RFI
សុខភាព
អន្តរជាតិ
ដូច​ម្តេច​ដែល​ហៅ​ថា អាហារកែច្នៃ​​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ?
24, Nov 2023 , 7:39 pm        
រូបភាព
សាច់មាន់ nugget ជាប្រភេទអាហារកែច្នៃខ្លាំង AFP Photo Yoshikazu Tsuno
សាច់មាន់ nugget ជាប្រភេទអាហារកែច្នៃខ្លាំង AFP Photo Yoshikazu Tsuno
ដោយ៖អៀង សុខម៉ិញ / RFI
 
សុវត្ថិភាព​ចំណីអាហារ កំពុង​ក្លាយ​ជា​កង្វល់​សង្គម​ដ៏​ធំមួយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ ភ្លាមៗ​ផង​ និង​សម្រាប់​រយៈ​ពេល​ខាង​មុខ​ផង។ កាលពីពេល​ថ្មីៗ​នេះ ចំណោទ​ជុំ​វិញ​បញ្ហា​សុវត្ថិភាព​ចំណី​អាហារ​បាន​ផ្ទុះ​ឡើង​ខ្លាំង​ប្រទេស​កម្ពុជា​ រហូត​ក្រសួង​អប់​រំ​បាន​ចេញ​សេចក្តី​ណែនាំ​មិន​ឱ្យ​សាលា​រៀន​លក់​នំ​មួយ​ចំនួន។ តើ​អាហារ​ប្រភេទ​ណា ដែល​ល្អ និង​អាហារ​ប្រភេទ​ដែល​អាក្រក់​សម្រាប់​សុខភាព ? តើ​​អ្វី​ទៅ​​ជា​អាហារ​កែច្នៃ​ ? អាហារ​ឧស្សាហកម្ម​ ? ហេតុ​អ្វី​ត្រូវ​ជ្រើសរើស​ទទួលទាន​អាហារ​ជា​បន្លែ​ផ្លែឈើ​ស្រស់ តាម​រដូវ ?



មនុស្សលោក​ចេះ​កែច្នៃ​​អាហារ​ តាំងពីយូរយារ​ណាស់​មកហើយ។ គោល​បំណង​​ធំ​នៃ​ការ​កែច្នៃអាហារ​នេះ គឺ​ដើម្បី​ទុកឱ្យ​​បាន​យូរផង និង​ធ្វើ​ឱ្យ​អាហារ​អាច​កាន់​តែ​ស្រួល​បរិភោគផង។ បច្ចុប្បន្ន ​អាហារ​កែច្នៃ ​​រីក​ចម្រើនកាន់​តែ​ខ្លាំង និង​កាន់​តែ​​សម្បូរបែបណាស់។
 
​កាន់​តែ​សម្បូរ ចំណោទ​សួរ​ជុំ​វិញ​សុវត្ថិភាព​និង​គុណភាពផ្នែក​អាហារូបត្ថម្ភ​មាន​​កាន់​តែ​​ខ្លាំង ព្រោះ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ គំនិត​​កែច្នៃ​​​កាន់​តែប្លែក អាហារ​ប្តូរ​ផ្លាស់​ទម្រង់​កាន់​តែ​ខ្លាំង​​។ ជាអាហារ​កែច្នៃ​ខ្លាំង តាម​បែប​ឧស្សាហកម្ម ដែល​នាំ​ឱ្យ​មាន​ការ​ប្តូរ​រូបរាង ធាតុគីមី និង​​ជីវសាស្ត្រ​យ៉ាង​ខ្លាំង ឬ​ដោយ​ដាក់​បន្ថែម​យ៉ាង​ច្រើន​នូវ​សារធាតុ​គីមី​ នូវ​គ្រឿង​ផ្សំ​ឧស្សាហកម្ម​ចម្រាញ់​ចេញ​ពី​វត្ថុធាតុដើម​កសិកម្ម និង​សិប្បនិម្មិត។



 
នៅប្រទេស​បារាំង អាហារ​កែច្នៃ​ ឬ​អាហារ​ឧស្សាហកម្ម  មាន​ផ្ទុក​ថាមពល​ប្រមាណ​៣០%​នៃ​សេចក្តី​ត្រូវការ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស និង​ឡើង​​ដល់​ទៅ​៦០%​សម្រាប់​ប្រទេស​លោក​ខាង​លិច​ខ្លះ​ដូច​យ៉ាង​អាមេរិក​​ឬ​អង់គ្លេស។ នេះ​បើ​តាម​ទិន្នន័យ​សិក្សា​របស់​វិទ្យាស្ថាន​សុខភាព​និង​​ស្រាវជ្រាវ​សុខាភិបាល​ជាតិបារាំង​។
 
ដូចម្តេច​ដែល​ហៅថា​ អាហារ​កែច្នៃ​ ?

