អន្តរជាតិ
នូវែលសេឡង់ នឹងហាមឃាត់ការប្រើទូរសព្ទក្នុងសាលារៀននៅទូទាំងប្រទេស
01, Dec 2023 , 8:20 pm        
រូបភាព
រូបភាព Pixels
រូបភាព Pixels
ទូរសព្ទដៃ នឹងត្រូវបានហាមឃាត់នៅក្នុងសាលារៀន នៅទូទាំងនូវែលសេឡង់។ លោកនាយករដ្ឋមន្រ្តី Christopher Luxon ដែលមាននិន្នាការអភិរក្សនិយមបានលើកឡើងបែបនេះ នៅថ្ងៃទី១ ខែធ្នូ។ ការហាមឃាត់នេះ ធ្វើឡើងក្នុងគោលបំណងបង្កើនអត្រាអក្ខរកម្មក្នុងប្រទេសឡើងវិញ។

 
 
នូវែលសេឡង់ ធ្លាប់ជាប្រទេសមួយ ដែលមានអត្រាអក្ខរកម្មដ៏ល្អបំផុតនៅក្នុងពិភពលោក ប៉ុន្តែចំនួនអ្នកចេះអាន និងសរសេរនៅក្នុងប្រទេសមួយនេះ បានថយចុះជាលំដាប់ដែលធ្វើឱ្យអ្នកស្រាវជ្រាវព្រមានពី «វិបត្តិអក្ខរកម្ម»។ 
 
ទាក់ទិននឹងបញ្ហានេះ លោកនាយករដ្ឋមន្រ្តី Christopher Luxon នៅថ្ងៃទី១ ខែធ្នូ បានប្រកាសហាមឃាត់ការប្រើប្រាស់ទូរសព្ទក្នុងសាលារៀនទាំងអស់ នៅទូទាំងនូវែលសេឡង់ ក្នុងរយៈពេលត្រឹម១០០ថ្ងៃ នៃការកាន់តំណែងរបស់លោក។ គោលនយោបាយនេះ នឹងយកលទ្ធផលសាកល្បងពីអាម៉េរិក បារាំង និងអង់គ្លេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
«យើងនឹងហាមឃាត់ទូរសព្ទដៃនៅក្នុងសាលារៀន នៅទូទាំងនូវែលសេឡង់»។ ប្រមុខរដ្ឋាភិបាល ដែលទើបចូលកាន់តំណែងថ្ងៃទី២៧ ខែវិច្ឆិកា បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា នូវែលសេឡង់ចង់ឱ្យក្មេងៗផ្តោតលើការសិក្សា ហើយគ្រូបង្រៀន ផ្តោតលើការអប់រំ។ បើតាមប្រមុខរដ្ឋាភិបាលរូបនេះ ចំណាត់ការហាមឃាត់ទូរសព្ទដៃនៅក្នុងសាលា នឹងជួយសិស្សផ្តោតលើការសិក្សា និងបញ្ឈប់ការរំខាន។ 
 
កន្លងមក អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល Education Hub នៅនូវែលសេឡង់ បានព្រមានពីវិបត្តិអក្ខរកម្ម ក្នុងឆ្នាំ២០២២ បន្ទាប់ពីរកឃើញថា សិស្សអាយុ១៥ឆ្នាំច្រើនជាង ១ភាគ៣នៃ ពិបាកក្នុងការអាន និងសរសេរ។ 
 
ក្រោយពីចូលកាន់តំណែង លោក Luxon បានប្រឈមនឹងបញ្ហាចម្រូងចម្រាសជាច្រើន។ ជាក់ស្តែង វេជ្ជបណ្ឌិតនៅនូវែលសេឡង់ បានព្រមានពី សោកនាដកម្មសុខភាពសាធារណៈ បន្ទាប់ពីរដ្ឋាភិបាលលុបចោលវិធានការគ្រប់គ្រងថ្នាំជក់ ដែលហាមឃាត់ការលក់បារីដល់បុគ្គលកើតក្រោយឆ្នាំ២០០៨។ 
 
មិនតែប៉ុណ្ណោះ លោក Luxon បានអនុញ្ញាតឱ្យមានការរុករកហ្គាស និងប្រេងនៅក្នុងសមុទ្រនូវែលសេឡង់ផងដែរ ដែលផ្ទុយនឹងគោលនយោបាយរបស់អតីតនាយករដ្ឋមន្រ្តីលោកស្រី Jacinda Ardern ពាក់ព័ន្ធគោលនយោបាយបម្រែបម្រួលអាកាសធាតុ៕ 

Tag:
 (នូវែលសេឡង់
  ទូរសព្ទ)‌
© រក្សាសិទ្ធិដោយ thmeythmey.com