RFI
អន្តរជាតិ
តើអ៊ីស្រាអែល ឬក៏​ក្រុមហាម៉ាស​ដែល​ចំណេញ​ពី​កិច្ចព្រមព្រៀង​ផ្អាកបាញ់ នៅ​ហ្កាហ្សា?
25, Nov 2023 , 2:40 pm        
រូបភាព
ទាហានអ៊ីស្រាអែលចូលដល់ក្នុងទីក្រុងហ្កាហ្សានៅថ្ងៃទី ២២វិច្ឆិកា ២០២២ AFP - AHIKAM SERI
ទាហានអ៊ីស្រាអែលចូលដល់ក្នុងទីក្រុងហ្កាហ្សានៅថ្ងៃទី ២២វិច្ឆិកា ២០២២ AFP - AHIKAM SERI
ដោយ: ថ្មីៗ
ដោយ៖ឈាង បុប្ផា /RFI
 
ការផ្អាកបាញ់​មនុស្សធម៌ ៤ថ្ងៃ ជាថ្នូរ​នឹង​ការដោះលែងចំណាប់ខ្មាំង ដែល​អ៊ីស្រាអែល និងក្រុមហាម៉ាស​បានយល់ព្រមព្រៀងគ្នា កាលពីថ្ងៃពុធ មិនត្រូវ​បានអនុវត្ត នៅថ្ងៃ​ព្រហស្បតិ៍​ដូច​ការគ្រោងទុក។ តាម​អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​កាតា ដែលជា​អន្តរការី សម្របសម្រួល ភាគីជម្លោះ​អ៊ីស្រាអែល និង​ក្រុមហាម៉ាស ការផ្អាកបាញ់​រយៈពេល​៤ថ្ងៃ ត្រូវ​ចាប់ផ្តើម ​នៅព្រឹកថ្ងៃ​សុក្រ ចំណែក ការដោះលែង​ចំណាប់ខ្មាំង ជាថ្នូរ​នឹង​ការដោះលែង​អ្នកទោសប៉ាឡេស្ទីនត្រូវ​ចាប់ផ្តើម​នាពេលរសៀលនៅថ្ងៃសុក្រ​ដដែល។

 
កិច្ចព្រមព្រៀង​ស្តីពី​ការផ្អាកបាញ់​៤ថ្ងៃ នៅ​ហា្កហ្សា ជាថ្នូរ​នឹង​ការដោះលែង​ចំណាប់ខ្មាំង​អ៊ីស្រាអែល​ចំនួន ៥០នាក់ ត្រូវ​បាន​លើកពេល​ទៅថ្ងៃ​សុក្រ ប៉ុន្តែ មិនមែន​ថ្ងៃ​ព្រហស្បតិ៍​ដូច​ការគ្រោងទុក។ នៅថ្ងៃព្រហស្បតិ៍ កងទ័ព​អ៊ីស្រាអែល​នៅ​បន្ត​វាយប្រហារ​ទៅ​លើ​ទីតាំង​យោធា​ជាច្រើន​កន្លែង​របស់​ក្រុមហាម៉ាស ដែល​នៅក្នុង​នោះមាន​ផងដែរ រូងក្រោមដី ដែលស្ថិត​ក្នុង​បរិវេណ​របស់​មន្ទីរពេទ្យ Al Shifa។ នៅថ្ងៃ​ព្រហស្បតិ៍ ទាំងអ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីនបានឆ្លើយទម្លាក់កំហុស​ដាក់គ្នា​ទៅវិញ ទៅមក ក្នុងរឿង​លើក​ពេល​អនុវត្ត​កិច្ចព្រមព្រៀង​ស្តី​ពី​ការផ្អាកបាញ់ ៤ថ្ងៃ​នៅហ្កាហ្សា។
 
បើតាម​មន្រ្តី​ប៉ាឡេស្ទីន ការផ្អាកបាញ់​ត្រូវ​បាន​លើកពេល ដោយសារ​ភាគីអ៊ីស្រាអែល​ទាមទារ នៅ​នាទីចុងក្រោយ​បាន​ដាក់​លក្ខខណ្ឌទាមទារច្រើន ដូចជា​ថា អ៊ីស្រាអែល​ចង់​ឲ្យ​គ្រូពេទ្យ​របស់​កាកបាទក្រហម​អន្តរជាតិ​អាច​ចូល​ទៅ​ពិនិត្យ​សុខភាព​របស់​រាល់​ចំណាប់ខ្មាំង​ដែល​ស្ថិត​ក្នុង​ដៃ​របស់​ពួកហាម៉ាស នៅ​ហ្កាហ្សា។
 
ទៅតាម​កិច្ច​ព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែល​ក្រសួងការបរទេស​កាតា​ដែលជាអន្តរការី បាន​ប្រកាស​លម្អិត​ កាលពីថ្ងៃ​ព្រហស្បតិ៍ ការផ្អាកបាញ់​រយៈពេល​៤ថ្ងៃ នៅហ្កាហ្សា នឹងចាប់ចូលជាធរមាន នៅម៉ោង ៧ព្រឹក ថ្ងៃ​សុក្រ ចំណែក​ចំណាប់ខ្មាំង​អ៊ីស្រាអែល​មួយក្រុមដំបូង ចំនួន​១៣នាក់ នឹងត្រូវ​ក្រុមហាម៉ាស​ដោះលែង​បញ្ជូនចេញពីហ្កាហ្សា នៅ​ម៉ោង​៤រសៀល​នៅថ្ងៃ សុក្រដដែល។ ជារួម ក្រុមហាម៉ាស​យល់ព្រម​ដោះលែង​ចំណាប់ខ្មាំង​ជា​ដំណាក់កាល ដោយត្រូវ​ដោះលែង ចំណាប់ខ្មាំង ជាង​១០នាក់ ក្នុងមួយថ្ងៃៗ ជាថ្នូរ​នឹង​ការផ្អាកវាយប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល ការផ្អាកដ្រូនតាមដាន​របស់​អ៊ីស្រាអែល នៅ​ភាគខាងជើង​ហ្កាហ្សា ការដោះលែង​អ្នកទោស​ប៉ាឡេស្ទីន១៥០នាក់ ហើយ​និង​ការបើកច្រក​ឲ្យ​រថយន្តដឹកជំនួយមនុស្សធម៌​ចូល​ទៅ​ក្នុងទឹកដីហ្កាហ្សា​ភាគខាងត្បូង។
 
