អន្តរជាតិ
មេដឹកនាំពិភពលោកចូលរួមរំលែកទុក្ខលើមរណភាពអតីតប្រមុខការទូតអាម៉េរិកលោក Kissinger
01, Dec 2023 , 10:10 am        
រូបភាព
លោក Henry Kissinger អតីតរដ្ឋមន្រ្តីការបរទេស និងទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក នៅក្នុងឆ្នាំ១៩៩២។ រូបភាព AFP
លោក Henry Kissinger អតីតរដ្ឋមន្រ្តីការបរទេស និងទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក នៅក្នុងឆ្នាំ១៩៩២។ រូបភាព AFP
អតីតរដ្ឋមន្ត្រីការបរទេសអាម៉េរិកដ៏មានឥទ្ធិពល លោក Henry Kissinger ដែលបានស្លាប់ នៅថ្ងៃទី២៩ ខែវិច្ឆិកា ក្នុងអាយុ ១០០ឆ្នាំ បានទាក់ទាញការសរសើរថាជាអ្នកការទូត និងព្រមទាំងអ្នកប្រឹក្សាសន្តិសុខជាតិដ៏ប៉ិនប្រសប់ម្នាក់ក្នុងប្រវិត្តិសាស្ត្រអាម៉េរិក។ ទោះបីជា យ៉ាងណាក៏ដោយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកត្រូវបានហៅយ៉ាងទូលំទូលាយថា ជាឧក្រិដ្ឋជនសង្រ្គាមនៅវៀតណាម និងការទម្លាក់គ្រាប់បែកនៅកម្ពុជា និងឡាវ។

 
«អាម៉េរិកបានបាត់បង់សំឡេងដែលអាចទុកចិត្តបាន និងខុសពីអ្នកដទៃ (លើកិច្ចការបរទេស)» ។ អតីតប្រធានាធិបតីអាម៉េរិកលោក George W. Bush ថ្លែងបែបនេះដោយបន្ថែមថា លោកកោតសរសើរជាយូរណាស់មកហើយ ចំពោះលោក Kissinger ដែលបានភៀសខ្លួនពីពួកណាហ្ស៊ី ក្នុងនាមជាក្មេងប្រុសម្នាក់ពីគ្រួសារជ្វីហ្វ បន្ទាប់មកបានប្រយុទ្ធក្នុងនាមជាកងទ័ពអាម៉េរិក ហើយនៅពេលក្រោយមកលោកក៏ក្លាយជា ប្រមុខការទូតដែលបង្ហាញពីភាពអស្ចារ្យរបស់លោក ក៏ដូចជាសម្រាប់អាម៉េរិក។
 
ប្រធានាធិបតី​ចិន ស៊ី ជីនពីង ក៏បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​តាមរយៈសមភាគីអាម៉េរិក លោក ចូ បៃឌិនផងដែរ។
 
«លោកបណ្ឌិត Kissinger នឹងត្រូវបានប្រជាជនចិនចងចាំ និងនឹកជានិច្ច។ ចិនបានត្រៀម ខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួមអាម៉េរិក ដើម្បីបន្តបុព្វហេតុមិត្តភាពរវាងប្រជាជនចិន និងអាម៉េរិក ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសភាពល្អ និងស្ថិរភាពនៃទំនាក់ទំនង ចិន-អាម៉េរិក ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងពីរ និងរួមចំណែកយ៉ាងសំខាន់ដល់ សន្តិភាព និងការអភិវឌ្ឍពិភពលោក»។ លោកស៊ីមានប្រសាសន៍បែបនេះ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV។ 
 
កាលពីក្នុងអាណត្តិលោក ទីប្រឹក្សាសន្តិសុខជាតិរូបនេះ បានស្តារទំនាក់ទំនងចិន-អាម៉េរិក តាមរយៈដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងខែកក្កដា ឆ្នាំ១៩៧១ និងត្រួសត្រាយផ្លូវ សម្រាប់ដំណើរទស្សនកិច្ចនៅចិនសម្រាប់លោកប្រធានាធិបតី Richard Nixon ក្រោយ ពេលសង្រ្គាមត្រជាក់មានភាពរបត់ដ៏សំខាន់មួយ ដោយសារភាពបាក់បែករវាងកុម្មុយនីស្តចិន និងរុស្ស៊ី។ 
 
នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានរម្លឹកឡើងពីការរួមចំណែកយ៉ាងសំខាន់របស់ បណ្ឌិត Kissinger ចំពោះសន្តិភាព និងស្ថិរភាពនៅអាស៊ី​ ដោយបញ្ជាក់ថា លោកបាន រួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់ រួមទាំងការធ្វើឱ្យប្រក្រតីភាពនៃ ទំនាក់ទំនងការទូតរវាងអាម៉េរិក និងចិន។
 
