កីឡាជាតិ
ជាតិ
ប្រណាំងកង់មិត្តភាព កម្ពុជា-ឡាវ-វៀតណាម៖ កម្ពុជាបានលេខ១ វិញ្ញាសាក្រុម និងលេខ២ ឯកកត្តជន
06, Dec 2023 , 12:29 pm        
រូបភាព
រូបភាព៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា.
រូបភាព៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា.
ក្រុមកីឡាករប្រណាំងកង់កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ វិញ្ញាសាកង់គួកបុរសជាក្រុម ក្នុងការប្រកួតកីឡាទោចក្រយានមិត្តភាព កម្ពុជា-ឡាវ-វៀតណាម ដែលរៀបចំនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ។ ដោយឡែក វិញ្ញាសាកង់គួកបុរសឯកកត្តជន កីឡាករកម្ពុជា សាន ណាម៉ាវ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ខណៈ កីឡាករវៀតណាម Le Thanh Hieu បញ្ចប់ក្នុងចំណាត់ថ្នាក់ទី១។



ការប្រកួតកីឡាទោចក្រយានមិត្តភាព កម្ពុជា-ឡាវ-វៀតណាម ដែលរៀបចំឡើងដើម្បីអបអរកិច្ចប្រជុំកំពូលសភារបស់ឡាវ បានប្រព្រឹត្តទៅពីថ្ងៃទី៣ និងបញ្ចប់នៅថ្ងៃទី៧ ខែធ្នូ។ នាការប្រកួតនៅព្រឹកថ្ងៃទី៦ ខែធ្នូ នៅខាងមុខវិមានរដ្ឋសភា ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្រុមកីឡាករប្រណាំងកង់កម្ពុជា បានចូលរួមប្រកួតប្រជែងជាមួយម្ចាស់ផ្ទះឡាវ និងវៀតណាម ក្នុងពីរវិញ្ញាសា ក្នុងនោះវិញ្ញាជាក្រុមបុរស និងឯកកត្តជន។
 
វិញ្ញាកង់គួកជាក្រុមបុរសរយៈចម្ងាយ៣២,៤គីឡូម៉ែត្រ (២២ជុំ) ក្រុមកម្ពុជា បញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ ឡាវលេខ២ និងវៀតណាមទទួលបានលេខ៣។ សម្រាប់វិញ្ញាសា ឯកកត្តជន​ កីឡាករវៀតណាម Le Thanh Hieu បញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ កីឡាករកម្ពុជា សាន ណាម៉ាវ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ និងកីឡាករវៀតណាម Dang Van Phap បានលេខ៣។
  


សូមបញ្ជាក់ថា កីឡាករកម្ពុជា១៥រូប ដឹកនាំដោយ លោក នូ ចំរើន អគ្គលេខាធិការកីឡាទោចក្រយានកម្ពុជា បានទៅចូលរួមការប្រកួតកីឡាទោចក្រយានមិត្តភាព កម្ពុជា-ឡាវ-វៀតណាម ក្នុងក្រុងវៀងច័ន្ទប្រទេសឡាវ ពីថ្ងៃទី៣-៧ ខែធ្នូ ឆ្នាំ២០២៣។
 
មិនត្រូវចូលរួមប្រកួត ដើម្បីអបអរកិច្ចប្រជុំកំពូលសភារបស់ឡាវឡើយ ការចូលរួមនេះក៏ជាការវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់ប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ៕



Tag:
 ទោចក្រយាន
© រក្សាសិទ្ធិដោយ thmeythmey.com