អន្តរជាតិ
ចិនសាកល្បងលើកលែងទិដ្ឋាការបណ្តោះអាសន្នមកពីប្រទេសចំនួន៦ ដើម្បីបង្កើនភ្ញៀវអន្តរជាតិ
25, Nov 2023 , 7:00 pm        
រូបភាព
ចិន នៅថ្ងៃទី២៤ ខែវិច្ឆិកា បានប្រកាសលើកលែងជាបណ្តោះអាសន្នចំពោះ ទិដ្ឋាការប្រជាពលរដ្ឋមកពីប្រទេសចំនួន ៦ មានដូចជា បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងម៉ាឡេស៊ី ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ ក្រោយជំងឺកូវីដ-១៩។

 
អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែធ្នូ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ពលរដ្ឋមកពីប្រទេសទាំង ៦ ដូចជាបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងម៉ាឡេស៊ី ដែលធ្វើដំណើរទៅចិនសម្រាប់អាជីវកម្ម ទេសចរណ៍ សួរសុខទុក្ខសាច់ញាតិ និងមិត្តភក្តិ ឬឆ្លងកាត់មិនលើសពី១៥ ថ្ងៃ នឹងមិនត្រូវការទិដ្ឋាការទេ។ 
 
«ការសម្រេចចិត្តនេះនឹងជួយសម្រួលដល់ការធ្វើដំណើរទៅកាន់ចិនសម្រាប់ពលរដ្ឋអាល្លឺម៉ង់ជាច្រើនក្នុងកម្រិត ដែលមិនធ្លាប់មានពីមុនមក»។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅចិន លោកស្រី Patricia Flor បានលើកឡើងលើវេទិកាបណ្ដាញសង្គម X បែបនេះ រួចបន្តថា អាល្លឺម៉ង់សង្ឃឹមរដ្ឋាភិបាល​​ចិននឹង អនុវត្តវិធានការ ដែលបានប្រកាសនៅថ្ងៃនេះសម្រាប់រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់។
 
លោកស្រីសម្គាល់ថា ការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់អាល្លឺម៉ង់សម្រាប់ជនជាតិចិន នឹងអាចធ្វើទៅបាន លុះត្រាតែសមាជិកទាំងអស់នៃកិច្ចព្រមព្រៀង Schengen របស់អឺរ៉ុប ត្រូវបានអនុម័ត។
 
ឯរដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna បានសរសេរនៅលើបណ្ដាញសង្គម X ថា សេចក្តីប្រកាសថ្មីនេះ ពិតជាល្អមួយក្នុងឱកាសនៃដំណើរស្សនកិច្ចរបស់លោកស្រីនៅក្រុងប៉េកាំង ពីសមភាគី​រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី។
 
សភាពាណិជ្ជកម្មអ៊ឺរ៉ុប-ចិនក៏បានបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរនេះនឹងជួយបង្កើនទំនុកចិត្ត អាជីវកម្ម ហើយជាសញ្ញាវិជ្ជមានដែល​អាជ្ញាធរ​កំពុង​ចាត់​វិធានការ​ដើម្បី​សម្រួល​ដល់​ការ​ផ្លាស់ ប្តូររវាង​ប្រជាជន​ទៅ​ប្រជាជន។
 
គួរបញ្ជាក់ថា ក្នុងខែនេះ ចិនបានពង្រីកគោលនយោបាយឆ្លងកាត់ដោយគ្មានទិដ្ឋាការរបស់ខ្លួន ទៅកាន់ប្រទេសចំនួន ៥៤ ដើម្បីរួមបញ្ចូលពលរដ្ឋមកពីន័រវែសផងដែរ។ អាជ្ញាធរ អាកាសចរណ៍របស់ចិន បានបង្ហាញកាលពីខែតុលាថាជើងហោះហើរប្រចាំសប្តាហ៍ចំនួន ១៦,៦៨០ ត្រូវបានរំពឹងទុកចាប់ពីខែវិច្ឆិកាដល់ខែមីនា ដោយជើងហោះហើរអ្នកដំណើរ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៧១ ភាគរយនៃចំនួនសរុបកាលពី ៤ ឆ្នាំមុន។
 
ការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew នាពេលថ្មីៗនេះនៅក្នុងប្រទេសចំនួន ២៤ បានបង្ហាញថា ទស្សនៈរបស់ចិនមានភាពអវិជ្ជមានយ៉ាងខ្លាំងដោយ ៦៧ ភាគរយនៃមនុស្ស ពេញវ័យបង្ហាញពីទស្សនៈមិនអំណោយផល។ ជាងពាក់កណ្តាលនៃអ្នកឆ្លើយសំណួរបាន និយាយថា ចិនបានជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសដទៃ ហើយមិនបានគិតពីផល ប្រយោជន៍របស់អ្នកដទៃឡើយ៕

Tag:
 (ចិន
  បារាំង
  អាល្លឺម៉ង់
  ហូឡង់)
© រក្សាសិទ្ធិដោយ thmeythmey.com