​​អ្នកស្រាវជ្រាវ​ម៉ិចស៊ិក បាន​បំផុស​ពិភពលោក​ឱ្យ​ចាប់​អារម្មណ៍​ពី​អាហារកែច្នៃ​មុន​គេ នៅឆ្នាំ​២០០៧ ព្រោះ​ឃើញ​ពលរដ្ឋ​ម៉ិចស៊ិក​លែង​សូវ​ទទួល​ទាន​ម្ហូប​ជាតិ ហើយ​ងាក​ទៅរក​អាហារ​បែប​ឧស្សាហកម្ម។ សម្រាប់​អ្នក​ស្រាវជ្រាវម៉ិចស៊ិក អាហារ​កាន់តែ​មាន​លក្ខណៈ​ឧស្សាហកម្ម កាន់​តែ​មិន​ល្អ​សម្រាប់​សុខភាព។ ពួក​គាត់​បាន​បែង​ចែក​​អាហារ​ ជា​​បី​កំរិត ៖ ចំណី​និង​ម្ហូបជា​ប្រពៃណី ចំណី​និងម្ហូប​ប្រពៃណី​បែប​ឧស្សាហកម្ម ចំណីនិង​ម្ហូបទំនើប បែប​ឧស្សាហកម្ម ឬ​ហៅ​អាហារ​​កែច្នៃ​ខ្លាំង។
 
តែ​និយម​ន័យ​ផ្តល់​ដោយ​អ្នកស្រាវជ្រាវ​ប្រេស៊ីល​នៅឆ្នាំ​២០០៩ ទើប​បាន​ទទួល​ជោគជ័យ​ខ្លាំង​ នៅទូទាំងពិភពលោក និង​ទទួល​ស្គាល់ សម្រាប់​សិក្សា​វាយ​តម្លៃអំពី​ផលប៉ះពាល់​នៃអាហារ​ចំពោះ​សុខភាព។ អ្នក​វិទ្យាសាស្ត្រ​ប្រេស៊ីល កំណត់​​ក្បួន NOVA ​​បែង​ចែង​​អាហារទៅ​តាម​កំរិត​នៃ​ការ​បំផ្លែង​ ទៅ​តាម​កំរិត​នៃការ​ប្រើ​សារធាតុ​គីមី​បន្ថែម ឬការ​ប្រើ​សារធាតុ​ឧស្សាហកម្មចម្រាញ់​ចេញ​ពី​វត្ថុធាតុដើម​រុក្ខជាតិ ឬ​សត្វ។ ប្រើ​គ្រឿង​ផ្សំ​កាន់​តែ​ច្រើន​មុខ អាហារ​មានការ​ប្តូរផ្លាស់​ទម្រង់​កាន់​តែ​ខ្លាំង។​
 
ការ​យក​បន្លែ​ផ្លែឈើ​​​​រុក្ខជាតិ ឬ​សាច់សត្វ​ មក​ ហាន់​ ចិញ្ចាំ លាយ​ច្របល់ ​ហាលចំអិន ​ផ្អាប់ ផ្អើរ ត្រាំ ប្រលាក់ ​ដោយប្រើ​តែ អំបិល ម្រេច ​ប្រេង ឬ​គ្រឿង​ទេស​ផ្សេងៗ​ ដូច​ជា​ធ្វើ​ អាហារ​កំប៉ុង ផ្អក​ ប្រហុក ប្រូម៉ា សាច់ងៀត ត្រីងៀត ត្រីឆ្អើរ ... ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ​កែច្នៃហើយ​ តែ​ជា​ការ​កែច្នៃ​បែប​បូរាណ។
 
ប៉ុន្តែគឺ​ការ​​​កែច្នៃ​ ​តាមបែប​បទឧស្សាហកម្ម ដែល​ធ្វើ​ឱ្យ​អាហារ​ប្តូរផ្លាស់​​ទ្រង់ទ្រាយ​ខ្លាំង ​និង​ជា​ច្រើន​ត្រលប់ ហើយ​ត្រូវ​បាន​គេ​ដាក់​បន្ថែមនូវ​គ្រឿង​ផ្សំ​គីមី ឬ​គ្រឿង​ផ្សំបែប​សិប្បនិម្មិត​ (​ឧស្សាហកម្ម​) ​ជាច្រើន​មុខ​ទៀត ដូច​ជា បន្ថែម​សារធាតុ​គីមីពណ៌​(លាក់)ដើម្បី​ឱ្យ​ម្ហូប​អាហារ​ឡើង​ពណ៌​ល្អ ថែម​មេថែម​ម្សៅដើម្បី​ដំឡើង​បរិមាណ ថែម​រសជាតិដើម្បី​ឱ្យ​ម្ហូប​កាន់​តែ​ឆ្ងាញ់​​​ ថែមអង់ទីអុកស៊ីដង់ដើម្បី​ទុក​បាន​យូរ ។ល។ និង​។ល។ នេះ​ហើយដែល​ហៅថា​​អាហារ​កែច្នៃ​ខ្លាំង ឬ​អាហារ​កែច្នៃបែប​ឧស្សាហកម្ម។
 
