ជាតិ
អូស្ត្រាលី ប្រកាសបន្ថែមថវិកាលើការអនុវត្តគម្រោងគណនេយ្យភាពសង្គមនៅកម្ពុជា
05, Dec 2023 , 5:39 pm        
រូបភាព
លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា
លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា
ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលី ធនាគារពិភពលោក គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ និងអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា បានប្រកាសបន្ថែមថវិកាចំនួន១៥លានដុល្លារអូស្រ្តាលី ដើម្បីបន្តអនុវត្តគម្រោងគណនេយ្យភាពសង្គម (ISAF)។ គម្រោងអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម ដំណាក់កាលទី២ ISAF II គឺចាប់ពីឆ្នាំ២០២៣-២០២៥។



គម្រោងអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម ដំណាក់កាលទី២ ISAF II (២០២៣-២០២៥) មានគោលបំណងជួយពលរដ្ឋ ក្នុងការស្វែងយល់អំពីសេវាសាធារណៈ ដែលពួកគេមានសិទ្ធិនឹងទទួលបាន ព្រមទាំងផ្តល់សិទ្ធិអំណាចដល់ពួកគេ ក្នុងការផ្តល់មតិកែលម្អជាប្រចាំលើគុណភាពនៃសេវាសាធារណៈ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជា។
 
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក ចាស្ទីន វ៉ាយអេត បានមានប្រសាសន៍ថា៖ «គម្រោងអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ នឹងបន្តបង្កើនទំនាក់ទំនងរវាងអ្នកផ្តល់សេវាសាធារណៈ និងអ្នកទទួលសេវាសាធារណៈ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ព្រមទាំងជួយឱ្យប្រជាជនកម្ពុជាទាំងអស់អាចមានលទ្ធភាពទទួលបានសេវាសាធារណៈផងដែរ។ យើងក៏សង្ឃឹម ថាដំណើរការនេះ នឹងជួយបង្កើនភាពជឿជាក់ និងភាពជាដៃគូនៅតាមថ្នាក់មូលដ្ឋាន»។
  


គម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ ទទួលបានថវិកាហិរញ្ញប្បទានក្រោមគម្រោង«ភាពជាដៃគូរវាងប្រទេសអូស្រ្តាលី និងធនាគារពិភពលោក ដើមី្បលើកកម្ពស់បរិយាបន្ន និរន្តរភាព និងសមធម៌នៅកម្ពុជា» ដែលបានផ្តល់ហិរញ្ញប្បទានបន្ថែមដល់មូលនិធិបរធនបាលកិច្ចរបស់ធនាគារពិភពលោកចំនួន ១៥លានដុល្លារអូស្រ្តាលី។
 
សម្រាប់លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា៖ «ការងារគណនេយ្យភាពសង្គម ជាផ្នែកមួយដ៏សំខាន់នៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់ការលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នារវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន»។
  


រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បន្តថា កិច្ចសហការជាមួយនឹងអង្គការជាតិ អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ នឹងអាចធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈនៅមូលដ្ឋាន សម្រាប់កុមារ និងពលរដ្ឋរាប់លានគ្រួសារនៅទូទាំងប្រទេសកម្ពុជា ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១។ 
 
ការពង្រឹង និងរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងដំណើរការ ដែលបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ នឹងពង្រឹងនូវតម្លាភាព និងកែលម្អគុណភាពសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង ស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
  


ដោយឡែកលោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានឱ្យដឹងថា អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា បានគាំទ្រការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គមតាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ ដោយបានរួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃសេវាសាធារណៈសំខាន់ៗ ដូចជា សេវានៅមណ្ឌលសុខភាព សាលាបឋមសិក្សា និងសេវារដ្ឋបាលនៅឃុំ/សង្កាត់ជាដើម ។
 
«ក្រោមជំនួយថវិកាបន្ថែមពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈធនាគារពិភពលោក យើងនឹងពង្រីកវិសាលភាពតំបន់ការងារគណនេយ្យភាពសង្គមជាមួយអង្គការដៃគូក្នុងស្រុក ដោយបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ ក្នុងឃុំគោលដៅសរុបចំនួន ១០៤៣ សាលាបឋមសិក្សាចំនួន ៤៦៣៣ និងមណ្ឌលសុខភាពចំនួន ៨២៦ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ៥ លាននាក់នៅត្រឹមឆ្នាំ ២០២៥»។ នេះជាការបញ្ជាក់បន្ថែមរបស់​លោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ៕

Tag:
 អូស្ត្រាលី
  ធនាគារពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com