ជាតិ
ទិវានំប្រពៃណីចាម្ប៍ឆ្នាំទី២ នាំយកនំប្រពៃណីចាម្ប៍៦មុខមកបង្ហាញដល់សាធារណជន
09, Dec 2023 , 10:39 am        
រូបភាព
ការតាំងបង្ហាញនំប្រពៃណីចាម្ប៍នៅក្នុងពិព័រណ៍ម្ហូបអាហារដែលធ្វើឡើងនៅខេត្តសៀមរាប កំឡុងខែវិច្ឆិកា ឆ្នាំ២០២១។
ការតាំងបង្ហាញនំប្រពៃណីចាម្ប៍នៅក្នុងពិព័រណ៍ម្ហូបអាហារដែលធ្វើឡើងនៅខេត្តសៀមរាប កំឡុងខែវិច្ឆិកា ឆ្នាំ២០២១។
សៀមរាប៖ ក្រុមយុវជនចាម្ប៍ និងវប្បធម៌ បានប្រកាសពីការរៀបចំទិវានំប្រពៃណីចាម្ប៍ឆ្នាំ២០២៣នេះ ដោយនាំយកនំប្រពៃណីប្រមាណ៦មុខពីខេត្តផ្សេងៗ មកតាំងបង្ហាញ និងឱ្យសាធារណជនបានភ្លក់។

 
លោកស្រី ម៉ាត់ ម៉ៃសំ អនុប្រធានយុវជនចាម្ប៍ និងវប្បធម៌ បានប្រាប់សារព័ត៌មានថ្មីៗថា នេះជាឆ្នាំទី២ដែលក្រុមរបស់ខ្លួនផ្តួចផ្តើមគំនិតរៀបចំទិវានំនេះឡើង ដោយឆ្នាំដំបូងរៀបចំនៅឆ្នាំ ២០២១ ហើយនៅឆ្នាំ២០២២ គម្រោងនេះបានផ្អាក។ លោកស្រី បញ្ជាក់ថា ក្រុមយុវជនចាម្ប៍ចង់រៀបចំទិវានេះជាប្រចាំឆ្នាំ ក្នុងបំណងឱ្យយុវជនចាម្ប៍រួបរួមសាមគ្គី ស្គាល់គ្នាទៅវិញទៅមក ក៏ដូចជាបង្ហាញដល់ប្រជាជនខ្មែរ និងជាតិសាសន៍ឱ្យបានស្គាល់ និងភ្លក់រសជាតិនំប្រពៃណីចាម្ប៍ផងដែរ។
 
នៅឆ្នាំនេះ នឹងកាន់តែពិសេស គឺមាននំចំនួន៦មុខផ្សេងៗដែលនាំយកពីខេត្តកំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ ដែលសុទ្ធសឹងជានំប្រពៃណីរបស់សហគមន៍ចាម្ប៍តែងធ្វើសម្រាប់ពិសា ពិសេសនៅពេលមានបុណ្យទានសំខាន់ៗ។ នំទាំងនោះរួមមាន នំហៅប៉ាក់ (នំផ្កា), លឺទ្រាំ, តប៉ៃជាល(នំសំបុកចាប), តប៉ៃក្រាស់, ក្រាម និងនំពុម្ព។ លោកស្រី ម៉ាត់ ម៉ៃសំ រំពឹងថា នៅឆ្នាំនេះនឹងមានសាធារណជន ចូលរួមគាំទ្រច្រើន ព្រោះមានសាអ្នកខ្លះធ្លាប់បានចូលរួមរួចហើយកាលពីឆ្នាំដំបូង ពិសេសសម្រាប់អ្នកដែលចាប់អារម្មណ៍នឹងនំប្រពៃណី ក៏ដូចជាចង់ស្វែងយល់ពីវប្បធម៌ចាម្ប៍។


ការតាំងបង្ហាញនំប្រពៃណីចាម្ប៍នៅក្នុងពិព័រណ៍ម្ហូបអាហារដែលធ្វើឡើងនៅខេត្តសៀមរាប កំឡុងខែវិច្ឆិកា ឆ្នាំ២០២១។
 
ទិវានំប្រពៃណីចាម្ប៍ឆ្នាំនេះ គ្រោងធ្វើឡើងនៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា នៅរសៀលម៉ោង៤កន្លះ ថ្ងៃទី១០ ខែធ្នូ។ នាយកមជ្ឈមណ្ឌលបុប្ផាណា លោក ជា សុភាព បានឱ្យដឹងថា៖« បុប្ផាណាជាកន្លែងមជ្ឈមណ្ឌលមួយសម្រាប់កម្ពុជា ដូច្នេះបុប្ផាណាមានបំណងចង់បង្ហាញភាពចម្រុះវប្បធម៌នៅកម្ពុជាដល់សាធារណជន មានតែការយល់គ្នាផ្នែកវប្បធម៌ទេ ទើបយើងអាចរស់នៅជាមួយគ្នាប្រកបដោយសុខុដុមរម្យនា មិនថាការបង្ហាញវប្បធម៌ជនជាតិខ្មែរ ចាម ក្រឹង ទំពួនទេ យើងតែងផ្តលឱកាស ក្នុងការបង្ហាញវប្បធម៌ទាំងនោះឱ្យមានភាពចម្រុះពណ៌»។ 
 
ក្នុងនាមមជ្ឈមណ្ឌលបុប្ផាណា លោក ជា សុភាព យល់ថា ពិតជាមានសារសំខាន់ណាស់ ដែលជនជាតិចាម្ប៍ព្យាយាមបង្ហាញវប្បធម៌ និងប្រពៃណីរបស់ខ្លួនទៅកាន់ជាតិសាសន៍ដ៏បានស្គាល់ ព្រោះថា ការបង្ហាញវប្បធម៌មានតម្លៃជាសាកល ហើយដែលប្រជាជនកម្ពុជាផ្ទាល់ គួរស្វែងយល់។ ហើយតាមរយៈទិវានំប្រពៃណីនេះ ក៏ជាឱកាសដែលជនជាតិចាម្ប៍ផ្ទាល់ អាចបង្ហាញវប្បធម៌ខ្លួនទៅកាន់ជនជាតិផ្សេងៗទៀត៕


ការតាំងបង្ហាញនំប្រពៃណីចាម្ប៍នៅក្នុងពិព័រណ៍ម្ហូបអាហារដែលធ្វើឡើងនៅខេត្តសៀមរាប កំឡុងខែវិច្ឆិកា ឆ្នាំ២០២១។

 

Tag:
 ទិវានំប្រពៃណីចាម្ប៍២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com