ភេសជ្ជៈកំប៉ុង ភេសជ្ជៈមាន​រសជាតិទឹក​​ដោះគោ/ផ្លែឈើ ហតដក ស៊ូរីម៊ី នូហ្កែតមាន់ នូហ្កែតត្រី មីកញ្ចប់ ស៊ុបបន្លែ​សម្ងួត នំចំណី ​នំ​ផ្អប់-នំកញ្ចប់ ឆាហួយ សេរៀល​សម្រាប់​អាហារ​ពេល​ព្រឹក គ្រឿង​បង្អែម​ថែម​ស្ករថែម​ក្លិន​សិប្បនិម្មិត ស្ករ​គ្រាប់ ស្ករកៅស៊ូ ផលិតផល​អាហារ​បញ្ចុះ​ទម្ងន់ ម្ហូប​ស្រាប់​ អាហារ​ធ្វើ​ហើយ... សុទ្ធ​សឹង​ជា​អាហារ​កែច្នៃ​ខ្លាំង​។
 
អាហារ​កែច្នៃបែប​ឧស្សាហកម្មនេះ មាន​ ដាក់​លក់យ៉ាង​ពោរពាស​ ស្រួលណាស់រក​ទិញ​ណាស់ ​ហើយ​បាន​ឆ្ងាញ់មាត់​និង​​ទាន់​សម័យ​ទៀត។ ប៉ុន្តែ​អាហារ​ឧស្សាហកម្ម​ អាហារកែច្នៃខ្លាំង មិន​ប្រាកដ​ថា​ល្អ​សម្រាប់​សុខភាព​ទេ បើ​គិត​អំពី​គុណភាព​ផ្នែក​អាហារូបត្ថម្ភ​។ អាហារ​បែប​នេះ ជាប់​ឈ្មោះ​អាក្រក់ ថា​អាច​បង្ក​ឱ្យ​មាន​ជំងឺ​សរសៃ​ឈាម​បេះ​ដូង និងអាច​នាំ​ឱ្យ​មាន​ហានិភ័យ​ដល់​​ប្រព័ន្ធ​រំលាយ​អាហារ ឬកើត​ជំងឺ​មហារីកផង។ ហានិភ័យ​កើត​សរសៃ​ឈាម​ជំងឺ​បេះ​ដូង (ឡើង​ទម្ងន់ ធាត់​ជ្រុល លើសឈាម) កើន​ឡើង​ទៅ​តាម​បរិមាណ​​នៃ​ការ​ទទួល​អាហារ​កែច្នៃ​។​
 
​​ហេតុ​អ្វី​បាន​ជា​អាហារ​កែច្នៃ​ អាហារ​ឧស្សាហកម្ម​ អាច​បំផ្លាញ​សុខភាព​ ?

លោកស្រី​វេជ្ជបណ្ឌិតBinetou Cheikh Seck គ្រូពេទ្យ​ឯកទេស​របបអាហារ​និង​អាហារូបត្ថម្ភ នៅ​ក្រុង​ដាកា​ប្រទេសសេណេហ្កាល់៖ “ពីព្រោះ​ចំណីអាហារ​កែច្នៃ -ចំណីអាហារ​ឧស្សាហកម្ម មាន​ផ្ទុក​សារធាតុ​គីមីបន្ថែម ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​ និង​ដល់​ដំណើរការ​ជា​ធម្មតា​របស់​សរីរាង្គកាយ​មនុស្ស។ មិនតែ​ប៉ុណ្ណោះ​ បច្ចុប្បន្ន​នេះ អ្នក​ស្រាវជ្រាវ​ និយាយ​អំពីផលរំខាន​ដល់​​ក្រពេញ​អ័រមូន​លូត​លាស់​ (Perturbateur endocrinien)។ អាហារ​ឧស្សាហកម្ម មាន​បង្កប់​សារធាតុ​ខ្លាញ់​ ជាតិ​ផ្អែម (ស្ករ) ដែល​មិន​ល្អ​ទាល់​សោះ​សម្រាប់សុខភាព​​។ ​​ទទួល​ទាន​អាហារ​ស្រស់ អាហារ​តាម​រដូវ និង​តាម​តំបន់​ ទើប​ល្អ។ ពិសារ​កាន់​តែ​ច្រើន ​សុខភាព​​កាន់​តែប្រសើរ។ ចំណីអាហារ​ស្រស់ មិន​ត្រឹម​តែ​មាន​​ឱជា​រស ​ឆ្ងាញ់​ពិសារ​ទេ តែ​ថែមទាំង​ធានា​បាន​នូវ​គុណភាព​អាហារូបត្ថម្ភខ្ពស់​ទៀត​ផង។
 
