RFI
សុខភាព
អន្តរជាតិ
អ្នកមាន​​ភ្នែក​មីញ៉ូប ឆ្លាត​ជាង​អ្នក​មិនពាក់​វែនតា ?
01, Dec 2023 , 7:00 pm        
រូបភាព
ចំនួនអ្នកមីញ៉ូបនៅចិន ទំនងឡើងដល់ ៧១១លាននាក់ នៅឆ្នាំ២០២០ Dickson Lee South China Morning Post via Getty Images
ចំនួនអ្នកមីញ៉ូបនៅចិន ទំនងឡើងដល់ ៧១១លាននាក់ នៅឆ្នាំ២០២០ Dickson Lee South China Morning Post via Getty Images
ដោយ៖ អៀង សុខម៉ិញ/RFI
 
សុភាព​រាបសារ ពាក់​អាវ​ខ្ចប់​ដៃ​ តឺនុយ​ស្អាត សក់​សិត​យ៉ាង​មាន​សណ្តាប់​ធ្នាប់ ហើយ​ជាពិសេស​មាន​ពាក់​វែនតាតែម្តង ... នេះ​ជា​រូបថត​​តំណាង​សិស្ស​ពូកែ​ជាប់​ចំណាត់​លេខមួយ​ក្នុង​ថ្នាក់ ដែល​គេ​តែង​តែ​មាន​ទម្លាប់​បង្ហាញ។ នៅ​ពេល​ចង់​អួតអំពី​ភាព​​​​ឆ្លាត របស់​សត្វ​សំណព្វចិត្ត​ គេ​ក៏​ច្រើន​តែ​បំពាក់​វែនតា​ឱ្យសត្វ​នោះ​​ដែរ។ ​​ពាក់វែនតា​ជា​សញ្ញា​នៃ​ភាព​ឆ្លាត​វៀងវៃមែនឬ? ដោយ​សារ​តែ​ជំនឿនេះ អ្នក​វិទ្យាសាស្ត្រ​បាន​សាក​ល្បង​ស្រាវជ្រាវ​ស្វែង​រក​ការពិត។

 
មាន​ភ្នែក​មីញ៉ូប ពាក់​វែន​តា​មាន​អ្វីមិនល្អ ! ​អាច​ជួយ​ឱ្យ​បាន​មើលឃើញ​ច្បាស់​ហើយ ឡូយ​ទៀត។ នៅ​ប្រទេស​ខ្លះ​គេ​មាន​ជំនឿ​ថា អ្នក​ពាក់​វែន​តា សុទ្ធ​តែ​ជា​អ្នក​ចេះ​ដឹង រៀន​សូត្រ​បា​ន​ជ្រៅជ្រះ ជា​បញ្ញាជន និយាយ​រួម​គឺ​ជា​មនុស្ស​ឆ្លាត​វៃតែម្តង ! ជំនឿ​ និង​គំនិត​បែប​នេះ បានហូរហៀ​ដល់​ត្រចៀក​អ្នកវិទ្យាសាស្ត្រ ដែល​ចាប់អារម្មណ៍​នាំគ្នា​សិក្សាថា តើ​ អ្នក​មីញ៉ូប ពិត​ជា​ឆ្លាត​ជាង​​អ្នកមិន​មីញ៉ូប មែន​ឬ​យ៉ាងណា ?


 
 
តើ​​មីញ៉ូបជា​អ្វី ?
មុន​នឹង​បក​ស្រាយ​អំពី​លទ្ធផលស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ សូម​លោកអ្នក​ជ្រាប​ថា​មីញ៉ូម មិនមែន​ជា​ជំងឺ​ទេ តែ​ជា​អាការៈ​សម្គាល់​សមត្ថភាព​មើល​និង​គំឃើញ​របស់​ភ្នែក ដែលមើល​​ឆ្ងាយមិន​ច្បាស់ ច្បាស់​​​តែ​ពេល​មើល​​ជិតៗ។
 
