្តី និងកុមារ ត្រូវដោះលែងជាលើកដំបូង ខណៈរដ្ឋាភិបាលអុីស្រាអែល បានជូនដំណឹងទៅក្រុមគ្រួសារពួកគេរួចហើយ។

 
បន្ទាប់ពីប្រើពេលចរចាជាច្រើនថ្ងៃ និងមានការសម្របសម្រួលពីកាតា អុីស្រាអែល និងហាម៉ាស ត្រូវចាប់ផ្តើមអនុវត្តបទឈប់បាញ់ពីម៉ោង៧ព្រឹក ក្នុងថ្ងៃទី២៤ ខែវិច្ឆិកា ដោយមានរយៈពេល៤ថ្ងៃ ដើម្បីរំដោះចំណាប់ខ្មាំងចំនួន៥០នាក់។ តាមការបញ្ជាក់របស់ក្រសួងការបរទេសកាតា បទឈប់បាញ់ទូលំទូលាយមួយ ត្រូវអនុវត្តទាំងនៅតំបន់ភាគខាងត្បូង និងភាគខាងជើង។ 
 
«យើងទាំងអស់គ្នាសង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះ នឹងក្លាយជាឱកាសចាប់ផ្តើមកិច្ចការទ្រង់ទ្រាយធំ ក្នុងការសម្រេចបានបទឈប់បាញ់ជាអចិន្រ្តៃយ៍»។ លោក Majed Al-Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ការដឹកជញ្ជូនជំនួយម​នុស្សធម៌ និងការដោះលែងចំណាប់ខ្មាំង ១៣នាក់ដំបូង ត្រូវអនុវត្តនៅម៉ោង៤រសៀល ក្នុងថ្ងៃទី២៤ ខែវិច្ឆិកា។ 
 
ថ្លែងប្រាប់អ្នកសារព័ត៌មាន មន្រ្តីក្រសួងការបរទេសកាតាដដែល បានលើកឡើងថា អ្នកទោសប៉ាឡេស្ទីន នឹងត្រូវអុីស្រាអែលដោះលែង នៅក្នុងថ្ងៃដដែលនោះផងដែរ។ លោក Ansari បានបញ្ជាក់ថា ឈ្មោះរបស់អ្នកទោស ត្រូវបានអនុម័តរួចហើយ ប៉ុន្តែមន្រ្តីកាតាមិនបានបញ្ជាក់ពីចំនួនអ្នកទោស ដែលត្រូវដោះលែងនោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ស្របគ្នានេះ ការិយាល័យនាយករដ្ឋមន្រ្តីអុីស្រាអែល បានទំនាក់ទំនងទៅក្រុមគ្រួសាររបស់ចំណាប់ខ្មាំង ដែលត្រូវដោះលែងរួចហើយ។ ក្រសួងការបរទេសអាម៉េរិក បានចាត់ទុកការរំដោះចំណាប់ខ្មាំងនេះ ជាពេលវេលាដែលផ្តល់ក្តីសង្ឃឹមមួយ ហើយខ្លួននឹងបន្តកិច្ចការទៀត ដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់។ ក្រុមហាម៉ាស មានចំណាប់ខ្មាំងច្រើនជាង ២០០ បើគិតចាប់តាំងពីផ្ទុះជម្លោះឡើងនៅថ្ងៃទី ៧ ខែតុលា។ 
 
បើទោះមានបទឈប់បាញ់ ប៉ុន្តែកម្លាំងរបស់អុីស្រាអែលមិនបានដកចេញពីតំបន់កាហ្សានោះទេ ដោយកម្លាំងអុីស្រាអែល នឹងតាំងវត្តមាននៅពីក្រោយបន្ទាត់បទឈប់បាញ់។ ត្រង់ចំណុចនេះ ភាគីអុីស្រាអែល មិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ឡើយ។ 
 
ក្នុងជម្លោះដែលបានអូសបន្លាយរយៈពេលជាង ១ខែមកនេះ ប្រជាជនប៉ាឡេស្ទីននៅតំបន់កាហ្សាប្រមាណ ១៤៨៥៤នាក់ បានស្លាប់បាត់បង់ជីវិត ខណៈអុីស្រាអែលមាន ១៤០០នាក់ បានស្លាប់។ 
 
បើទោះមានបទឈប់បាញ់ ប៉ុន្តែជម្លោះរវាងក្រុមហាម៉ាស នឹងមិនអាចបញ្ឈប់បានទេ។ នៅក្នុងថ្ងៃទី២៣ ខែវិច្ឆិកា រដ្ឋមន្រ្តីការពារជាតិអុីស្រាអែល លោក Yoav Gallant បានព្រមានថា នៅពេលបទឈប់បាញ់រយៈពេលខ្លីត្រូវបានបញ្ចប់ យុទ្ធនាការយោធា នឹងចាប់ផ្តើមឡើងវិញជាមួយកម្លាំងដ៏ខ្លាំងក្លា យ៉ាងហោចណាស់រយៈពេល ២ខែបន្ថែម៕ 
 

Tag:
 កាតា
  អុីស្រាអែល
  ហាម៉ាស
  ប៉ាឡេស្ទីន
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com