ជាតិ
វីដេអូ
លោក កែវ រ៉េមី គាំទ្រដល់អ្នកស្រឡាញ់ភេទដូចគ្នា ដោយមិនទុកឱ្យឯកោ...
05, Dec 2023 , 7:59 pm        
រូបភាព
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ រូបភាពពីលោក IM Manith
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ រូបភាពពីលោក IM Manith
ភ្នំពេញ៖ លោក កែវ រ៉េមី ​ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​ប្រកាសគាំទ្រដល់អ្នកស្រឡាញ់ភេទដូចគ្នា និង​មិនទុកឱ្យពួកគេឯកោឡើយ។ លោក លើកឡើងបែបនេះ នៅក្នុង​កិច្ចសន្ទនាបន្តរវាង​សហគមន៍​អ្នកស្រឡាញ់ភេទដូចគ្នា និងរាជរដ្ឋាភិបាលកម្ពុជា​ អំពីការអនុវត្តអនុសាសន៍ការពិនិត្យឡើងវិញជាសាកលតាមកាលកំណត់ (យូ ភី អ) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី​ កាលពីថ្ងៃទី៤ ធ្នូ។



ក្នុងឱកាសអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងបណ្ដាញ អង្គការសង្គមស៊ីវិល បានរៀបចំកិច្ចសន្ទនាជាមួយតំណាងក្រសួង-ស្ថាប័នថ្នាក់ជាតិ និងអ្នកពាក់ព័ន្ធអំពីវឌ្ឍនភាពនៃជំហានបន្ទាប់ ដើម្បីជំរុញការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូស្រករភេទដូចគ្នានៅកម្ពុជា។ កិច្ចសន្ទនានេះ មានអ្នកចូលរួមប្រមាណ២០០នាក់ ដែលមានតំណាងពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, ក្រសួងមហាផ្ទៃ, អាជ្ញាធរមូលដ្ឋាន, សមាជិកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាមកពី២០រាជធានី/ខេត្ត, ឪពុកម្តាយ-សមាជិកក្រុមគ្រួសាររបស់អ្នកស្រឡាញ់ភេទដូចគ្នា។
 
ក្នុង​កម្មវិធីខាងលើ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​លើក​ទឹកចិត្ត​ដល់​ក្រុម​អ្នក​ស្រឡាញ់ភេទដូចគ្នាឱ្យចេះ​តស៊ូ​​ បន្តការ​ពារគ្នាទៅវិញទៅមក​ និងត្រូវធ្វើការ​វិជ្ជមានតាមជំនាញរៀងៗខ្លួន ដើម្បី​សង្គម​ជាតិកម្ពុជា​។ «ក្នុងនាមខ្ញុំជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមគាំទ្រដល់បងប្អូនកូនក្មួយទាំងអស់​ មិនឱ្យនៅឯកោ»។ នេះជាការបញ្ជាក់របស់លោក កែវ រ៉េមី ទៅកាន់ក្រុម​អ្នក​ស្រឡាញ់ភេទដូចគ្នា។
 
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖



​ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ តែងចូលរួមដោះស្រាយបញ្ហា និងផ្សព្វផ្សាយសិទ្ធិសេរីរបស់ពីអ្នកស្រឡាញ់ភេទដូចគ្នាដោយផ្ទាល់ និង​ប្រយោល។ លោក កែវ រ៉េមី ក៏បាន​សរសើរដល់​អ្នកស្រឡាញ់ភេទដូចគ្នា​ដែលចេះប្រឹងប្រែង​ជម្នះបញ្ហានានា និងខំពង្រីកសមត្ថភាព​ចូលរួម​អភិវឌ្ឍន៍សង្គម​។
 
ក្នុង​កិច្ចសន្ទនានេះ សមាជិកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាបានចែករំលែកសាច់រឿងរបស់ខ្លួន និងបានបន្ដកំណត់យកការទទួលបានសិទ្ធិសមភាពច្បាប់អាពាហ៍ពិពាហ៍ គឺជាអាទិភាពចម្បង ដើម្បីការពារសិទ្ធិស្មើគ្នាក្នុងផ្នែកអាពាហ៍ពិពាហ៍ និងគ្រួសារ។ សូម​បញ្ជាក់ថា សមភាពច្បាប់អាពាហ៍ពិពាហ៍ គឺជាអាទិភាពចម្បងដែលបានកំណត់ដោយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីធានានូវការមិនរើសអើង សមភាពពេញលេញ និងបរិយាប័ន្នសង្គមសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព «មិនទុកនរណាម្នាក់ចោល»៕













Tag:
 អ្នកស្រឡាញ់ភេទដូចគ្នា
  កែវ រ៉េមី​​
© រក្សាសិទ្ធិដោយ thmeythmey.com