មីញ៉ូប អាចលេច​ឡើង​តាំង​ពី​កុមារ តាំង​ពី​វ័យ​ចូល​សាលា​ដំបូង ក្នុង​វ័យ​ជំទង់ ឬ​​នៅពេល​វ័យ​ដំបូង។ ពេលពេញ​វ័យ​មែនទែន ចាប់ពីម្តុំ​អាយុ​២៥​ឆ្នាំ​ទៅ អាការៈ​មីញ៉ូប​ចាប់​ផ្តើម ​នឹង​ លែង​សូវ​ឡើង​ដឺក្រេ​ទៀត​ហើយ។ ប៉ុន្តែ​មាន​មីញ៉ូប​ខ្លះ ដឺក្រេ​ខ្ពស់ ហើយ​​បន្ត​វិវឌ្ឍ​ជានិច្ច រហូត​អស់មួយ​ជីវិត។ មីញ៉ូប​បែប​នេះ គេ​ហៅ​ថា​ជា​ជំងឺមីញ៉ូប។
 
មីញ៉ូប​ជា​អាការៈ​ជំងឺ​ភ្នែក​ដែល​មាន​កើត​ឡើង​ច្រើនជាង​គេ​នៅលើ​ពិភពលោក និង​មានកំណើន​ជា​រៀង​រាល់​ថ្ងៃ។ មួយ​ភាគបី​នៃមនុស្ស​ធំ​ពេញ​វ័យ​​រស់នៅទ្វីប​អឺរ៉ុប និងអាមេរិកខាង​ជើង​ មាន​​ភ្នែកមីញ៉ូប។ នៅ​ទ្វីប​អាស៊ី ចិន តៃវ៉ាន់ ហុងកុង ជប៉ុន ជា​ប្រទេស​ដែល​មានអត្រា​ក្មេង​មីញ៉ូប​ខ្ពស់ជាង​គេ ដល់​ទៅ ៨០-៩០% ក្នុងនោះ​១០ទៅ​២០% ជា​ជំងឺមីញ៉ូបផង។ អំបូរ​ស្បែក​ស និង​ស្បែក​លឿង​អាស៊ី ងាយ​មាន​អាការៈ​មីញ៉ូបណាស់ ចំណែក​ជនជាតិ​អាហ្វ្រិក ​​មានករណី​មីញ៉ូបតិច​ជាងគេ។
 
មីញ៉ូបមាន​ពូជ ! បើ​ម្តាយ​ឬឪពុក​ មាន​ភ្នែកមីញ៉ូប កូន​ជំនាន់​ក្រោយ​ក៏​កាន់​ងាយ​មាន​មីញ៉ូបភ្នែក។ ក្រៅ​ពី​កត្តា​ពូជ​សាសន៍​ និង​ពូជ​ មានកត្តារួមផ្សំ​​ជា​ច្រើន​ទៀត ដែល​ជំរុញ​ឱ្យ​ក្មេង​មាន​សុខភាព​ភ្នែកមិន​ល្អ ធ្លាក់​ខ្លួន​មីញ៉ូប គឺ ពេល​នៅ​ក្នុង​វ័យ​កុមារ មិន​សូវ​បាន​ចេញ​ក្រៅ​ផ្ទះ ទទួល​ពន្លឺ​ព្រះ​អាទិត្យ មិន​គ្រប់គ្រាន់។ ពេល​​វ័យ​កុមារ និង​ជំទង់ ប្រឹង​មើល​វត្ថុ​ជិតៗ​កៀកភ្នែក។ ប្រើ​ភ្នែក​ឱ្យ​ធ្វើ​សកម្មភាព​ជ្រុលហួសហេតុ​​និង​ខុស​ទំនង​ ដោយប្រឹង​​សំឡឹង​មើល​ជិត​ខ្លាំង (ប្រឹង​អាន​ពេក ប្រឹង​ចាក់​ដេរ​ពេក ប្រឹង​មើលអេក្រង់​ពេក ...)
មីញ៉ូប​ភ្នែក​​អាច​ពិបាក​នឹងធ្វើ​ឱ្យ​​ជាសះស្បើយ តែ​មាន​វិធី​ព្យាបាលដ៏​ងាយបំផុត​ គឺ​ ពាក់វែនតា។ សម្រាប់​មនុស្សធំ គេ​អាច​មានជម្រើស​បន្ថែម​ដោយ​ប្រើ​កែវបិតលើ​ភ្នែក​ និង​ការ​ព្យាបាល​ដោយ​វះកាត់​ឬ​ដោយ​កាំរស្មី​ ដែល​តម្រូវ​ឱ្យ​មានការពិគ្រោះ​យោបល់​​យ៉ាង​ល្អិត​ល្អន់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​ភ្នែក។
 
