កីឡាជាតិ
ជាតិ
ចេះ៨ក្បាច់គុន តែ ចាន់ រតនា នឹងប្រើក្បាច់ល្បុក្កតោប្រកួត «អ្នកលេងគុន»
07, Dec 2023 , 11:22 am        
រូបភាព
ចាន់ រតនា នឹងប្រើក្បាច់គុនបុរាណខ្មែរ ជាពិសេសល្បុក្កតោ ប្រកួតក្នុងកម្មវិធី«អ្នកលេងគុន»។ ចាន់ រតនា ដែលជាកីឡាករគុនចម្រុះ ប្ដេជ្ញាធ្វើឱ្យបានល្អ សម្រាប់ការប្រកួតអ្នកលេងគុន ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ធ្នូ។


 
កីឡាករនិយមក្បាច់គុនរូបនេះ ចេះគុនយុទ្ធក្រម, ល្បុក្កតោ , ប្រដាល់ , តេក្វាន់ដូ, ហាប់គីដូ, វ៉ូវីណាម, សាំបូ និង MMA ។ ប៉ុន្តែសម្រាប់ការប្រកួតអ្នកលេងគុនវិញ រូបគេនឹងប្រើប្រាស់ក្បាច់គុនបុរាណខ្មែរ ដើម្បីលើកកិត្តិយសជាតិ។
 
សម្រាប់ការប្រកួតមួយនេះ ចាន់ រតនា ហាក់មានការបារម្ភតិចតួចដែរ លើកម្លាំង ដោយសារតែគូប្រកួតរបស់គេ មានវ័យជាង២០ឆ្នាំ។ តែបើផ្អែកលើបច្ចេកទេសវិញ ចាន់ រតនា ជឿជាក់យ៉ាងច្បាស់លើសមត្ថភាពខ្លួន ដែលមានបទពិសោធន៍ច្រើនលើវាលប្រយុទ្ធ។

 

កីឡាករក្បាច់គុនចម្រុះកម្ពុជា ចាន់ រតនា ត្រូវប្រកួតជាមួយកីឡាករ John Ornido សញ្ជាតិហ្វីលីពីន លើប្រភេទទម្ងន់ ៦២គីឡូក្រាម ក្នុងការប្រកួតអ្នកលេងគុន។ សម្រាប់កីឡាករ Ornido ដែលមានសញ្ជាតិហ្វីលីពីនរូបនេះ កំពុងតែហ្វឹកហាត់ត្រៀមខ្លួនយ៉ាងខ្លាំង សម្រាប់ការប្រកួតកម្មវិធីអ្នកលេងគុន ។ ដើម្បីត្រៀមលក្ខណៈក្នុងការប្រកួតអ្នកលេងគុន ទល់នឹងកីឡាករ ចាន់ រតនា , កីឡាករ Ornido បានហ្វឹកហាត់ទៅលើប្រភេទយុទ្ធគុនចម្រុះជាច្រើន និងតែងតែផ្លាស់ប្តូរទីតាំងហ្វឹកហាត់ពីទីក្រុងមួយទៅទីក្រុងមួយ ក្នុងប្រទេសហ្វីលីពីន។
 
មុនការប្រកួតកម្មវិធី អ្នកលេងគុន មកដល់កីឡាករ Ornido ក៏បាននិយាយផ្តាំផ្ញើទៅកាន់កីឡាករ ចាន់ រតនា ជាដៃគូ ថាគេក៏ជាជើងខ្លាំងមួយរូបផងដែរសម្រាប់ការប្រកួតលើកនេះ។ «ខ្ញុំធ្លាប់បានឮអំពីក្បាច់គុនបុរាណខ្មែរសម្បូរទៅដោយបច្ចេកទេសជាច្រើនក្នុងការប្រយុទ្ធ លាយឡំជាមួយនឹងស្នៀតជាច្រើន តែខ្ញុំក៏ជាម្ចាស់ជើងឯកការប្រកួតជាច្រើន ដូច្នេះចាំជួបគ្នាក្នុងពេលខាងមុខ ក្នុងប្រកួត«អ្នកលេងគុន។»។ កីឡា John Mcleary Ornido បាននិយាយតាមរយៈវីដេអូឃ្លីបអំពីការប្រកួតក្នុងកម្មវិធី អ្នកលេងគុន បែបនេះ។

 

លោក សយ ផាន់និច និងលោក វី តារ៉ា ដែលជាដឹកនាំរៀបចំកម្មវិធី«អ្នកលេងគុន» នេះ បានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះ ដើម្បីគាស់កកាយក្បាច់គុន និងបច្ចេកទេសក្បួនបុរាណ មកបង្ហាញទស្សនិកជន និងពិភពលោក ឱ្យបានស្គាល់កាន់តែច្បាស់មួយកម្រិតទៀត ពីវប្បធម៌ក្បាច់គុនរបស់ខ្មែរ។ ជាពិសេសផ្ដល់ឱកាសថ្មីមួយទៀត ដល់កីឡាករ កីឡាការិនី អ្នកស្រឡាញ់វិស័យក្បាច់គុនបុរាណរបស់ខ្មែរ មានជម្រើសច្រើន សម្រាប់ការប្រកួតប្រជែង ក្រៅពីហាត់ដើម្បីការពារខ្លួន និងសុខភាព។
 
ម្យ៉ាងវិញទៀត កម្មវិធី«អ្នកលេងគុន» នេះ ក៏ជាផ្នែកមួយ លើកស្ទួយវិស័យគុនល្បុក្កតោខ្មែរ ក្នុងឆាកអន្តរជាតិដែរ តាមរយៈការប្រកួតកម្រិតអាជីពដំបូងគេ នៅកម្ពុជា។ នេះបើតាមលោក សយ ផាន់និច ដែលបានបន្ថែមថា កន្លងមកការប្រកួតគុនល្បុក្កតោននេះ មានត្រឹមតែការសម្ដែង និងការប្រកួតបែបកីឡាប៉ុណ្ណោះ ដោយមិនទាន់់មានការប្រកួតកម្រិតអាជីពលក្ខណៈអន្តរជាតិ សម្រាប់ឱ្យកីឡាករ កីឡាការិនី បានបញ្ចេញក្បាច់ និងស្នៀតឱ្យអស់ពីសមត្ថភាពឡើយ៕

Tag:
 ល្បុក្កតោ
  អ្នកលេងគុន
© រក្សាសិទ្ធិដោយ thmeythmey.com