RFI
អន្តរជាតិ
របាយការណ៍ OCDE៖ កូន​សិស្ស​នៅ​អាស៊ី​ខ្លាំង​ជាងគេ តែ​ធ្លាក់​ពិន្ទុ ​គួរ​ឲ្យ​កត់​សម្គាល់
09, Dec 2023 , 8:39 am        
រូបភាព
រូបភាព តំណាង។ ការប្រលងចូលសកលវិទ្យាល័យជប៉ុន ឆ្នាំ២០១៣។ AP
រូបភាព តំណាង។ ការប្រលងចូលសកលវិទ្យាល័យជប៉ុន ឆ្នាំ២០១៣។ AP
ដោយ៖ហេង ឧត្តម/ RFI
 
បណ្តាប្រទេស​នៅ​អាស៊ី ​​ជាប់​ឈ្មោះ​នៅ​តារាង​លើគេ​បំផុត ដែល​ជាប្រទេស​មាន​កូន​សិស្សឆ្លាត​​ឈ្លាសវៃខាង​វិទ្យាសាស្ត្រ ពូកែគណិតវិទ្យា និង​អំណាន ហើយនិង ​បាន​ចំណាត់​ថ្នាក់​ល្អ។ នេះបើតាម​របាយការណ៍​សិក្សា​ស៊ើបអង្កេតថ្មី ស្តីពី​ការ​អប់រំ  របស់​​ អង្គការ​អន្តរជាតិ​សហប្រតិបត្តិការនិង​អភិវឌ្ឍ​សេដ្ឋកិច្ច​ OCDE ដែល​បាន​ធ្វើ​តេស្តស្ទង់​សមត្ថភាព​ចំណេះ​ដឹង​របស់​កូនសិស្ស វ័យ​ ១៥ ឆ្នាំ មកពី​ជាង ៨០ ប្រទេស។ របាយការណ៍ថ្មី​​នេះ​ បញ្ជាក់ថា បើ​ទោះបី​ជា​ប្រទេស​អាស៊ី​ជាប់ថ្នាក់​ខ្ពស់​ក្តី តែ​ពិន្ទុ​របស់​កូន​សិស្ស​ហាក់​ធ្លាក់​ចុះ​ទាប បើ​ធៀប​នឹង​ឆ្នាំ២០១៨។ តើនេះព្រោះហេតុអ្វី​?


 
សិស្ស​អាស៊ី ឈាន​នាំមុខ​គេ​ខាង​ការ​សិក្សា! បុរីរដ្ឋ សិង្ហបុរី បាន​ជាប់ឈ្មោះសាជាថ្មី​​ទៀត ខាងមាន​កូន​សិស្ស​ពូកែ​ៗ។ ម្តង​ឆ្នាំ២០១៦ និងម្តងនេះទៀត សម្រាប់ឆ្នាំ២០២២។ បន្ទាប់ពី សិង្ហបុរី គឺ​មានបន្តកន្ទុយ​ដោយ​​ ម៉ាកាវ តៃវ៉ាន់ ហុងកុង ជប៉ុន និងកូរ៉េខាងត្បូង ដែល​សុទ្ធសឹងតែ​ពូកែ​ឆ្នើមៗ ខាង​គណិតវិទ្យា វិទ្យាសាស្ត្រ និង​អំណាន​។ នេះបើតាម​របាយការណ៍​​​​ស៊ើបអង្កេត​តាមដាន​ការ​អប់រំ ឈ្មោះថា PISA (Program for International Student Assessment)  ដែល​ជា​ផ្នែក​មួយ​របស់ អង្គការអន្តរជាតិសហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច OCDE។
 


