សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហេតុអ្វីតម្លៃផ្ទះប្រទេសអ្នកមាននៅតែឡើងថ្លៃ?
25, Nov 2023 , 8:00 am        
រូបភាព
ផ្ទះលក់មួយកន្លែងនៅ Virginia អាម៉េរិក ។ រូបភាព ៖ AFP
ផ្ទះលក់មួយកន្លែងនៅ Virginia អាម៉េរិក ។ រូបភាព ៖ AFP
តម្លៃផ្ទះនៅបណ្តាប្រទេសអ្នកមាននៅតែមានការកើនឡើង ទោះបីអត្រាការប្រាក់ខ្ពស់នឹងកាត់បន្ថយអំណាចទិញនៅក្នុងវិស័យនេះក៏ដោយ។ 
 
នៅតំបន់មួយចំនួននៃទីក្រុង San Francisco របស់អាម៉េរិក តម្លៃផ្ទះបានកើនឡើង ៣ភាគរយបើធៀបនឹងដើមឆ្នាំនេះ ខណៈអចលនទ្រព្យនៅក្នុងតំបន់ប្រណីតៗដូចជានៅ Silicon Valley តម្លៃផ្ទះបានកើនឡើង៨ភាគរយ។
 
ទិន្នន័យពីធនាគារកណ្តាលអាម៉េរិក (Fed) បង្ហាញថា តម្លៃផ្ទះសកលបានកើនឡើង ១,៣ភាគរយក្នុងត្រីមាសទី២ បើធៀបត្រីមាសទី១ឆ្នាំនេះ។ ប៉ុន្តែទីផ្សារលំនៅឋានមានភាពល្អជាងឆ្ងាយបើធៀបទៅនឹងតម្លៃផ្ទះដែលធ្លាក់ចុះ ១៣ភាគរយបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុចន្លោះឆ្នាំ២០០៧ ដល់២០០៩។ 
 
មិនត្រឹមតែនៅអាម៉េរិកទេ ស្ថានភាពដូចគ្នាក៏កើតឡើងនៅទូទាំងប្រទេសអ្នកមានដែលទីផ្សារអចលនទ្រព្យពិបាកលក់ចេញដែរ។ នៅអង់គ្លេស សន្ទស្សន៍តម្លៃផ្ទះដែលត្រូវបានបោះពុម្ពផ្សាយដោយសមាគមអគារ Halifax បានកើនឡើង ១,១ភាគរយនៅខែតុលា ដែលផ្ទុយពីការរំពឹងទុកថា នឹងធ្លាក់ចុះ០,៤ភាគរយក៏ដោយ។
 
ឯទិន្នន័យពីក្រុមហ៊ុនអចលនទ្រព្យ Zillow បង្ហាញថា តម្លៃផ្ទះនៅអាម៉េរិកកើនខ្ពស់ជាង ២ភាគរយបើធៀបឆ្នាំមុន។ ការស្ទង់មតិរបស់ Bloomberg បានព្យាករថា តម្លៃផ្ទះនៅអូស្ត្រាលីអាចកើនឡើង៧,៧ភាគរយនៅឆ្នាំនេះ។
 
ការណ៍នេះ ជារឿងភ្ញាក់ផ្អើលមួយដែរដោយសារតម្លៃផ្ទះកើនឡើងស្របពេលដែលអត្រាការប្រាក់កើនខ្ពស់ផងនោះ។ ចាប់តាំងពីដើមឆ្នាំ២០២២មក ធនាគារកណ្តាលរបស់ប្រទេសអ្នកមានបានបង្កើនអត្រាការប្រាក់ជាមធ្យម៥ភាគរយ។ ពេលនោះ គេរំពឹងថា តម្លៃផ្ទះនឹងធ្លាក់ចុះ ឯប្រាក់កម្ចីទិញផ្ទះនឹងមានការពិបាកក្នុងការសងបំណុល ហើយសេដ្ឋកិច្ចនឹងធ្លាក់ចុះ។
 
យ៉ាងណាមិញ បើតាមកាសែត Economist មានកត្តាបីពន្យល់ពីមូលហេតុដែលទីផ្សារលំនៅឋានក្នុងប្រទេសអ្នកមាននៅតែឡើងថ្លៃ បើទោះបីជាអត្រាការប្រាក់ខ្ពស់។ ទីមួយ គឺការផ្លាស់ប្តូរចំណូលចិត្ត។ ជំងឺកូវីដ-១៩ ហាក់ដូចជាធ្វើឱ្យមនុស្សឯកោ។ ពួកគេធ្វើការ និងចំណាយពេលកម្សាន្តនៅផ្ទះច្រើនជាងការចេញទៅក្រៅ។ ដូច្នេះ​ហើយ​ប្រជាជន​ចាយច្រើនទៅ​លើ​តម្រូវការសម្ភារៈក្នុង​លំនៅឋាន ដែលមិនងាយក្នុងការផ្លាស់ប្តូរផ្ទះថ្មី។
 
ទីពីរវិញ ទីផ្សារប្រាក់កម្ចីទិញផ្ទះបានផ្លាស់ប្តូរ។ នៅក្នុងប្រទេសមួយចំនួន ដូចជាអាម៉េរិក និងដាណឺម៉ាក ការខ្ចីប្រាក់ក្នុងអត្រាការប្រាក់ថេរ មានប្រជាប្រិយភាពជាយូរមកហើយដែលអនុញ្ញាតឱ្យប្រជាជនការពារខ្លួនពីធនាគារកណ្តាលបង្កើនអត្រាការប្រាក់។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២១ អត្រាការប្រាក់កម្ចីទិញផ្ទះជាមធ្យមនៅក្នុងប្រទេសអ្នកមានបានកើនឡើងពាក់កណ្តាលនៃអត្រាការប្រាក់កម្ចីទូទៅដែលធនាគារកណ្តាលបានដំឡើង។
 
ចំណែកទីបី គឺការចំណាយការប្រាក់កាន់តែច្រើន។ បន្ទាប់ពីវិបត្តិអចលនទ្រព្យដែលបានចាប់ផ្តើមក្នុងឆ្នាំ២០០៧ រដ្ឋាភិបាលជាច្រើនបានណែនាំបទប្បញ្ញត្តិកាន់តែតឹងរ៉ឹង ដោយលុបបំបាត់អ្នកខ្ចីដែលមិនសូវមានធនធាន។ ដូច្នេះទីផ្សារទទួលតែអតិថិជនមានលក្ខខណ្ឌហិរញ្ញវត្ថុល្អ អាចទទួលយកការបង្កើនអត្រាការប្រាក់កាន់តែងាយស្រួល។
 
លើសពីនេះ អ្នកខ្ចីជាច្រើននៅតែមានប្រាក់សន្សំក្នុងកំឡុងកូវីដ-១៩។ ការប៉ាន់ប្រមាណចុងក្រោយបង្ហាញថា ជាមធ្យមនៅក្នុងប្រទេសអ្នកមាន (មិនរាប់បញ្ចូលអាម៉េរិក) ការសន្សំមានចំនួន ១៤ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំ៕ 

Tag:
 អចលនទ្រព្យ
  អត្រាការប្រាក់
  អាម៉េរិក
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com