ភាគី​អ៊ីស្រាអែល​ពន្លយ​រួចហើយថា ការផ្អាកបាញ់​នឹង​អាច​មាន​ច្រើន​ជាង ៤ថ្ងៃ បើសិន​ក្រុមហាម៉ាស​បន្ត​ដោះលែង​ចំណាប់ខ្មាំង ពោល គឺ ចំណាប់ខ្មាំង​១០នាក់ ជាថ្នូរ​នឹង​ការផ្អាកបាញ់​របស់​កងទ័ពអ៊ីស្រាអែល ១ថ្ងៃ។ ដោយ​ធ្វើដូច្នេះ អ៊ីស្រាអែល​សង្ឃឹមរំដោះ យក​ចំណាប់ខ្មាំង​ទាំងអស់ ជាង​២០០នាក់ ដែលក្រុមហាម៉ាស​បាន​ចូលទៅ​ចាប់ជាចំណាប់ខ្មាំង នៅក្នុង​ព្រឹត្តិការណ៍​វាយឆ្មក់ កាលពីថ្ងៃ ទី​៧​តុលាកន្លងទៅ។
 
ការរំដោះចំណាប់ខ្មាំង​ចេញអស់​ពី​ដៃ​របស់​ពួកហាម៉ាស នឹង​សម្រាលបន្ទុកដ៏ធំ​របស់កងទ័ព​នៅក្នុង​ប្រតិបត្តិការ​រុករក​ចំណាប់ខ្មាំង ហើយនិង​សម្រាលបន្ទុក​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល ដែលកំពុង​រងការដាក់សម្ពាធពី​មតិសាធារណៈជាតិ និង​អន្តរជាតិ នៅក្នុង​រឿង​រំដោះសង្រ្គោះ​ចំណាប់ខ្មាំង។ ធ្លាប់​បដិសេធ​ដាច់អហង្កា ទាត់ចោល​បទឈប់បាញ់​មនុស្សធម៌ នៅហ្កាហ្សា ដើម្បី​កុំ​ឲ្យ​ក្រុមហាម៉ាស​អាច​ប្រមូល​កម្លាំង លោកនាយករដ្ឋមន្រ្តី​បេនចាមីន នេតាន់យ៉ាហ៊ូលើកនេះ សុខចិត្ត​ផ្អាក​បាញ់ រយៈពេល​៤ថ្ងៃ ប៉ុន្តែ សន្យា នឹង​ចាប់ផ្តើម​វាយប្រហារ​ឡើងវិញ នៅក្រោយ​ចប់​ការដោះដូរ​ចំណាប់ខ្មាំង នៅប៉ុន្មាន​ថ្ងៃ​ខាងមុខ។ ម្យ៉ាង ការផ្អាកបាញ់​រយៈពេល ៤ថ្ងៃ​នឹង​ជួយ​ឲ្យកងទ័ព​អ៊ីស្រាអែល​បាន​សម្រាក បន្ទាប់ពីហត់នឿយ​នឹង​ការប្រយុទ្ធជិត​២ខែមកនេះ។
 
សម្រាប់​ក្រុមហាម៉ាស ការផ្អាក​វាយប្រហារ​ផ្លូវអាកាស និង​គ្មាន​ដ្រូន​យកការណ៍​របស់​អ៊ីស្រាអែល​នៅ​ភាគខាងជើង​ហ្កាហ្សា នឹង​ជួយ​ឲ្យ​ក្រុមប្រដាប់អាវុធ អាចដកដង្ហើម​ឡើងវិញ បាន​បន្តិច បន្ទាប់ពី​រងការវាយប្រហារ​ដ៏សន្ធប់​របស់​អ៊ីស្រាអែល នៅ​ជាង​៥០ថ្ងៃ​មកនេះ។ ការផ្អាកវាយប្រហារ​របស់​អ៊ីស្រាអែល​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហាម៉ាស​អាច​ប្រមូល​កម្លាំងយោធា និង​រៀបចំ​យុទ្ធសាស្រ្ត ដើម្បីត្រៀម​ប្រយុទ្ធ​សាជាថ្មី។
 
អាច​និយាយ​បាន​ថា ការផ្អាកបាញ់​៤ថ្ងៃ​នៅហ្កាហ្សា​នឹងធ្វើ​ឲ្យ​អ៊ីស្រាអែល និងក្រុមហាម៉ាស ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​យោធារៀងៗខ្លួន ហើយ​មិនជួយជំរុញ​ឲ្យមានបទឈប់បាញ់​ដើម្បី​ឈាន​ទៅបិទបញ្ចប់សង្រ្គាម​នៅហ្សាហ្កានោះទេ។ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ប្តេជ្ញាហើយថា នឹង​កម្ទេច​ក្រុមហាម៉ាស​ឲ្យ​ខ្ទេច មិន​ឲ្យ​មានមុខ តទៅទៀត នៅទឹកដី​ហ្កាហ្សា ដើម្បីគំរាមកំហែង​អ៊ីស្រាអែល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com