ហេតុអ្វី​ត្រូវ​ជ្រើសរើស​ទទួល​ទាន​បន្លែ​និង​ផ្លែឈើ​ស្រស់​តាម​រដូវ ?

លោកស្រី​វេជ្ជបណ្ឌិតBinetou Cheikh Seck ៖ បើ​និយាយ​អំពី​ បន្លែ​ផ្លែឈើនេះ​ គួរ​តែ​ជ្រើសរើស​ទទួល​ទាន​ បន្លែ​ផ្លែឈើ​តាម​រដូវ និង​ដុះ​ក្នុង​ស្រុក ព្រោះ​បន្លែផ្លែឈើ​នេះ ដុះ​លូតលាស់​លើ​ទឹក​ដី​ដែល​ត្រូវ​នឹង​ធាតុអាកាស​ស្រុក​នោះ​ - ដុះលូតលាស់​ត្រង់​កន្លែង​ដែល​ត្រូវ​លូតលាស់ និង​ប្រមូលផល​ នៅ​​ពេល​ដែល​ត្រូវ​កាច់​បេះ ពោល​គឺ​ពេញ​សាច់​ ពេញ​ផ្លែ ត្រឹម​ត្រូវ​។ បន្លែ​ផ្លែឈើ​បែប​នេះ មាន​ផ្ទុក​កំហាប់អាហារូបត្ថម្ភ ​វីតាមីន​ និង​សារធាតុ​រ៉ែ​ យ៉ាង​ពេញ​លេញ​។ ចំណែក​បន្លែ​ផ្លែឈើ​នាំ​ចូលវិញ ដើម្បី​រក្សា​ទុក​ឱ្យ​បាន​យូរ ​ គេ​ប្រហែល​ជា​ត្រូវ​ប្រើ​វិធី​បែប​​សិប្បនិម្មិត។”
 
អាហារ​បង្កក

បន្លែ​ផ្លែឈើ​ស្រស់ តាម​រដូវ​ ដុះតាម​ស្រុក​ក្បែរ​ផ្ទះ មិន​ឡូយ​ទេ តែ​ជា​អាហារ​ដ៏​​មាន​ឱជារស និង​ល្អ​សម្រាប់​សុខភាពណាស់។ នេះ​ជា​​ជម្រើស​ដ៏​ប្រពៃ​បំផុត​ ប៉ុន្តែ​ដោយ​មូលហេតុថវិកា ​លក្ខខណ្ឌការងារ​ ឬ​ពេលវេលា​ ស្វែង​រក​អាហារ​ស្រស់ បន្លែ​ផ្លែឈើ​តាម​រដូវ​ មិនមែន​ជា​ប្រការ​ស្រួល​ឡើយ។ ក្នុងករណី​នេះ អ្នក​ជំនាញ​ផ្នែកអាហារូបត្ថម្ភ​បារាំង​ សូម​ណែនាំ​ឱ្យ​លោក​អ្នក​ជ្រើសរើស​បន្លែ​ផ្លែឈើ បង្កក។
 