ចំណែក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការរំលែកទុក្ខ តាមរយៈប្រព័ន្ធបញ្ជូនសារ telegram ទៅកាន់លោកស្រី Kissinger Nancy ថា​ លោក Kissinger ជារដ្ឋបុរសដ៏ឈ្លាសវៃ និងមើលឃើញឆ្ងាយ។
 
«ឈ្មោះរបស់ Henry Kissinger ត្រូវបានភ្ជាប់ដោយភាពដែលមិនមានគូផ្ទឹមជាមួយ បន្ទាត់គោលនយោបាយការបរទេសប្រកបដោយប្រសិទ្ធភាព ដែលនៅពេលតែមួយអាច សម្រេចបាននូវភាពតានតឹងអន្តរជាតិ និងឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់បំផុតរបស់សហភាពសូវៀត-អាម៉េរិក ដែលបានរួមចំណែកដល់ការពង្រឹងសន្តិសុខពិភពលោក»។ លោក ពូទីនបញ្ជាក់បន្ថែមបែបនេះ។
 
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានសរសេរសារលើបណ្ដាញសង្គមថា លោកបណ្ឌិត Kissinger បានបន្សល់ទុកនូវឥទ្ធិពលយូរអង្វែងលើនយោបាយអន្តរជាតិ។ សតវត្សរ៍ដែល លោក Kissinger មានវត្តមានមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែលោកអាចប្រឈមនឹងបញ្ហា ព្រមទាំងបានផ្លាស់ប្តូរល្បឿន និងមុខមាត់ការទូតអាម៉េរិកបានយ៉ាងអស្ចារ្យ។
 
ដោយឡែក ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានពណ៌នាលោកបណ្ឌិត Kissinger ថាជា អ្នកយុទ្ធសាស្រ្តដោយយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតតូចបំផុត និងជាមនុស្សចិត្តល្អ ដែលមានចិត្តដ៏ប៉ិនប្រសប់ ដែលក្នុងរយៈពេលជាងមួយរយឆ្នាំមកនេះ។
 
ស្របគ្នានេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង បានសរសេរលើបណ្ដាញសង្គម X ថា លោក Kissinger ជាមនុស្សដ៏ល្បី និងសំខាន់ក្នុងប្រវត្តិសាស្ត្រ។ សតវត្សនៃគំនិត និងការទូតរបស់លោកមានឥទ្ធិពលយូរអង្វែងលើពេលវេលារបស់លោក និងលើពិភពលោកផងដែរ។
 
ទន្ទឹមនេះ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ចែករំលែកថា ពិភពលោកបានបាត់បង់អ្នក ការទូតដ៏អស្ចារ្យម្នាក់។ ការប្តេជ្ញាចិត្តរបស់លោកបណ្ឌិត Kissinger ចំពោះមិត្តភាពអន្តរអាត្លង់ទិក រវាងអាម៉េរិក និងអាល្លឺម៉ង់ គឺសំខាន់ ហើយលោកតែងតែធ្វើការជិតស្និទ្ធជាមួយ ប្រទេសកំណើតអាល្លឺម៉ង់របស់លោក។
 
យ៉ាងណាមិញ ការរិះគន់លើ Kissinger ដែលទទួលបានរង្វាន់ណូបែលសន្តិភាពសម្រាប់ តួនាទីរបស់លោកក្នុងការចរចាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរបស់វៀតណាមមានភាពខ្លាំងក្លា ជាពិសេសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមនុស្សជាច្រើនបានបង្ហោះវីដេអូអបអរសាទរជាប្រតិកម្មចំពោះការស្លាប់របស់លោក។
 
ចំណងជើងរបស់ទស្សនាវដ្តី Rolling Stone បានសរសេរថា «Henry Kissinger ឧក្រិដ្ឋជន សង្រ្គាមជាទីស្រឡាញ់របស់ពួកឋានៈគ្រប់គ្រង ទីបំផុតបានស្លាប់ហើយ»។ បន្ថែមពី នេះ អ្នកប្រាជ្ញនៅសាកលវិទ្យាល័យរដ្ឋអារីហ្សូណា លោក អៀ សុផល ដែលសិក្សាពីសេដ្ឋកិច្ច នយោបាយរបស់កម្ពុជា បានសរសេរនៅលើគេហទំព័រ The Conversation ថា «យុទ្ធនាការ ទម្លាក់គ្រាប់បែករបស់លោក Henry Kissinger ទំនងជាបានសម្លាប់ប្រជាជន កម្ពុជារាប់សែននាក់ ហើយបានកំណត់ផ្លូវសម្រាប់ការបំផ្លិចបំផ្លាញដោយរបបខ្មែរក្រហម»៕

Tag:
 (អាម៉េរិក
  កម្ពុជា
  ឡាវ
  វៀតណាម)
© រក្សាសិទ្ធិដោយ thmeythmey.com