សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អង្គការ OECD ព្រមានសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នឹងមានកំណើនតិចជាងឆ្នាំ២០២៣
01, Dec 2023 , 8:39 am        
រូបភាព
កំពងផែប៊ូសានរបស់កូរ៉េខាង្បូង ។ រូបភាព ៖  Xinhua
កំពងផែប៊ូសានរបស់កូរ៉េខាង្បូង ។ រូបភាព ៖ Xinhua
សេដ្ឋកិច្ចពិភលោកនឹងកើនឡើងក្នុងរង្វង ២,៩ភាគរយក្នុងឆ្នាំនេះ ហើយធ្លាក់ចុះបន្ថិចនៅអត្រា២,៧ភាគរយសម្រាប់ឆ្នាំក្រោយ ។ ប្រសិនបើជម្លោះរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា សេដ្ឋកិច្ចពិភពលោកនឹងប្រឈមកំណើនយឺតជាមួយការកើនឡើងអតិផរណាបន្តទៀត។

 
សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៤ អាចមានកំណើនទាបបើធៀបទៅនឹងឆ្នាំ ២០២៣ ។ និន្នាការនេះ អាស្រ័យទៅលើកត្តាជាច្រើនដូចជាជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែលអាចបង្អាក់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលខ្លី។ នេះ​ជា​ការវាយតម្លៃរបស់​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) ​ចេញផ្សាយនៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។
 
នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក OECD បានទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៣ មកត្រឹម ២,៩ភាគរយធ្លាក់ចុះបន្តិចពីអត្រា៣ភាគរយដែលបានព្យាករកាលពីខែកញ្ញា។
 
ការព្យាករកំណើនសេដ្ឋកិច្ចរបស់ក្រុមប្រទេសអភិវឌ្ឍនទាំង ២០ សម្រាប់ឆ្នាំ ២០២៤ និង ២០២៥ ។ ក្រាហ្វ ៖ OECD 

ទាក់ទងនឹងកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៤ OECD រក្សាការព្យាករដែលផ្តល់ឱ្យពីមុនគឺ ២,៧ភាគរយ។ នេះ​នៅតែ​ជា​អត្រា​កំណើន​ទាប​បំផុត​ចាប់​តាំង​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ឆ្នាំ២០០៩​ ដោយ​មិន​រាប់​បញ្ចូល​ឆ្នាំ​ទី១នៃ​ការរីករាលដាលជំងឺ​​កូវីដ-១៩។
 
ប៉ុន្តែនៅឆ្នាំ២០២៥ សេដ្ឋកិច្ចពិភពលោកទំនងជានឹងប្រសើរឡើងដោយមានកំណើនឈានដល់​​​៣ភាគរយ។ យ៉ាងណាមិញ វាអាស្រ័យលើនិន្នាការធ្លាក់ចុះបន្តិចម្តងៗនៃអតិផរណា និងការរក្សាកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ី។
 
ដើមហេតុចម្បងនោះគឺផលប៉ះពាល់នៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ភាពតានតឹងភូមិសាស្ត្រនយោបាយពិភពលោក ជាពិសេសជម្លោះក្រុមហាម៉ាស-អីស្រាអែលជាផ្នែកមួយជំរុញសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងកំណើនយឺត ជាមួយការកើនឡើងអតិផរណា។
 
សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដូចជាអាម៉េរិក OECD បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ដល់២,៤ភាគរយដោយសារគោលនយោបាយរូបិយវត្ថុមានភាពធូរស្រាល។។ សេដ្ឋកិច្ចប្រទេសនេះនឹងធ្លាក់ចុះបន្តិចនៅឆ្នាំ ២០២៤ ក្នុងអត្រា ១,៥ភាគរយមុនពេលងើបឡើងវិញដល់ ១,៧ភាគរយនៅឆ្នាំ ២០២៥។
 
ទន្ទឹមនេះ តំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ដែលរងការវាយប្រហារខ្លាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងការហក់ឡើងតម្លៃថាមពលផងនោះ OECDបានព្យាករកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ នៅអត្រា ០,៦ភាគរយនិង ០,៩ភាគរយរៀងគ្នា។ 
 
ចំណែកសេដ្ឋកិច្ចអាស៊ីវិញ កំណើនរបស់ជប៉ុនត្រូវបានព្យាករថានឹងធ្លាក់ចុះនៅឆ្នាំ២០២៤ មកត្រឹម១ភាគរយ ខណៈនៅឆ្នាំ២០២៣ អាចមានកំណើន១,៧ភាគរយ។ បន្ទាប់មកសេដ្ឋកិច្ចរបស់ជប៉ុន ត្រូវបានពឹងថានឹងកើនឡើងបន្តិចនៅអត្រា ១,២ភាគរយក្នុងឆ្នាំ ២០២៥។ 
 
លើសពីនេះ OECD ក៏បានបង្កើនការព្យាករណ៍កំណើនចិនដល់ ៥,២ភាគរយនៅឆ្នាំនេះ មុនពេលធ្លាក់មកត្រឹម ៤​,៧ភាគរយក្នុងឆ្នាំ២០២៤ និង ៤,២ភាគរយនៅឆ្នាំ ២០២៥ដោយសារភាពតានតឹងដែលកំពុងបន្តក្នុងវិស័យអចលនទ្រព្យ៕ 

Tag:
 សេដ្ឋកិច្ច
  ពិភពលោក
 
© រក្សាសិទ្ធិដោយ thmeythmey.com