 
ចាប់ពីឆ្នាំ​២០០០មក PISA បាន​ស្រាវជ្រាវ និង​ដាក់​វិញ្ញាសា​ប្រកួត​ប្រជែង​ដល់​កូន​សិស្ស​សាលា​ទូទាំង​ពិភពលោក។  តាមទម្លាប់ ​គេត្រូវ​ចេញ​របាយការណ៍​ ៣ ឆ្នាំម្តង។​ របាយការណ៍​សិក្សា​ស៊ើបអង្កេតថ្មី​របស់​ PISA នេះ បាន​ធ្វើ​ឡើង ក្នុង​ឆ្នាំ២០២២ តែ​ទើប​សម្រេច​ចេញផ្សាយ​ ដើម​ខែធ្នូ ២០២៣ ​នេះ​។ ក្នុងនោះ ​មាន​កូន​​សិស្សសាលា ចំនួន ៦៩០ ០០០ នាក់ មក​ពី​ ៨១ ប្រទេស បាន​ចូលរួម​ធ្វើ​តេស្ត​សមត្ថភាព។ ពួក​គេ​សុទ្ធតែ​មាន​អាយុ​ត្រឹម ១៥ ឆ្នាំ​ ដែល​ត្រូវបញ្ចេញ​សមត្ថភាព​ចំណេះដឹង​​ លើវិញ្ញាសាវិទ្យាសាស្ត្រ គណិតវិទ្យា និង​អំណាន​អត្ថបទ​។
 
អ្នក​ជំនាញ​ការសិក្សា​របស់​ OCDE អ្នក​ស្រី Irène Hu បាន​កត់​ស្គាល់​​ថា ពិន្ទុរបស់​សិស្ស​បា​នធ្លាក់​ចុះ​យ៉ាងគំហុក​។ ជាក់ស្តែង ​ក្នុងរង្វង់​​ប្រទេស​សមាជិក​ OCDE គឺ មុខវិជ្ជា​ គណិតវិទ្យា ​ធ្លាក់​ចុះ ដល់ ​១៥ ពិន្ទុ បើ​ធៀប​នឹង​ឆ្នាំ ​២០១៨​។ ផ្នែក​អំណាន ធ្លាក់​១០ពិន្ទុ។​ នេះក៏ព្រោះតែ​ផលប៉ះពាល់ព្រោះតែ​​វិ​បត្តិ​ជំងឺ​កូវីដ​១៩។
 
ក៏ប៉ុន្តែ អ្នក​ជំនាញ​មួយ​រូប​ទៀត គឺលោក Eric Charbonnier បាន​បញ្ជាក់​ថា គេ​មិនត្រូវ​ទម្លាក់​កំហុស​តែទៅលើ​​ជំងឺកូវីដ ១ មុខ​​ទេ។ តាមពិតទៅ កម្រិត​ចំណេះ​ចេះ​ដឹង​សមត្ថភាព​កូនសិស្ស គឺ​មាន​ទំនោរ​ធ្លាក់​ចុះ​ជាទូទៅ​ ទៅហើយ នៅ​រវាង​១០-១៥ឆ្នាំ ចុងក្រោយ​មកនេះ​។ ពោលគឺ មិនមែន​ព្រោះតែ​បិទសាលា​ ១រដូវកាល​កូវីដ ធ្វើឲ្យ​កូន​សិស្ស​ធ្លាក់​ពិន្ទុនោះឡើយ។
 
បើតាម​អ្នកជំនាញ​អប់រំដដែល ​មានកត្តា​ផ្សេងទៀត ដែល​នាំ​កូន​សិស្ស​ធ្លាក់​ពិន្ទុ ចុះ​ខ្សោយ នោះគឺ វិបត្តិខ្វះ​​គ្រូ​បង្រៀនដែល​មាន​គុណភាព​ ខ្វះ​​វិធី​បង្រៀន​ឲ្យ​ទាក់ទាញ​  ខ្វះ​ការ​ចូលរួម​​ជ្រោម​ជ្រែងជួយ​ដល់កូន​សិស្ស​និង​គ្រូ ឬ​ខ្វះ​កិច្ចសហការគ្នា​ល្អ​នៅ​ស្ថាប័ន​សិក្សា ហើយ​មួយ​ទៀត គឺ​ខ្វះ​ការ​យកចិត្តទុកដាក់​អំ​ពី​គ្រួសារ​ក្នុងការ​សិក្សា​រៀន​​សូត្រ​​របស់កូន៕​​​
 

© រក្សាសិទ្ធិដោយ thmeythmey.com