អន្តរជាតិ
លោកកៅ គឹមហួន៖ អាស៊ាន មិនបែកបាក់គ្នាលើបញ្ហាមីយ៉ាន់ម៉ាទេ
25, Nov 2023 , 5:00 pm        
រូបភាព
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន (ឆ្វេង) និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា។
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន (ឆ្វេង) និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា។
អាស៊ាន មិនបានបែកបាក់គ្នាលើបញ្ហាមីយ៉ាន់ម៉ាឡើយ។ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី២៥ ខែវិច្ឆិកា ដោយបន្តថា អាស៊ាន នឹងនៅតែជួយមីយ៉ាន់ម៉ាឱ្យក្លាយជាម្ចាស់ជោគវាសនារបស់ខ្លួនឯង។ ទន្ទឹមនេះ ប្រមុខអាស៊ាន បានចាត់ទុកបញ្ហាមីយ៉ាន់ម៉ា ជាបញ្ហាស្មុគស្មាញមួយ។ 
 
ពីវេទិកាស្តីពី «អនាគតអាស៊ាន៖ ភាពប្រឈម និងកាលានុវត្តភាព» ដែលត្រូវបានរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ក្នុងថ្ងៃទី២៥ ខែវិច្ឆិកា លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចាត់ទុកវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជាបញ្ហាដ៏ស្មុគស្មាញមួយ។ បើតាមលោក កៅ គឹមហួន អាស៊ាន នៅតែសាមគ្គីគ្នា ហើយបន្តជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកច្រកចេញនយោបាយ។ 
 
«អាស៊ាន មិនមានការបែកបាក់គ្នាទេទៅលើបញ្ហាមីយ៉ាន់ម៉ា»។ ប្រមុខអាស៊ាន បានឆ្លើយសំណួរអ្នកសារព័ត៌មានបែបនេះ ដោយបន្តថា អង្គការតំបន់មួយនេះ មានគោលជំហររួម និងបន្តជួយមីយ៉ាន់ម៉ាឱ្យមានសមត្ថភាពដឹកនាំជោគវាសនារបស់ខ្លួន។ 
 
នៅចំពោះមុខអ្នកសារព័ត៌មានជាតិជាច្រើនរូប លោក កៅ គឹមហួន បានបន្តថា អាស៊ាន នៅតែបន្តរកមធ្យោបាយជួយមីយ៉ាន់ម៉ា ប៉ុន្តែខ្លួនក៏មិនអាចលូកជ្រៅទៅក្នុងកិច្ចការសមាជិកមួយនេះបានដែរ ព្រោះវាអាចប៉ះពាល់ដល់កិច្ចការផ្ទៃក្នុង ឬជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា។ ជាការពិត សូម្បីតែធម្មនុញ្ញអាស៊ាន ក៏បានហាមឃាត់មិនឱ្យសមាជិកអាស៊ាននីមួយៗ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកដទៃដែរ។ 
 
ដោយចាត់ទុកវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាមានភាពស្មុគស្មាញ ប្រមុខអាស៊ាន បានលើកឡើងថា អាស៊ាននៅតែតាមឃ្លាំមើលស្ថានការណ៍មីយ៉ាន់ម៉ា ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះតែម្តង។ 
 
តាមការបញ្ជាក់របស់អគ្គលេខាធិការអាស៊ាន ចាប់តាំងពីរដ្ឋប្រហារយោធាកើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ២លាននាក់ បានរងគ្រោះ ហើយត្រូវការជំនួយរហូតដល់ប្រមាណ ១ពាន់លានដុល្លារ។ 
 
ទន្ទឹមនេះ អ្នកសារព័ត៌មានក៏បានចោទសួរលោកកៅ គឹមហួន ពាក់ព័ន្ធនឹងជំនួបរវាងលោកជាមួយលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា។ ជាចម្លើយ ប្រមុខអាស៊ាន បានបញ្ជាក់ថា​ វាជាបញ្ហារសើប និងមិនអាចឆ្លើយបាននោះទេ។ 
 
តាមសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ក្រសួងការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា ខ្លួន បានរៀបចំជំនួបមួយ ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាលបង្រួបបង្រួមជាតិ, ក្រុមគាំទ្រប្រជាធិបតេយ្យ, កម្លាំងប្រដាប់អាវុធជនជាតិភាគតិច និងតំណាងចរចារបស់យោធា។ ជំនួបនេះ ត្រូវបានឥណ្ឌូណេស៊ីថា ទទួលបានលទ្ធផលជាវិជ្ជមាន។ 
 
បើតាមក្រសួងការបរទេសឥណ្ឌូណេស៊ី ជំនួបដ៏សំខាន់នេះ ធ្វើឡើងក្នុងគោលបំណងនាំភាគីពាក់ព័ន្ធក្នុងជម្លោះទៅរកកិច្ចពិភាក្សាប្រកបដោយបរិយាប័ន្ន, កាត់បន្ថយជម្លោះ និងធានាពីការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រជាជនមីយ៉ាន់ម៉ា។ ជំនួបខាងលើត្រូវបានធ្វើឡើងនៅក្នុងក្រុងហ្សាការតា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា។ 
 
បន្ថែមពីនេះ រដ្ឋាភិបាលក្រុងហ្សាការតា ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ជំនួបខាងលើ នឹងអាចនាំទៅរកកិច្ចចរចាថ្នាក់ជាតិប្រកបដោយបរិយាប័ន្ន ដើម្បីអាចស្វែងរកដំណោះស្រាយដ៏ទូលំទូលាយមួយសម្រាប់វិបត្តិ ដែលអូសបន្លាយមក ចាប់ពីឆ្នាំ២០២១។ 
 
សូមបញ្ជាក់ថា​ ពេលនេះ មីយ៉ាន់ម៉ា កាត់តែមានភាពស្មុគស្មាញបន្ថែមទៀត ក្រោយយោធា បានប៉ះទង្គិចជាមួយកម្លាំងប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា នៅក្នុងរដ្ឋ Shan ដែលស្ថិតនៅភាពខាងជើង និងមានព្រំដែនជាប់ជាមួយចិន៕ 

Tag:
 អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com