សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប៉ាគីស្ថាន ដាក់ពាក្យចូលរួមជាមួយក្រុម BRICS
24, Nov 2023 , 9:59 pm        
រូបភាព
មេដឹកនាំទាំង៥ប្រទេសនៃក្រុម BRICS ។​  រូបភាព ៖  AFP
មេដឹកនាំទាំង៥ប្រទេសនៃក្រុម BRICS ។​ រូបភាព ៖ AFP
ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅរុស្ស៊ី លោក Muhammad Khalid Jamali បាននិយាយថា ប៉ាគីស្ថានបានដាក់ពាក្យចូលជាសមាជិក BRICS ហើយ ដោយរំពឹងថានឹងបានចូលរួមជាមួយក្រុមនេះនៅឆ្នាំ២០២៤ ពេលរុស្ស៊ីធ្វើជាប្រធាន។

 
ដោយមានការគាំទ្រពីចិន ប៉ាគីស្ថានរំពឹងថានឹងអាចចូលរួមជាមួយ BRICS ដែលកំពុងពង្រីកសមាជិកភាពបន្ថែមផង។
 
ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំរុស្ស៊ី លោក Muhammad Khalid Jamali ប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា ប្រទេសរបស់លោកកំពុងរកការគាំទ្ររបស់រុស្ស៊ីដែលជាប្រធាន BRICS ឆ្នាំ២០២៤ ថែមទៀត។
 
កន្លងមកប៉ាគីស្ថានធ្លាប់អះអាងថា ឥណ្ឌាជាប្រទេសតែមួយគត់ដែលរារាំងខ្លួនពីការចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុម BRICS ។ យ៉ាងណា បច្ចុប្បន្នមិនមានប្រតិកម្មរបស់ឥណ្ឌាចំពោះពាក្យស្នើសុំរបស់ប៉ាគីស្ថានដើម្បីចូលរួមជាមួយ BRICS នោះទេ។ 
 
កាលពីខែតុលា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បាននិយាយថា BRICS គ្រោងរៀបចំបញ្ជីបេក្ខភាពសម្រាប់ឋានៈប្រទេសជាដៃគូ មុនពេលកិច្ចប្រជុំកំពូលរបស់ក្រុមនឹងប្រព្រឹត្តទៅនៅទីក្រុង Kazan នៅឆ្នាំ២០២៤។ ក្នុងអំឡុងពេលធ្វើជាប្រធាន BRICS រុស្ស៊ីនឹងយកចិត្តទុកដាក់ជាពិសេសចំពោះការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសមាជិកដៃគូរបស់ BRICS។ 
 
BRICS ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ ជាមួយនឹងសមាជិកចំនួន៤ មានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន ក្រោយមកបានបន្ថែមអាហ្វ្រិកខាងត្បូងមួយទៀតនៅឆ្នាំ២០១០ ។ ក្រៅពីភូមិសាស្ត្រនយោបាយ ប្លុកផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ពហុភាគី។ 
 
ប្លុក BRICS នឹងមានសមាជិកថ្មី៦ បន្ថែមទៀតចាប់ពីឆ្នាំ២០២៤ រួមមាន អាហ្សង់ទីន អេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម  ដែលស្មើនឹងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក និង ២៩ភាគរយនៃផលិតផលក្នុងស្រុកសរុបសកល ប៉ុន្តែមិនទាន់មានភាពរីកចម្រើនដូចប្លុក G7 នោះទេ៕

Tag:
 ប៉ាគីស្ថាន
  BRICS
© រក្សាសិទ្ធិដោយ thmeythmey.com