ជាតិ
បុណ្យអុំទូក
បុណ្យអុំទូក៖ នៅពីក្រោយជោគជ័យកីឡាករ មានចុងភៅដ៏ចំណាន
27, Nov 2023 , 11:25 am        
រូបភាព
កីឡាករអុំទូក អាចសម្រេចបានលទ្ធផលជោគជ័យ គឹអាស្រ័យលើបច្ចេកទេសរបស់ចំណុះទូកនីមួយៗ បូករួមជាមួយកម្លាំងរបស់កីឡាករម្នាក់ៗ។ ប៉ុន្តែនៅពីក្រោយភាពជោគជ័យទាំងនោះ គេមិនអាចបំភ្លេចបានទេ ចំពោះវត្តមានចុងភៅចំណាន។

ពិតណាស់ម្ហូបអាហារឆ្ងាញ់ វាជាថាមពលបន្ថែមដល់កម្លាំងស្មារតី និងទឹកចិត្តកីឡាករ ឱ្យខិតខំប្រឹងប្រែងប្រកួតយកជ័យជម្នះលើគូរប្រកួត នាឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នាថ្ងៃទី២៦ ដល់២៨ វិច្ឆិកា នៅទន្លេចតុមុខ ព្រះបរមរាជវាំង។
 

តួយ៉ាងដូចជាទូក ង «សារ៉ាត់សែនជ័យបារមីអន្ទង់ស» ដែលបានចំណាយថវិកា៥០ម៉ឺនរៀល ក្នុងមួយពេល សម្រាប់កីឡាករចំណុះទូកជាង១០០នាក់។ ម្ហូបអាហាររបស់ទូកនេះ ភាគច្រើនជាប្រភេទសាច់ ដើម្បីប៉ូវកម្លាំងបន្ថែមដល់កីឡាករ។ «សារាយសែនជ័យបរមីអន្ទង់ស» ទទួលបានជ័យជម្នះទាំង២ជើង កាលពីថ្ងៃទី១ នៃពិធីបុណ្យអុំទូក។
 
ដោយឡែកទូកង«ទេពធីតាសែនជ័យបារមីជំទាវទេព» ក៏មានម្ហូបអាហារ២មុខជារៀងរាល់ពេល សម្រាប់កីឡាករផងដែរ។ នាថ្ងៃទី២ នៃការប្រកួតប្រណាំងទូកនេះ ចុងភៅ បានចម្អិនម្ហូបស្ងោរស្ពៃខ្មៅជាមួយត្រី និងឆាស្ពៃតឿ។ សម្រាប់ម្ហូបទាំងនេះ ចុងភៅ ត្រូវការចំណាយថវិកា១លាន ៥០ម៉ឺនរៀល ក្នុងមួយថ្ងៃ សម្រាប់កីឡាករជាង៨០នាក់។ បើតាមចុងភៅ «ទេពធីតាសែនជ័យបារមីជំទាវទេព» ដាំបាយក្នុងមួយពេល អស់អង្ករ៥០គីឡូក្រាម។ ចុងភៅរូបនេះ បានបន្ថែមថា ក្នុងមួយថ្ងៃ គឺដាំបាយ៤ពេល សម្រាប់កីឡាករ ត្រូវការបរិភោគគ្រប់ពេល ដោយមិនឱ្យខ្វះខាតឡើយ។
 
ចំណែកកីឡាករ ពិតជារីករាយ ដែលបានទទួលទានអាហារឆ្ងាញ់ៗបែបនេះ។ ពួកគេបាននិយាយថា ការបរិភោគអាហារឆ្ងាញ់ៗនេះ ជួយផ្ដល់ថាមពល និងកម្លាំងចិត្តបន្ថែមទៀត សម្រាប់ពួកគេប្រកួតយកជ័យជម្នះជូនភូមិស្រុក។

Tag:
 អកអំបុក
© រក្សាសិទ្ធិដោយ thmeythmey.com