សូម​ជ្រាប​ថា ថ្វីបើ​មីញ៉ូបភ្នែក​ ជា​ទូទៅ​មិនមែន​ជា​ជំងឺមែន ប៉ុន្តែ​ជំងឺមីញ៉ូបក៏​អាច​បង្កហានិភ័យ​ខ្លះ​ដែរ​ដល់​សុខភាព​ភ្នែក ដោយ​អាច​នាំ​ឱ្យ​មាន​ជំងឺ​ភ្នែកធ្ងន់ធ្ងរ ដូច​ជា ជំងឺ​របើក​បាត​ភ្នែក ខូច​សរសៃ​ភ្នែក​Glaucome ឬ​ជំងឺ​ភ្នែក​ឡើង​បាយ។
 
មីញ៉ូប និង​ភាព​ឆ្លាត

តើ​អ្នក​មាន​ភ្នែកមីញ៉ូប ច្រើន​តែ​ឆ្លាតឬ ? អ្នក​វិទ្យាសាស្ត្រ​បាន​សិក្សា​ស្រាវជ្រាវ​ច្រើន អំពី​ចំណោទ​នេះ។ អ្នក​វិទ្យាសាស្ត្រ​បាន​សាកល្បង​ធ្វើ​តេស្ត​វាស់IQកំរិត​​ភាពឆ្លាត​វៃ​របស់​កុមារ។ ជាលទ្ធផល​ ក្មេង​មានភ្នែកមីញ៉ូប មានកំរិត​មធ្យមភាគនៃ​ភាព​ឆ្លាត​វាងវៃ ​ខ្ពស់ ជាង​ក្មេង​ដែល​មិនពាក់​វែនតា (គ្មាន​បញ្ហាភ្នែក​មីញ៉ូប)។ ពិត​ជាចម្លែកមែន​ និងកាន់​តែ​​ដូច​អ្វី​ដែល​គេ​ធ្លាប់​គិត​ធ្លាប់​ជឿ​មែនហើយ?! ចុះ​តើ​អ្នក​វិទ្យាសាស្ត្រមាន​អំណះអំណាង​អ្វី​សម្រាប់​មក​​ពន្យល់​អំពី​លទ្ធផល​ដ៏​គួរ​ឱ្យ​ចម្លែកនេះ​ទេ ?
 
អ្នកវិទ្យាសាស្ត្រ មានតម្រ៉ុយ​ពីរ​បី​ សម្រាប់​មកបំភ្លឺ​​ប្រស្នា​នេះ។
 
ទីមួយ ភ្នែក​របស់​អ្នកមីញ៉ូប ជា​ភ្នែកដែល​ទម្រង់​វែងជា​ភ្នែកធម្មតា (ហេតុដូច្នេះហើយ​បាន​គេ​មើលឆ្ងាយ​មិន​សូវច្បាស់ និង​ជាមូលហេតុ​ធម្មជាតិដែលនាំ​ឱ្យ​មីញ៉ូប)។ ហើយ​ហ្សែនមួយ​ដែល​ជា​ភ្នាក់ងារ​មានទំនួល​ខុស​ត្រូវ​លើ​ទំហំភ្នែក ទំនង​ជា​មានពាក់ព័ន្ធ​នឹង​ទំហំ និង​ការ​លូតលាស់​​របស់​ខួរក្បាល។ មាន​ន័យ​ថា​បើ​ភ្នែកមានអ័ក្ស​​វែង​ ខួរក្បាល​ក៏​ធំ​។ ហើយបើ​តាម​ការ​វិភាគ ​​​ហ្សែនដដែល​នេះ មាន​ឥទ្ធិពល​លើ​មីញ៉ូបផង លើ​ភាព​ឆ្លាតផង។ សមត្ថភាព​ចង​ចាំ សមត្ថភាពនិយាយ​ស្តី ឬពិចារណា មាន​​ជាប់​នឹង​ភាព​​មីញ៉ូបផង។ អ៊ីចឹង​ហើយ​បានជា​ក្មេង​មីញ៉ូប មាន​លទ្ធផល​ IQ ខ្ពស់​ជាងក្មេង​មិន​មីញ៉ូប។
 
