RFI
អន្តរជាតិ
ឥណ្ឌូណេស៊ីប្រកាសផែនការថាមពលថ្មីដើម្បីទាញយកកញ្ចប់ជំនួយអន្តរជាតិ ២០ពាន់លានដុល្លារ
25, Nov 2023 , 11:31 am        
រូបភាព
កម្មករដើរនៅកំពង់ផែនាំចេញធ្យូងថ្មឥណ្ឌូណេស៊ីនៅកោះស៊ូម៉ាត្រា ឆ្នាំ ២០២២ via REUTERS - ANTARA FOTO
កម្មករដើរនៅកំពង់ផែនាំចេញធ្យូងថ្មឥណ្ឌូណេស៊ីនៅកោះស៊ូម៉ាត្រា ឆ្នាំ ២០២២ via REUTERS - ANTARA FOTO
ដោយ: ថ្មីៗ
 
ដោយ៖ ឈាង បុប្ផា /RFI
 
រដ្ឋាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃអង្គារទី ២១វិច្ឆិកា ចាប់ផ្តើមផែនការវិនិយោគសំដៅកាត់បន្ថយការពឹងផ្អែកលើថាមពលបានមកពីធ្យូងថ្ម ជាថ្នូរនឹងការទទួលបានកញ្ចប់ថវិកាពីក្រុមប្រទេសអ្នកមាន។ ជាប្រទេសដែលពឹងផ្អែកខ្លាំងលើថាមពលធ្យូងថ្ម ដែលជាប្រភពបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ឥណ្ឌូណេស៊ីបានចុះកិច្ចព្រមព្រៀងជាមួយក្រុមប្រទេសលោកខាងលិច ដើម្បីឈានទៅកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកឲ្យបាន៤០លានតោន នៅឆ្នាំ ២០៣០។

 
ដើម្បីទាក់ទាញបានថវិកា២០ពាន់លានដុល្លារ ពីក្រុមប្រទេសអ្នកមាន ដែលបានសន្យាជួយក្រុមប្រទេសកំពុងអភិវឌ្ឍក្នុងការងាកទៅប្រើថាមពលស្អាតស្អំ រដ្ឋាភិបាលឥណ្ឌូណេស៊ីប្រកាសផែនការវិនិយោគ ដែលមានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក នៅក្នុងវិស័យផ្គត់ផ្គង់អគ្គិសនី។
 
ទៅតាមការប្រកាសរបស់ក្រសួងដែនសមុទ្រ និងការវិនិយោគឥណ្ឌូណេស៊ី ផែនការគោលនយោបាយ និងការវិនិយោគ ដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីប្រកាសចាប់ផ្តើម នៅថ្ងៃអង្គារ មានចែងពីការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក នៅក្នុងវិស័យផ្គត់ផ្គង់អគ្គិសនី ឲ្យមកនៅសល់ត្រឹម ២៥០លានតោន នៅឆ្នាំ ២០៣០។ ជាប្រទេសដែលពឹងផ្អែកខ្លាំងទៅលើថាមពលធ្យូងថ្ម និងប្រេង សម្រាប់រោងចក្រផលិតអគ្គិសនី ឥណ្ឌូណេស៊ីធ្លាប់បានសន្យាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក មកនៅត្រឹម ២៩០លានតោន នៅឆ្នាំ ២០៣០។
 
សម្រាប់រដ្ឋមន្រ្តីក្រសួងដែនសមុទ្រនិងការវិនិយោគឥណ្ឌូណេស៊ី ដើម្បីសម្រេចកម្មវត្ថុ ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ឥណ្ឌូណេស៊ីត្រូវការថវិកា យ៉ាងហោច ៩៧ពាន់លានដុល្លារសម្រាប់វិនិយោគទៅលើថាមពលស្អាតស្អំ ដូចជាផ្ទាំងសូឡា ជាដើម ដើម្បីផលិតផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេស។ តម្រូវការចង់បានរបស់ឥណ្ឌូណេស៊ី ចំនួន ៩៧ពាន់លានដុល្លារ គឺស្មើ៥ដងនៃកញ្ចប់ជំនួយដែលសន្យាដោយក្រុមប្រទេសលោកខាងលិច។
 
ស្ថិតក្នុងចំណោមប្រទេសដែលនាំចេញធ្យូងថ្មច្រើនជាងគេ នៅក្នុងលោក ហើយក៏ជាអ្នកប្រើថាមពលធ្យូងថ្មច្រើនសម្រាប់ផលិតអគ្គិសនី ឥណ្ឌូណេស៊ីបានចុះហត្ថលេខាជាមួយអាមេរិក ជប៉ុន កាណាដា និងប្រទេសអឺរ៉ុបចំនួន៦ ដែលបានសន្យាជួយឥណ្ឌូណេស៊ីឲ្យដើរងាកចេញពីការពឹងផ្អែកទៅលើធ្យូងថ្ម ដែលជាប្រភពបញ្ចេញឧស្ម័នកាបូនិក។
 
ឥណ្ឌូណេស៊ី ជាប្រទេសទី៤ បន្ទាប់ពីអាហ្វ្រិកខាងត្បូង វៀតណាម និងសេណេហ្កាល់ដែលបានទទួលប្រយោជន៍ពីកញ្ចប់ជំនួយរបស់ប្រទេសលោកខាងលិច សម្រាប់ការវិនិយោគលើថាមពលស្អាតស្អំ។
 
ដើម្បីឈានទៅដល់ការអនុវត្តអព្យាក្រឹត្យកាបូន ក្នុងវិស័យអគ្គិសនី នៅឆ្នាំ ២០៥០ និងម្យ៉ាងដោយសារខ្យល់បំពុលបរិយាកាស រដ្ឋាភិបាលឥណ្ឌូណេស៊ីធ្លាប់សន្យាលែងសាងសង់រោងចក្រអគ្គិសនីថ្មី ដែលដើរដោយថាមពលធ្យូងថ្ម និងចង់ទាញយកប្រយោជន៍ពីរ៉ែនីកែល ដែលគេត្រូវការចាំបាច់សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី។ ប៉ុន្តែ បញ្ហានៅត្រង់ថា រោងចក្រចម្រាញ់រ៉ែនីកែលទាំងអស់សុទ្ធតែប្រើថាមពលធ្យូងថ្ម។ ម្យ៉ាងបើតាមសកម្មជនការពារបរិស្ថាន រដ្ឋាភិបាលមិនបានធ្វើតាមការសន្យា ដោយនៅតែបន្តគម្រោងសាងសង់រោងចក្រដែលរដ្ឋាភិបាលបានអនុម័តកន្លងមក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com