ជាតិ
អាមេរិកប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកវប្បធម៌ជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែម លោក Patrick W. Murphy (ឆ្វេង) និងលោកស្រី ភឿង សកុណា (ស្ដាំ) នៅប្រាសាទភ្នំបាខែងនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។
× សៀមរាប៖ សហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងបន្តជួយជួសជុលប្រាសាទភ្នំបាខែងក្នុងទំហំទឹកប្រាក់ ៤៥ម៉ឺនដុល្លារបន្ថែមទៀត លើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ជាមួយកម្ពុជា។
អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy លើកឡើងថា សហរដ្ឋអាមេរិក រីករាយក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគម្រោងអភិរក្ស និងជួសជុលប្រាសាទ ក៏ដូចជាការនាំវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ។ កម្ពុជាជាប្រទេសមួយ ក្នុងចំណោម៥ ដែលសហរដ្ឋអាមេរិកចូលរួមមើលលើវិស័យបេតិកភណ្ឌ ហើយប្រជាជនអាមេរិកក៏នឹងរីករាយដែរ ពេលបានឃើញថវិកាបង់ពន្ធរបស់ពួកគេបានជួយលើវិស័យមួយនេះ។ នេះជាការលើកឡើងរបស់លោក Patrick W. Murphy។
ចំពោះគម្រោងជួសជុលប្រាសាទភ្នំបាខែង លោកទូតបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានចាប់ផ្តើមជួយអង្គការមូលនិធិប្រាសាទពិភពលោក (WMF) ចាប់ពីឆ្នាំ២០០៤មក ហើយមកដល់ពេលនេះមានទំហំទឹកប្រាក់ប្រមាណ៤លានដុល្លារ។ លោកបន្ថែមថា ក្រៅពីប្រាសាទភ្នំបាខែង សហរដ្ឋអាមេរិកក៏បានជួយជួសជុលជណ្ដើរខាងជើង ប្រាសាទព្រះវិហារមួយផ្នែកផងដែរ។ សម្រាប់លោកទូត សហអាមេរិកនឹងបន្តជួយកម្ពុជា លើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ជាបន្តបន្ទាប់ទៀត។
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌នេះ គឺបង្ហាញពីការពេញចិត្ត ក៏ដូចជាការផ្តល់ប្រយោជន៍ពីគ្នា ទៅវិញទៅមករវាងប្រទេសទាំងពីរ។ លោកស្រីរដ្ឋមន្រ្តីបន្ថែមថា កន្លងមកសហរដ្ឋអាមេរិក បានជួយកម្ពុជាលើផ្នែកវប្បធម៌ជាច្រើន ពិសេសការនាំមកវិញនូវវត្ថុបុរាណ ដែលការងារនេះពិតជាលំបាកប្រសិនគ្មានការជ្រោមជ្រែងពីសហរដ្ឋអាមេរិក។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានថ្ងៃទី១ ខែធ្នូ នាប្រាសាទភ្នំបាខែង លោកស្រី ភឿង សកុណា បានប្រដូចការងារនេះ ដូចជាការនាំមកវិញនូវដួងព្រលឹងជាតិខ្មែរពីបុរាណយ៉ាងដូច្នោះដែរ។ លោកស្រីស្នើសុំសហរដ្ឋអាមេរិក បន្តគាំទ្រនិងសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យវប្បធម៌នេះបន្ថែម។ លោកស្រីបន្ថែមថា លើកិច្ចសហប្រតិបត្តិការនេះដែរ ថ្មីៗនេះកម្ពុជាបានបោះឆ្នោតគាំទ្រសមាសភាពសហរដ្ឋអាមេរិកក្លាយជាសមាជិកគណៈកម្មការប្រតិបតិ្តរបស់អង្គការយូណេស្គូ ដែលនេះបង្ហាញពីកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក។
ទន្ទឹមនឹងនេះដែរ លោកស្រីរដ្ឋមន្រ្តីវប្បធម៌ រំពឹងថាគម្រោងគាំទ្រការជួសជុលប្រាសាទភ្នំបាខែង របស់សហរដ្ឋអាមេរិកនៅពេលនេះ នឹងក្លាយជាកេរដំណែលមួយតំណាងពីការងារទៅវិញទៅមក រវាងប្រជាជននិងប្រជាជន រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ក៏ដូចជាសម្រាប់មនុស្សជាតិទាំងមូល៕
© រក្សាសិទ្ធិដោយ thmeythmey.com