ការ​សិក្សា​ថ្មី​ចុងក្រោយ របស់​​អ្នកស្រាវជ្រាវ​មួយ​ក្រុមផ្សេង បាន​មក​បំភ្លឺ​ប្រស្នា​ឱ្យ​កាន់​ច្បាស់​បន្ថែម។ អ្នក​ស្រាវជ្រាវបាន​សិក្សា​វិភាគ​បណ្តុំ​ហ្សែន (អាដេអិន) របស់​មនុស្ស​ជាង​បីសែន​នាក់។ នៅ​ក្នុងដំណាក់កាល​ដំបូង ពួក​គេគាត់​បាន​កំណត់​រក​ឃើញ​ហ្សែន​ឯករាជ្យ​ចំនួន​១៤៨ ដែល​មាន​​ពាក់ព័ន្ធ​​នឹងភាពវ័យឆ្លាត​ នឹងសមត្ថភាពរបស់​ខួរក្បាល។ បន្ទាប់​មក​ អ្នក​ស្រាវជ្រាវ​​បានសាកល្បង​​ស្វែង​រកនិង​ភ្ជាប់​​ទំនាក់ទំនង​​នៃ​កំរិត​ភាព​វ័យ​ឆ្លាត​ ទៅនឹង​ទម្រង់​អ្វី ផ្សេង។ ជា​លទ្ធផល​ អ្នក​មាន​កំរិត​បញ្ញា​ខ្ពស់ ត្រូវ​ការ​ជំនួយ​(កា​រមើល)​​ភ្នែក ដល់​ទៅ​២៨%លើស​អ្នក​ធម្មតា។

ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ក្រុមដដែល​នេះ ទទួល​ស្គាល់​ថា​ការ​សិក្សារបស់​ពួក​គេ​នៅ​មិន​គ្រប់​គ្រាន់​នឹងចេញ​សេចក្តី​សន្និដ្ឋាន​ជា​សា្ថពរ​ថា​មាន​ទំនាក់ទំនង​ផ្ទាល់​រវាង​ភាព​ឆ្លាតវ័យ​នឹង​ភ្នែកមីញ៉ូប​បាន​ទេ។
 
ជា​ចុងក្រោយ​ ការ​អាន អំណាន ជា​កត្តា​មួយ​សម្រួល​ឱ្យ​មាន​អាការៈ​មីញ៉ូបដែរ។ មិន​ដឹង​ថា​ជា​ចៃដន្យ​ឬ​មិនចៃដន្យទេ តែ​បើ​តាម​អ្នកវិទ្យាសាស្ត្រ ការ​​​អាន​ច្រើន ​ជា​ទម្រង់​មួយ​ភាព​ឆ្លាតវៀង​វៃ​របស់​មនុស្ស។ បើ​អាន​ច្រើន​ ការ​យល់​ដឹង​និង​ចំណោះ​ក៏​កើន​ច្រើន​ បញ្ញា​ក៏​កើនទៅ​តាម​នោះដែរ។
 
​គ្រប់​សម្មតិកម្មដែល​បាន​រៀប​រាប់​មកនេះ ត្រូវ​ការ​សិក្សា​បញ្ជាក់​បន្ថែម​ទៀត​សិន៕

Tag:
 (នាទីសុខភាពនិងអនាម័យ)
© រក្សាសិទ្ធិដោយ thmeythmey.com