កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន ស្វាគមន៍ ស្វាយរៀង មុនទទួល Dynamic Herb Cebu របស់ហ្វីលីពីន
25, Nov 2023 , 8:30 am        
រូបភាព
ការប្រកួតរវាងព្រះខ័នរាជ ស្វាយរៀង និងភ្នំពេញក្រោន ជើងទី១ រូបពី Cambodian Premier League.jpg
ការប្រកួតរវាងព្រះខ័នរាជ ស្វាយរៀង និងភ្នំពេញក្រោន ជើងទី១ រូបពី Cambodian Premier League.jpg
ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ ព្រះខ័នរាជ ស្វាយរៀង ដែលជាក្រុមមិនទាន់ចាញ់សោះ ក្នុងលីគកំពូលកម្ពុជា Cambodian Premier League សប្តាហ៍ទី១១ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា នៅកីឡដ្ឋាន Smart RSN វេលាម៉ោង ៦ ល្ងាច។ ដោយឡែក ភ្នំពេញក្រោន ក៏នឹងត្រូវស្វាគមន៍ Dynamic Herb Cebu ក្រុមខ្លាំងហ្វីលីពីន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងពានរង្វាន់ AFC Cup 2023-2024 វគ្គចែកពូល F។

ភ្នំពេញក្រោន ត្រូវប្រកួតជាមួយក្រុមខ្លាំងៗ ជាច្រើន ទាំងក្នុងលីគ និង AFC Cup។ ដោយឡែក មុនថ្ងៃនៃពិធីបុណ្យអុំទូក គឺថ្ងៃទី២៥ ក្លិបកម្ពុជាមួយនេះ នឹងត្រូវស្វាគមន៍ ព្រះខ័នរាជស្វាយរៀង ដែលជាក្រុម ឈ្នះ ១០ប្រកួតជាប់គ្នា ក្នុងលីគកម្ពុជា នារដូវកាលនេះ។ 
 
ជំនួប​ជើងទី១ រវាងក្រុមទាំងពីរ នៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមព្រះខ័នរាជស្វាយរៀង បានឈ្នះ ភ្នំពេញក្រោន ម្ដងរួចមកហើយ ក្នុងលទ្ធផល ២-១ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ ជាមួយនិងការត្រៀមស្វាគមន៍ក្រុមខ្លាំងពីមកពីខេត្តស្វាយរៀងនេះ ភ្នំពេញក្រោន ក៏ត្រូវត្រៀមទទួល Dynamic Herb Cebu នាជំនួបជើងទី២ នៃវគ្គចែកពូល F ពានរង្វាន់ AFC Cup នៅថ្ងៃទី៣០ ខែវិច្ឆិកា ផងដែរ។
 
តើភ្នំពេញក្រោន អាចផ្អាក់ជ័យជម្នះជាប់គ្នារបស់ព្រះខ័នរាជស្វាយរៀង ត្រឹមការប្រកួតសប្ដាហ៍ទី១១ នេះទេ?
 
ក្នុងថ្ងៃជាមួយគ្នានេះ ព្រៃវែង ត្រូវប៉ះជាមួយ អាយ អេស អាយដង្កោសែនជ័យ នៅកីឡដ្ឋានខេត្តព្រៃវែង វេលាម៉ោង ៣:៣០ រសៀល។ ក្នុងជើងទី១ ព្រៃវែង បានលត់ អាយ អេស អាយដង្កោសែនជ័យ ៥-០ នៅកីឡដ្ឋាន AIA KMH Park។
 
ចំណែក វិសាខា ត្រូវស្វាគមន៍ ណាហ្គាវើលដ៍ នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៦:០០ ល្ងាច។ កាលប្រកួតក្រៅដី នាថ្ងៃទី១២ ខែសីហា វិសាខា បានឈ្នះ ក្រុម ដែលមានទីតាំងខេត្តកំពង់ស្ពឺនេះ ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ។ 
 
ក្នុងសប្ដាហ៍ទី១១ ដែដលនេះ នាថ្ងៃទី២៦ ខែវិច្ឆិកា អង្គរថាយហ្គឺរ ត្រូវស្វគមន៍ បឹងកេត នៅកីឡាដ្ឋានហនុមាន វេលាម៉ោង ៣:៣០ រីឯ កងយោធពលខេមរភូមិន្ទ ត្រូវប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានស្ដាតចាស់ វេលាម៉ោង ៦:០០ យប់។
 
គួរបញ្ជាក់ផងដែរថា  ព្រះខ័នរាជ ស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ១ (បណ្ដោះអាសន្ន) ដោយមាន ៣០ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន មាន២២ ពិន្ទុ និងចំណាត់ថ្នាក់លេខ៣ វិសាខា មាន២១ ពិន្ទុ។ រីឯបឹងកេត ឈរនៅចំនាត់ថ្នាក់លេខ៤ មាន ១៤ពិន្ទុ ចំណែក ព្រៃវែង លេខ៥ និង អាយ អេស អាយ ដង្កោសែនជ័យ ចំណាត់ថ្នាក់លេខ៦ មាន ១៣ពិន្ទុស្មើគ្នា។ កងយោធពលខេមរភូមិន្ទ ឈរចំណាត់ថ្នាក់លេខ៧ មាន ១០ពិន្ទុ តាមពីក្រោយដោយ ណាហ្គាវើលដ៍ លេខ៨ មាន ៩ពិន្ទុ។ ចំណែក អង្គរថាយហ្គឺ នៅបន្ដឈរ ចំណាត់ថ្នាក់លេខ៩ មាន ៧ពិន្ទុ ខណៈ គិរីវង់សុខសែនជ័យ លេខ១០ មាន ៥ពិន្ទុ៕

Tag:
 (បាល់ទាត់
  Cambodian Premier League)
© រក្សាសិទ្ធិដោយ thmeythmey.com