ជាតិ
USAID ប្រកាសគម្រោងការពារធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា
06, Dec 2023 , 2:29 pm        
រូបភាព
ប្រជាពលរដ្ឋនៅសហគមន៍សម្រស់កោះហាន ស្ថិតក្នុងខេត្តស្ទឹងត្រែង ដុតជ័រច្បោះ។ រូបភាព៖ ឈុំ ចន្ថា
ប្រជាពលរដ្ឋនៅសហគមន៍សម្រស់កោះហាន ស្ថិតក្នុងខេត្តស្ទឹងត្រែង ដុតជ័រច្បោះ។ រូបភាព៖ ឈុំ ចន្ថា
ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) កាលពីថ្ងៃទី៤ ធ្នូ បានប្រកាសបើកគម្រោងថ្មីមួយ ឈ្មោះថា «USAID អភិរក្ស» ដើម្បីគាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការពារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ និងលើកកម្ពស់ជីវភាពរបស់សហគមន៍នៅកម្ពុជា។ គម្រោងនេះ មានទឹកប្រាក់ ២៤លានដុល្លា សម្រាប់រយៈពេល៥ឆ្នាំ។


 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID Cambodia គម្រោង «USAID អភិរក្ស» នឹងពង្រីកការគាំទ្ររបស់ខ្លួនទៅដល់សហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ក្នុងខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ។ ក្រៅពីនោះ គម្រោងក៏នឹងអនុវត្តគំនិតផ្តួចផ្តើមថ្មីៗសម្រាប់សហគមន៍ទាំងឡាយ ដែលរស់នៅជុំវិញបឹងទន្លេសាប និងតាមតំបន់ឆ្នេរនៃខេត្តកោះកុង និងខេត្តព្រះសីហនុ ផងដែរ។ 
 
គម្រោងនេះ នឹងបង្កើតយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម នៅថ្នាក់ជាតិ ខេត្ត ស្រុក និងឃុំ ដែលផ្តោតលើការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់។ ជាមួយគ្នានេះ USAID ប្ដេជ្ញាពង្រីកការគាំទ្របន្តទៅលើគម្រោង ហិរញ្ញប្បទានកាបូនព្រៃឈើ ដែលធ្លាប់បានទទួលជោគជ័យកន្លងមក តាមរយៈការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍគម្រោងប្ល៊ូកាបូននៅក្នុងតំបន់ព្រៃលិចទឹក និងតំបន់ឆ្នេរកម្ពុជា។ 
 
លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃ USAID បានលើកឡើងថា គម្រោង «USAID អភិរក្ស» បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តចំពោះការធ្វើមូលដ្ឋានីយកម្មនៃជំនួយអភិវឌ្ឍន៍របស់អាមេរិក។ 
 
តាមរយៈគម្រោងនេះ USAID នឹងផ្ដល់ការគាំទ្រដល់សហគមន៍ក្នុងការបង្កើតការងារក្នុងស្រុក ដោយផ្អែកលើការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ទុនឯកជនដើម្បី វិនិយោគក្នុងដំណោះស្រាយរយៈពេលវែងចំពោះវិបត្តិអាកាសធាតុ។ តាមរយៈវិធីសាស្រ្តនេះ គម្រោង «USAID អភិរក្ស» នឹងផ្តល់ការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវអព្យាក្រឹតកាបូននៅ ឆ្នាំ២០៥០៕ 
 

Tag:
 USAID
  អភិរក្សជីវៈចម្រុះ
  បរិស្ថាន
  តំបន់ការពារធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com