ជាតិ
ក្រសួងវប្បធម៌ ចាត់ទុកចំណាត់ការអភិបាល និងស្នងការខេត្តក្រចេះ លើមេប៉ុស្ដិ៍ឃុំស្រែចារ ជាគំរូល្អ រូបពីផេកហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្ប
× ភ្នំពេញ៖ លោក ហាប់ ទូច រដ្ឋមន្ត្រីស្ដីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងអំណរគុណ ចំពោះលោកអភិបាលខេត្តក្រចេះ និងលោកស្នងការនគរបាលខេត្ត រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ ចំពោះវិធានការឆាប់រហ័ស លើករណីវិវាទរវាង មេប៉ុស្ដិ៍ឃុំស្រែចារ ជាមួយក្រុមល្ខោន នាយប្រិមប្រិយស្រីម៉ៅ កាលពីពេលកន្លងទៅ។ លោកថា នេះជាកិច្ចសហការដ៏ល្អ ចូលរួមដល់កិច្ចការអភិរក្ស និងលើកកម្ពស់ សិល្បៈវប្បធម៌ ដ៏ផូរផង់របស់ជាតិ។
រដ្ឋមន្ទ្រីស្ដីទី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហាប់ ទូច បានបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងអំណរគុណចំពោះចំណាត់ការដ៏ឆាប់រហ័ស របស់លោកអភិបាលខេត្ត ក៏ដូចជាស្នងការនគរបាលខេត្ត ចំពោះព្រឹត្តិការណ៍ ដែលបានកើតឡើង នៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ លើករណីលោកមេប៉ុស្ដិ៍ឃុំស្រែចារ បានចុះទៅហាមឃាត់ការលេងល្ខោន នៅក្នុងវត្តអូរលុង។ លោក ហាប់ ទូច ថាសកម្មភាពនេះ សបញ្ជាក់ឱ្យឃើញពីការគាំទ្ររបស់ថ្នាក់ដឹកនាំខេត្ត ចំពោះសកម្មភាពសម្ដែងសិល្បៈទស្សនីយភាព ដែលជាផ្នែកមួយដ៏សំខាន់ នៃប្រពៃណីជាតិ ដោយរាជរដ្ឋាភិបាល តែងតែផ្ដល់ការគាំទ្រ។
រដ្ឋមន្ត្រីស្ដីទី ថាវិធានការនេះ ជាគំរូសហការគាំទ្រសម្រាប់បណ្ដាខេត្តផ្សេងៗទៀត ក្នុងការចូលរួមបង្កលក្ខណៈងាយស្រួល ដល់ក្រុមសម្ដែងសិល្បៈមហាជន ក៏ដូចជាក្រុមសម្ដែងថ្នាក់ជាតិ ក្នុងការរៀបចំការសម្ដែងតាមទីសាធារណៈនានា នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ម្សិលមិញ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចេញសេចក្ដីបំភ្លឺព័ត៌មាន នៅលើទំព័រហ្វេសប៊ុក ស្នងការនគរបាលខេត្តក្រចេះ ថាក្រុមប្រឹក្សាវិន័យ បានសម្រេចដាក់ពិន័យលោកមេប៉ុស្ដិ៍ឃុំស្រែចារ ដោយផ្អាកការងារជាបណ្ដោះអាសន្ន និងទៅបង្ហាញមុខ នៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ។ ការពិន័យនេះ ក្រោយលោកនាយកប៉ុស្ដិ៍នគរបាលស្រែចារ បានទៅឃាត់ ការសម្ដែងសិល្បៈល្ខោន ក្នុងពិធីបុណ្យកឋិនទាន នៅវត្តអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានសូមការអភ័យទោស ចំពោះកំហុសឆ្គងរបស់មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្ត។ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ អះអាងថា ខ្លួនទទួលរាល់កិច្ចសហការ ផ្ដល់មតិរិះគន់ដើម្បីស្ថាបនានានា ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានសង្គម។
សូមបញ្ជាក់ថា ក្រុមសិល្បៈល្ខោនបាសាក់ នាយប្រិមប្រិយស្រីម៉ៅ បានបង្កើតឡើងជាផ្លូវការ នៅឆ្នាំ២០១៥ ដែលមានទីតាំងច្បាស់លាស់ និងមានការទទួលស្គាល់ពីសំណាក់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ។ មកទល់ពេលនេះ ក្រុមសិល្បៈនេះ បាននឹងកំពុងបន្តផ្ដល់សេវាកម្ម ផ្ទាំងទស្សនីយភាព ល្ខោនបាសាក់ នៅតាមបណ្ដាខេត្តក្រុងនានា៕
Tag:
សិល្បៈ
វប្បធម៌
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ខេត្តក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com