ភាព​ខុស​គ្នា​ដ៏​ចម្បង​មួយនៃ​បន្លែ​ផ្លែឈើ​ស្រស់​និង​បន្លែផ្លែឈើ​កក គឺ​សម្រស់​ខាង​ក្រៅ និងភាពស្រស់​​ស្រួយ​​នៅពេល​ទំពារ។ គេ​មិន​អាចទទួល​​​អារម្មណ៍​ដូច​គ្នា នៅ​​ពេល​ទំពារ​បន្លែផ្លែឈើ​ស្រស់ និង​បន្លែផ្លែឈើ​កកទេ។ ប៉ុន្តែ​មិន​ដូច​អ្វី​ដែល​គេ​ធ្លាប់​មាន​ជំនឿ​​ បន្លែផ្លែឈើ​កក ផ្តល់​គុណប្រយោជន៍​ដល់​សុខភាព​ ​ស្មើ​នឹង​អាហារ​ស្រស់​ដែរ។ សូម​ជ្រើសរើស​ទទួល​ទាន​អាហារ​​កក​ ដោយ​រីករាយ​ចុះ ព្រោះ ​ឧស្សាហកម្ម​ចំណីអាហារ​កក មាន​បណ្តាញ​ដាច់​ដោយឡែក។ ​​បន្លែ​​ផ្លែឈើ ត្រី​សាច់ សម្រាប់​បង្កក តែងតែ​កាត់​បេះ នេសាទ​​បាន​ ភ្លាមដាក់​បញ្ចូល​ក្នុងបណ្តាញ​បង្កកភ្លាម។ ដូច្នេះ​បន្លែផ្លែឈើ ត្រី​សាច់​ទាំង​នោះ​នៅស្រស់ៗ​ល្អ​ខ្លាំងណាស់ ព្រមទាំង​មាន​ផ្ទុក​​គុណភាព​ផ្នែក​អាហារូបត្ថម្ភ​ យ៉ាង​​ខ្ពស់​ខ្លាំង ក្នុង​កំរិត​ស្ទើរ​ស្មើនឹង​​អាហារ​ស្រស់​ដែរ។ បើ​តាម​គ្រូពេទ្យ​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ មាន​ការ​ប្រែប្រួល​តិច​ណាស់​រវាង​បន្លែ​ផ្លែឈើ​ស្រស់ និង​បន្លែ​ផ្លែឈើកក ដោយ​​ភាព​ត្រជាក់​និងកក អាច​រក្សា​​វីតាមីន សេ និង​ដេ របស់​បន្លែ​ផ្លែឈើ​បាន​យ៉ាង​ពេញ​លេញ។
 
ការ​ទទួល​ទាន​បន្លែ​ផ្លែឈើកក ជួនកាល​ល្អ​ជាង​បរិភោគ​បន្លែផ្លែឈើ​ស្រស់ផង។ ទុកបន្លែ​ផ្លែឈើ ​​​ចោល (ហាលវាលហាលខ្យល់) ក្នុង​ផ្ទះ​យូរ​ថ្ងៃ​ពេក អាច​ធ្វើ​ឱ្យបន្លែ​ផ្លែឈើ​ទាំងនោះ​បាត់​បង់​ប្រយោជន៍​​ផ្នែកអាហារូបត្ថម្ភ  ជាពិសេស​បាត់​បង់​សារធាតុ​វីតាមីន សេ និង​សមត្ថភាព​ផ្នែក​អង់ទីអុកស៊ីដង់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​វេជ្ជបណ្ឌិត​ជំនាញ សូម​លើក​ទឹកចិត្ត​ឱ្យ​ យើង​គ្រប់គ្នា បើ​ប្រសិន​មាន​លទ្ធភាព ​សាកល្បង​បង្ក​បន្លែផ្លែឈើ​ដោយ​ខ្លួន​ឯង។ ទិញមក​ពីផ្សារ​ច្រើន រំលែក​ទទួល​ទាន​មួយភាគ​ភ្លាម សល់​ប៉ុន្មាន​ ចិត​កាត់​បន្លែ​ផ្លែឈើត្រីសាច់ ស្រស់ៗ ជា​ដុំៗ​តូច​ល្មម ​ហើយ​យក​ទៅ​បង្កក​ទុក​ភ្លាម​។ បន្លែ​ត្រីសាច់​ទាំងនោះ​នឹង​រក្សា​គុណភាព​បាន​ដូច​នៅស្រស់។
 
សូម​ប្រយ័ត្ន​ អ្នក​ជំនាញ​អួត​សរសើរ​អំពី​គុណភាព​អាហារកក​នេះ គឺ​សំដៅ​​តែ​លើ បន្លែ ផ្លែឈើ ត្រី សាច់ សុទ្ធ​បង្កកដោយ​​គ្មាន​កា​រកៃច្នៃទេ។ អាហារ​ឆ្អិន​ស្រាប់ ឬ​អាហារ​កែច្នៃ​ធ្វើ​ហើយ​ដាក់​បង្កកលក់ មាន​រាប់​បញ្ចូល​ក្នុង​បញ្ជីនេះ​ទេ។ ជា​ថ្មី​ម្តង​ទៀត អាហារ​ធ្វើ​​ស្រាប់ ឬ​អាហារ​កែច្នៃ ធ្វើ​ឡើង​តាមបែប​ឧស្សាហកម្ម​ គ្មាន​​គុណភាព​ល្អ​សម្រាប់សុខភាព​ឡើយ៕
 

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com