អន្តរជាតិ
ចិនថាគ្មានមេរោគខុសប្លែកពីធម្មតាត្រូវបានរកឃើញនៅភាគខាងជើងឡើយ ក្រោយWHO ស្នើសុំព័ត៌មាន
24, Nov 2023 , 4:59 pm        
រូបភាព
ក្មេងៗ និងឪពុកម្តាយរង់ចាំនៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុងប៉េកាំង។ រូបភាព AFP
ក្មេងៗ និងឪពុកម្តាយរង់ចាំនៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុងប៉េកាំង។ រូបភាព AFP
អាជ្ញាធរចិន មិនបានរកឃើញមេរោគខុសពីធម្មតា ឬមេរោគថ្មីឡើយ ហើយថែមទាំងបានផ្តល់ទិន្នន័យពាក់ព័ន្ធតាមការស្នើសុំលើរបាយការណ៍ជំងឺសួតជាចង្កោម និងការកើនឡើងនៃជំងឺផ្លូវដង្ហើមនៅប៉ែកខាងជើងប្រទេស។ អង្គការសុខភាពពិភពលោក (WHO) បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២៣ ខែវិច្ឆិកា។

 
បន្ទាប់ពីកម្មវិធីឃ្លាំមើលការលេចឡើងជំងឺឆ្លង (ProMED) បានរាយការណ៍ពីជំងឺសួតជាចង្កោម នៅភាគខាងជើងចិន អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២២ ខែវិច្ឆិកា បានស្នើសុំចិនពីព័ត៌មាននៃជំងឺឆ្លងទាំងនោះ។ តាមសំណើ រដ្ឋាភិបាលក្រុងប៉េកាំង បានផ្តល់របាយការណ៍ ហើយក៏គ្មានមេរោគថ្មី ត្រូវបានរកឃើញដែរ។ 
 
តាមសេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ចេញនៅថ្ងៃទី២៣ ខែវិច្ឆិកា ចិនមិនបានរកឃើញមេរោគថ្មី ឬមេរោគមិនធម្មតាណាមួយឡើយ។ ចំណែកករណីឆ្លងជំងឺផ្លូវដង្ហើមកើនឡើងនៅភាគខាងជើងចិន គឺដោយសារមេរោគជាច្រើនប្រភេទ ដែលត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញរួចមកហើយ។ 
 
អង្គការ WHO ខ្លួនកំពុងតាមដានយ៉ាងម៉ត់ចត់លើស្ថានភាព ហើយទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរចិន។ តាមទិន្នន័យបង្ហាញដោយអាជ្ញាធរចិន ការកើនឡើងនៃជំងឺឆ្លង គឺមានពាក់ព័ន្ធនឹងការលើកចោលវិធានរឹតត្បិតតំបន់ ស្របពេលមានការរីកសាយនៃមេរោគដែលបង្កជាជំងឺផ្លូវដង្ហើម និងជំងឺសួត ចាប់តាំងពីខែឧសភាមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ដោយមិនបានរកឃើញមេរោគថ្មីនៅក្នុងក្រុងប៉េកាំង និងខេត្តភាគឦសាន Liaoning អង្គការ WHO មិនបានហាមឃាត់ការធ្វើដំណើរ ឬពាណិជ្ជកម្មទៅក្នុងតំបន់នោះឡើយ។ ទន្ទឹមនេះ អង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ផងដែរថា វាជាកិច្ចការជាប្រចាំដែលអង្គការត្រូវស្នើសុំព័ត៌មានពីប្រទេសសមាជិកដូចជាចិន ពាក់ព័ន្ធនឹងជំងឺឆ្លង និងសួតជាដើម។ 
 
ជាការពិត ការកើនឡើងនៃជំងឺផ្លូវដង្ហើម មិនមែនកើតមានតែនៅចិនមួយនោះឡើយ ដែលកំពុងមានរដូវត្រជាក់ ប៉ុន្តែប្រទេសដទៃ ក៏កំពុងប្រឈមនឹងជំងឺផ្លូវដង្ហើមនេះដែរ ក្រោយពីវិធានការបន្ធូរបន្ថយទប់ស្កាត់ជំងឺកូវីដ-១៩ នៅពេលកន្លងមក។ 
 
កន្លងមក អង្គការWHO បានបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលខែតុលា ភាគខាងជើងចិន មានករណីកើនឡើងនៃជំងឺផ្លូវដង្ហើម។ មន្ទីរពេទ្យក្នុងក្រុង Xian មានអ្នកជំងឺជាច្រើន បានស្វែងរកការព្យាបាល ស្របពេលអ្នកលេងបណ្តាញសង្គមចិន បានបង្ហោះរូបពីក្មេងៗព្យួរសេរ៉ូម ក្នុងពេលធ្វើកិច្ចការសាលា។ 
 
ជុំវិញបញ្ហានេះ អង្គការWHO បានស្នើប្រជាជនចិនគោរពតាមវិធានការទប់ស្កាត់ជំងឺឆ្លង ដើម្បីកាត់បន្ថយជំងឺផ្លូវដង្ហើម។ វិធានការទាំងនោះមានដូចជា ចាក់វ៉ាក់សាំង, រក្សាគម្លាត, ស្នាក់នៅផ្ទះ ពេលឈឺ រួមទាំងស្វែងរកការព្យាបាលវេជ្ជសាស្រ្ត ប្រសិនបើចាំបាច់ជាដើម។
 
គួររម្លឹកថា ចាប់តាំងពីផ្ទុះឡើងនៃជំងឺកូវីដ-១៩ ចិនបានរងការរិះគន់យ៉ាងខ្លាំង ដោយសារការដាក់ចេញចំណាត់ការយឺតពេល ក្នុងការទប់ស្កាត់ជំងឺឆ្លង។ លើសពីនេះ ប្រទេសជាច្រើន បានទទូចឱ្យរកប្រភពដើមនៃជំងឺកូវីដ-១៩ ថែមទៀត៕ 

Tag:
 ចិន
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com