សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌាមានកំណើនសេដ្ឋកិច្ចល្អជាងគេក្នុងចំណោមប្រទេសធំៗ
08, Dec 2023 , 8:39 am        
រូបភាព
ប្រជាជនឥណ្ឌាលើកទង់ជាតិអបអរយានអវកាស Chandrayaan-3 ហោះជោគជ័យទៅឋានព្រះច័ន្ទនៅទីក្រុងញូវដេលី ។ រូបភាព ៖  AFP
ប្រជាជនឥណ្ឌាលើកទង់ជាតិអបអរយានអវកាស Chandrayaan-3 ហោះជោគជ័យទៅឋានព្រះច័ន្ទនៅទីក្រុងញូវដេលី ។ រូបភាព ៖ AFP
ឥណ្ឌាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៦ភាគរយនៅត្រីមាសទី៣។ សម្រាប់ឆ្នាំ២០២៣ ធនាគារកណ្តាលប្រទេសនេះរំពឹងមានកំណើនសេដ្ឋកិច្ចដល់៦,៥ភាគរយ។

 
ឥណ្ឌាជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចល្អបំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗលើពិភពលោក។ សញ្ញាណនៃការលូតលាស់សេដ្ឋកិច្ចដ៏ប្រសើររបស់ឥណ្ឌា ព្រោះតែកំណើនយ៉ាងរឹងមាំនៃការប្រើប្រាស់ទំនិញដោយសារសម្ពាធអតិផរណាធូរស្រាល។ 
 
ស្ថិតិដែលចេញផ្សាយដោយរដ្ឋាភិបាលឥណ្ឌាកាលពីសប្តាហ៍មុនបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី៣ ឆ្នាំនេះបានកើនឡើងដល់ ៧,៦ភាគរយធៀបគ្រាដូចគ្នាឆ្នាំមុន។ កំណើននេះទាបជាងបន្តិចប៉ុណ្ណោះបើធៀបអត្រា ៧,៨ភាគរយដែលសម្រេចបាននៅក្នុងត្រីមាសទី២។
 
ប្រមុខសេដ្ឋវិទូធនាគារ Barclays Bank India លោក Rahul Bajoria បានប្រាប់កាសែត Wall Street Journal ថា កំណើនសេដ្ឋកិច្ចឥណ្ឌាភាគច្រើនបានមកពីតម្រូវការក្នុងស្រុក ការវិនិយោគសាធារណៈ និងសុទិដ្ឋិនិយមរបស់អ្នកប្រើប្រាស់។ អ្នកជំនាញរូបនេះបានបញ្ជាក់ថា កំណើនឥណទាន ការពង្រាយការប្រើប្រាស់អគ្គិសនី និងសូចនាករសំខាន់ៗផ្សេងទៀតសុទ្ធសឹងតែជារូបភាពនៃស្ថិរភាពសេដ្ឋកិច្ច។  
 
បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំណើនសេដ្ឋកិច្ចចិននៅឆ្នាំនេះអាចស្ថិតនៅអត្រា៥,៤ភាគរយ ខណៈឥណ្ឌាអាចកើនដល់ ៦,៣ភាគរយឯណោះ។ សម្រាប់ធនាគារកណ្តាលឥណ្ឌា (RBI) រំពឹងថាសេដ្ឋកិច្ចឥណ្ឌានឹងកើនដល់ ៦,៥ភាគរយ។
 
សកម្មភាពទិញដូរទំនិញបានកើនឡើងជាបន្តបន្ទាប់នៅត្រីមាសទី៤ ជាពិសេសក្នុងអំឡុងមានពិធីបុណ្យសំខាន់ៗនាចុងឆ្នាំនេះ ដែលអាចជួយបង្កើនការចំណាយរបស់ប្រជាជន។ ក្នុងខែតុលាឆ្នាំនេះ ការលក់រថយន្តនៅឥណ្ឌាបានកើនឡើង ១៥,៩ភាគរយធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ នេះបើតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តឥណ្ឌា (SIAM)។
 
ក្រោយពីការឡើងថ្លៃទំនិញនៅត្រីមាសទី៣ ពេលនេះអតិផរណារបស់ឥណ្ឌាបានធូរស្រាលបន្តិច។ អតិផរណាសម្រាប់តម្លៃទំនិញលក់រាយនៅខែតុលាធៀបគ្រាដូចគ្នាឆ្នាំមុនមានត្រឹមតែ ៤,៧៨ភាគរយ។ អត្រានេះទាបជាងឆ្ងាយពីខែកក្កដាដែលមានដល់ ៧,៤ភាគរយ៕
 

Tag:
 ឥណ្ឌា
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com