កីឡាជាតិ
ជាតិ
អ្នកលេងគុន ៖ អ្នកលេងគុនល្បុក្កតោ ៧គូ ត្រៀមខ្លួនរួចរាល់ក្នុងការប្រជែងគ្នាដណ្តើមជើងឯក
06, Dec 2023 , 9:22 pm        
រូបភាព
ការប្រកួតពានរង្វាន់«អ្នកលេងគុន» ដែលត្រៀមបង្ហាញអំពីក្បាច់គុនល្បុក្កតោ និងលើកម្ពស់ក្បាច់គុនបុរាណខ្មែរ ដោយមានការចូលរួមប្រកួតប្រជែងពីកីឡាករមកពីប្រទេសចំនួន ៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញសមាសភាពគូប្រកួតចំនួន ៧គូ បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតអង្រួនលើវាលលេងគុន ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នាពេលខាងមុខ។



ការប្រកួតអ្នកលេងគុន នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ នៅក្នុងវិមានអូឡាំពិក នៃពហុកីឡដ្ឋានអូឡាំពិក វេលាម៉ោង ៦:៣០នាទី ល្ងាច។ ការប្រកួតមានការចូលរួមពីកីឡាកររបស់កម្ពុជាដែលជាម្ចាស់ផ្ទះផ្ទាល់ កីឡាករមកពីប្រទេស វៀតណាម, ហ្វីលីពីន, ឥណ្ឌូណេស៊ី និង ឡាវ។ កីឡាករចូលរួមប្រកួត មានទាំងអ្នកគុនល្បុក្កតោ ប្រដាល់ សាំបូ MMA និងជឺជីតស៊ូ ជាដើម។ 
 
បើតាមការផ្សាយរបស់កម្មវិធីអ្នកលេងគុន នៅលើគេហទំព័រហ្វេសបុកផេក នារាត្រីថ្ងៃទី៦ ខែធ្នូ កីឡាករទាំង ៥ប្រទេស រកឃើញដៃគូប្រកួតរបស់ខ្លួន។ សម្រាប់ជំនួបដ៏ពិសេសចុងក្រោយបង្អស់ កីឡាករខ្មែរដ៏ល្បីដែលធ្លាប់បានបង្ហាញខ្លួននៅលើសង្វៀន MMA ចាន់ រតនា នឹងបង្ហាញខ្លួនក្នុងការប្រកួតក្បាច់គុនបុរាណខ្មែរលើកដំបូងក្នុងប្រទេសកំណើតថែមទៀត។
 
ខាងក្រោមនេះជាអ្នកលេងគុនទាំង ៧គូ ដែលនឹងត្រៀមប្រកួតប្រជែងគ្នា៖
 
១ (ទម្ងន់ ៥៤គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជារន្ទះជើងព្យុះសមុទ្រ ពេជ្រ ពន្លឺ ត្រូវប៉ះជាមួយ អ្នកលេងគុនល្បុក្កតោឡាវកំដាប់ដៃតាន់ Honggvixay sivilay
 
២ (ទម្ងន់ ៥៣គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជាកំដាប់ដៃដែក ពេជ្រ ខាំតៃ ជួបសួរសុខទុកជាមួយនឹង អ្នកលេងគុនល្បុក្កតោវៀតណាម កំលោះសង្ហារជើងរន្ទះ ដៃឥតស្រមោល Hoang Phuc Thuan 
 
៣ (ទម្ងន់ ៦៣គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជាជង្គង់ទិព្វរាងសង្ហារ ស៊ូ កក្កដា តតាំងជាមួយអ្នកលេងគុនល្បុក្កតោកឥណ្ឌូនេស៊ី ខ្លាស្ទាវឃ្លានចំនី Muhammad yunus dhae atu
 
៤ (ទម្ងន់ ៥១គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជាដៃរន្ទះ កែងទាលោហិត ណាង សុវណ្ណ ជួបជាមួយនឹង អ្នកលេងគុនល្បុក្កតោវៀតណាម កណ្ដុសរមានពិស Pham Van Giang
 
៥ (ទម្ងន់ ៦០គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជា ខ្លាខ្មៅកំណាចមុខតាន មាស រាជៈ ប៉ះ ជាមួយនឹងអ្នកលេងគុនឥណ្ឌូនេស៊ីនាគកំណាច SanJaya Hutagaol
 
៦ (ទម្ងន់ ៦៥គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជាឥន្រ្ទីពិឃាតក្រញាំភ្លើង រិន សារ័ត្ន នឹងសាកក្បាច់គុនជាមួយនឹង អ្នកលេងគុនល្បុក្កតោហ្វីលីពីនស្ដេចពស់វែក Jiar Orlando Castillo
 
៧ (ទម្ងន់ ៦២គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជា ស្ដេចតោ ចង្គោមពិឃាត ចាន់ រតនា ស្កាតជួបគ្នាជាមួយ អ្នកលេងគុនល្បុក្កតោហ្វីលីពីន ក្របីឡើងករ ស្រេកឃ្លានជ័យជំនះ John Mc Leary Ornido៕
 

© រក្សាសិទ្ធិដោយ thmeythmey.com